សត្តបុគ្គលនៃ ថ្ងៃទី30 ខែកញ្ញា

SAINT GREGORY THE ENLIGHTENER, BISHOP OF ARMENIA


ហ្គ្រេហ្គោរី (Gregory) កើតក្នុងគ្រួសារដ៏ឆ្នើមមួយដែលមានសម្ព័ន្ធភាពជាមួយរាជវង្សពែរ្ស (King Arteban) និងរាជវង្សអាមេនី (King Khosrov)។ នៅពេលរាជវង្សទាំងពីរធ្វើសង្គ្រាមនឹងគ្នា ហ្គ្រេហ្គោរី បានភៀសខ្លួនទៅកាន់ក្រុងកេសារ៉េ (Caesarea) នៅតំបន់ កាប្បាដុក (Cappadocia)។ នៅទីនោះហើយដែលលោកបានស្គាល់ជំនឿគ្រីស្ទានជាលើកដំបូង ត្រូវបានធ្វើពិធីជ្រមុជទឹក និងបានរៀបអាពាហ៍ពិពាហ៍។ លោកមានកូនប្រុសពីរនាក់ពីអាពាហ៍ពិពាហ៍នេះ គឺ បារដានេស (Bardanes) និង អារីស្តាកេស (Aristakes) ហើយបានបូជាកូនទាំងពីរនាក់ដល់ការបម្រើព្រះសហគមន៍។

បន្ទាប់ពីភរិយាលោកបានស្លាប់ ហ្គ្រេហ្គោរី បានត្រឡប់មកអាមេនីវិញ ហើយចូលបម្រើស្តេចទីរីដាតេស (Tiridates)។ លោកបានបម្រើស្តេចដោយស្មោះត្រង់ ហើយទីរីដាតេស ក៏ស្រឡាញ់ ហ្គ្រេហ្គោរីដែរ។ ប៉ុន្តែនៅពេលស្តេចដឹងថា ហ្គ្រេហ្គោរី ជាគ្រីស្ទបរិស័ទ ទ្រង់ក្រោធខឹងយ៉ាងខ្លាំង ហើយបានបង្ខំលោកឱ្យប្រកាសបោះបង់ព្រះគ្រីស្ត និងគោរពព្រះក្លែងក្លាយ។ ដោយបង្ខំមិនបានសម្រេច ទីរីដាតេស បានដាក់ទណ្ឌកម្មដល់ ហ្គ្រេហ្គោរី យ៉ាងឃោរឃៅ បន្ទាប់មកបានចោលលោកទៅក្នុងប្រហោងរដ្ដៅជ្រៅពោរពេញដោយសត្វល្មូនមានពិស (poisonous reptiles) ដើម្បីសម្លាប់លោក។

ទោះបីជាយ៉ាងណា ព្រះជាម្ចាស់ដែលអាចមើលឃើញគ្រប់យ៉ាង (All-seeing God) បានរក្សាជីវិតសន្ត ហ្គ្រេហ្គោរី នៅក្នុងរដ្ដៅនោះអស់រយៈពេល ១៤ ឆ្នាំពេញ។ បន្ទាប់ពីនោះ ទីរីដាតេស បានចាប់ផ្តើមបៀតបៀនគ្រីស្ទបរិស័ទទាំងអស់នៅក្នុងរាជឋានរបស់ទ្រង់ ហើយបានវាយប្រហារដូនជីស្ថានដែលមានដូនជី ៣៧នាក់ រួមទាំងមេ ដូនជី (abbess) ហ្គាយ៉ាណា (Gaiana)។ នៅពេលទ្រង់បានសម្លាប់ពួកនាងទាំងអស់ដោយទារុណកម្មដ៏សាហាវ ទីរីដាតេស ក៏កើតជាវិកលចរិត ហើយមានឣាការៈដូចជាជ្រូកព្រៃ (wild boar)។

បងស្រីរបស់ទ្រង់បានសុបិន្តឃើញបុរសម្នាក់ដែលមានពន្លឺដ៏រុងរឿង ដែលបានប្រាប់ថា ទីរីដាតេស នឹងជាសះស្បើយមកវិញ នៅពេលដែល ហ្គ្រេហ្គោរី ត្រូវបានដកចេញពីរដ្ដៅ។ បន្ទាប់ពីត្រូវបានគេដកចេញពីរដ្ដៅ ហ្គ្រេហ្គោរី បានព្យាបាល និងធ្វើពិធីជ្រមុជទឹក ទៅឱ្យទីរីដាតេស។ បន្ទាប់មក តាមបំណងរបស់ទីរីដាតេស ហ្គ្រេហ្គោរី បានក្លាយជាប៊ីស្សប (Bishop) នៃអាមេនី។ តាមរយៈការ ប្រទានផ្គត់ផ្គង់ ពីព្រះជាម្ចាស់ ទីរីដាតេស ក៏បានជួយលោកក្នុងការផ្សព្វផ្សាយពន្លឺគ្រីស្តសាសនាទៅកាន់អាមេនីទាំងមូល និងតំបន់ជុំវិញនេាះ។

សន្ត ហ្គ្រេហ្គោរី បានបញ្ជប់ ជីវិតលោកិយដ៏ពិបាករបស់លោកក្នុងវ័យចំណាស់ ប្រហែលឆ្នាំ ៣៣៥ នៃគ្រិស្តសករាជ។ ក្នុងពេលនោះ កូនប្រុសរបស់លោក អារីស្តាកេស ត្រូវបានតែងតាំងជាប៊ីស្សប ហើយគាត់បានបន្តការងាររបស់ឪពុករបស់គាត់ ទាំងខាងផ្លូវកាយ និងខាងផ្លូវព្រលឹង។ អារីស្តាកេស គឺជា លោកឪពុកម្នាក់ក្នុងចំណោមពួកលោកឪពុកដ៏វិសុទ្ធទាំង ៣១៨ អង្គ (318 Holy Fathers) ដែលបានចូលរួម ក្នុងក្រុមប្រឹក្សាសកលលើកទីមួយ (First Ecumenical Council)។