សន្តបុគ្គលនៃ ថ្ងៃទី២ ខែតុលា

SAINT ANDREW THE FOOL-FOR-CHRIST


អង់ឌ្រីយ៉ូស (Andrew) កើតមកជាជនជាតិស្លាវ (Slav)។ កាលនៅវ័យក្មេង គាត់ត្រូវបានគេយកទៅធ្វើជាទាសករ ហើយត្រូវបានលោក ថេអូណូស្តុស (Theognostus) ដែលជាឣ្នកមានស្តុកស្តម្ភនៅក្រុងកុងស្តង់ទីណូប៉ូល (Constantinople) ទិញយក ក្នុងរាជ្យរបស់អធិរាជលេអូ ឣ្នកប្រាជ្ញ(Leo the Wise) (ជាបុត្ររបស់អធិរាជបាស៊ីល ជនជាតិម៉ាសេដន (Basil the Macedonian))។ អង់ឌ្រីយ៉ូស មានភាពស្រស់សង្ហា ទាំងផ្លូវកាយ ទាំងផ្លូវព្រលឹងវិញ្ញាណ។ ថេអូណូស្តុស មានចិត្តស្រឡាញ់ចំពោះអង់ឌ្រីយ៉ូស ហើយបានអនុញ្ញាតឱ្យគាត់រៀនអក្សរសាស្ត្រ។ អង់ឌ្រីយ៉ូស បានអធិស្ឋានដល់ព្រះជាម្ចាស់យ៉ាងខ្លាំង ហើយ ស្រលាញ់ចូលចិត្ត ចូលរួមក្នុងពិធីថ្វាយបង្គំនៅព្រះវិហារជានិច្ច។ ដោយ​គោរព​តាម​វិវរណៈ​ពី ស្ថានសួគ៌ គាត់បានទទួលយកជីវិតជាឣ្នកបួស (ascesis) នៃការធ្វើជាមនុស្សល្ងីល្ងើ ដើម្បីព្រះគ្រីស្ត (foolishness for Christ)។

នៅពេលមួយ នៅពេលគាត់ទៅអណ្ដូងទឹក គាត់បានហែកសំលៀកបំពាក់ ហើយកាត់វាដោយកាំបិត ដោយធ្វើដូជជាឆ្កួត។ លោកថេអូណូស្តុស ដែលមានទុក្ខព្រួយចំពោះរឿងនេះ បានចងអង់ឌ្រីយ៉ូសដោយច្រវាក់ ហើយនាំគាត់ទៅព្រះវិហារ សន្ត អាណាស្តាស៊ីអា (Anastasia) អ្នកជួយរំដោះពីច្រវាក់ (Deliverer from Bonds) ដើម្បីឱ្យគេអានការអធិស្ឋានសម្រាប់គាត់។ ប៉ុន្តែអង់ឌ្រីយ៉ូស មិនបានធូរស្បើយឡើយ ហើយម្ចាស់របស់គាត់ក៏បានដោះលែងគាត់ដោយចាត់ទុកគាត់ថាជាមនុស្សវិកលចរិត។

អង់ឌ្រីយ៉ូស ធ្វើពុតជា ឆ្កួតនៅពេលថ្ងៃ ប៉ុន្តែអធិស្ឋានដល់ព្រះជាម្ចាស់ពេញមួយយប់។ គាត់រស់នៅដោយគ្មានជម្រក។ គាត់ចំណាយពេលយប់នៅខាងក្រៅ ដើរក្នុងសំលៀកបំពាក់ចាស់ដែលមានតែពាក់កណ្តាលខ្លួន ហើយតែមួយសំរាប់ និងគ្រាន់តែញ៉ាំនំបុ័ងបន្តិចបន្តួចនៅពេលដែលមនុស្សល្អណាម្នាក់ផ្តល់ឱ្យគាត់។ គាត់ចែករំលែកអ្វីៗទាំងអស់ដែលគាត់ទទួលបានជាមួយអ្នកអត់ឃ្លានផ្សេងទៀត ហើយចំឣកដាក់ពួកគេ — ដើម្បីជៀសវាងការថ្លែងអំណរគុណពីពួកគេ — ពីព្រោះសន្ត អង់ឌ្រីយ៉ូស ចង់ឱ្យរង្វាន់ទាំងអស់របស់គាត់បានមកពីព្រះជាម្ចាស់។

ហេតុនេះហើយ ព្រះគុណដ៏ធំរបស់ព្រះជាម្ចាស់បានចូលមកក្នុងគាត់ ហើយគាត់អាចស្វែងយល់ពីអាថ៌កំបាំងរបស់មនុស្ស បានឃើញពួកទេវទូត (angels) និងពួកឣារក្ស (demons) គាត់បានបណេ្ដញឣារក្សចេញពីមនុស្ស និងកែតម្រង់មនុស្សពីបាបរបស់ពួកគេ។ អង់ឌ្រីយ៉ូស មាននិមិត្តឃើញ (vision) ភាពស្រស់ស្អាតបំផុតអំពីស្ថានឋានសួគ៌ (Paradise) និងអានុភាពដ៏ខ្ពង់ខ្ពស់នៃស្ថានសួគ៌។ គាត់ក៏បានឃើញព្រះគ្រីស្តអម្ចាស់ (Lord Christ) លើបល្ល័ង្កដ៏មានសិរីរុងរឿងរបស់ទ្រង់ផងដែរ ហើយគាត់ ជាមួយនឹងសិស្សរបស់គាត់ឈ្មោះ អេពីផានីយ៉ូស (Epiphanius) បានឃើញព្រះមាតា (Theotokos) ដ៏វិសុទ្ធបំផុត នៅក្នុងព្រះវិហារ (Church) ប្លាកឺណេ (Blachernae) ខណៈពេលដែលនាងគ្របដណ្តប់ប្រជាជនគ្រីស្ទានដោយក្រវាត់រ៉ូបរបស់នាង (omophorion)។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធជាពិធីបុណ្យរំលឹកដល់ការ កាពាររបស់ទេឣូតូកូសដ៏វិសុទ្ធ (ថ្ងៃទី ១ ខែតុលា)។ ក្នុងនិមិត្តមួយ គាត់បានឮពាក្យពេចន៍ដ៏មិនអាចនិយាយបានពីស្ថានសួគ៌ ដែលគាត់មិនហ៊ាននិយាយប្រាប់មនុស្សឡើយ។

បន្ទាប់ពីជីវិតដ៏ជាឣ្នកបួសដ៏លំបាកដែលពិបាកនឹងមានគ្នាប្រៀប អង់ឌ្រីយ៉ូស បានទៅគង់នៅក្នុងសិរីរុងរឿងដ៏និរន្តរូបរបស់ព្រះអម្ចាស់របស់គាត់ក្នុងឆ្នាំ ៩១១ នៃគ្រិស្តសករាជ។