ហៀរ៉ូមារធើរ (មរណសាក្សី បូជាចារ្យ) ឌីអូនីស្យុស អារ៉េអូបាកៃ
THE HOLY HIEROMARTYR DIONYSIUS THE AREOPAGITE

សន្ត ឌីអូនីស្យុស (Dionysius) ត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រិស្ទទូតថ្នាក់ក្រោមទាំង ៧០ អង្គ (Seventy Lesser Apostles)។ លោកជាមនុស្សដ៏អស្ចារ្យ កើតមកពីគ្រួសារដ៏ឆ្នើមដែលកាន់សាសនាឣារក្សនិយមនៅក្រុងអាតេន (Athens)។ បន្ទាប់ពីបញ្ចប់ការសិក្សាទស្សនវិជ្ជា (philosophy) នៅអាតេន លោកបានទៅប្រទេសអេហ្ស៊ីប (Egypt) ដើម្បីបន្តការសិក្សា។ នៅពេលលោកនៅទីនោះ ព្រះគ្រីស្តបានសោយទិវង្គតលើឈើឆ្កាង ព្រះអាទិត្យត្រូវបានគ្របដោយភាពងងឹត ហើយនៅអេហ្ស៊ីបមានភាពងងឹតអស់រយៈពេលបីម៉ោង។ ពេលនោះ ឌីអូនីស្យុស បានស្រែកថា៖ «បើវាមិនមែន ព្រះជាម្ចាស់អ្នកបង្កើតពិភពលោក កំពុងទទួលរងទុក្ខទេ ពិភពលោកនេះច្បាស់ជា កំពុងមកដល់ទីបញ្ចប់ហើយ»។
នៅពេលត្រឡប់មកក្រុងអាតេនវិញ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់ឈ្មោះ ដាមារីស (Damaris) ហើយមានកូនប្រុសជាមួយនាង។ លោកបានក្លាយជាសមាជិកនៃសាលក្រមជាន់ខ្ពស់បំផុតក្នុងចំណោមពួកក្រិច គឺ អារ៉េអូបាក (Areopagus) ហើយតាំងពីពេលនោះមក លោកត្រូវបានគេស្គាល់ថាជា «អ្នក អារ៉េអូបាកៃ» (Areopagite)។
នៅពេលដែលសត្តប៉ូល (Paul) កំពុងផ្សព្វផ្សាយដំណឹងល្អនៅក្រុងអាតេន ឌីអូនីស្យុស ត្រូវបានធ្វើពិធីជ្រមុជទឹក ជាមួយនឹងគ្រួសារទាំងមូលរបស់លោក។ សត្តប៉ូល បានតែងតាំងលោកជាប៊ីស្សប (Bishop) នៃអាតេន។ លោកបានចាកចេញពីភរិយា កូនៗ និងតំណែងរបស់លោកដោយសារសេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ត។ លោកបានធ្វើដំណើរជាមួយសត្តប៉ូល អស់រយៈពេលយូរ ហើយបានជួបគ្រីស្ទទូតផ្សេងៗទៀតទាំងអស់។ លោកបានធ្វើដំណើរទៅក្រុងយេរូសាឡិម (Jerusalem) ជាពិសេសដើម្បីជួបទេឣូតូកូស (Theotokos) ដ៏វិសុទ្ធបំផុត ហើយបានពិពណ៌នាអំពីការជួបជាមួយនាងក្នុងសំណេរមួយ របស់លោក។ លោកបានចូលរួមក្នុងពិធីបុណ្យសព្វរបស់ព្រះមាតា (Theotokos) ដ៏វិសុទ្ធ និងបរិសុទ្ធបំផុត។
នៅពេលដែលគ្រូរបស់លោក គឺសន្ត ប៉ូល ទទួលមរណភាពជាមរណសាក្សី ឌីអូនីស្យុស ក៏បានប្រាថ្នាឱ្យមានមរណភាពបែបនោះដែរ ហើយបានទៅកាន់តំបន់ហ្គោល (Gaul) ជាមួយនឹងព្រឹទ្ធាចារ្យ (presbyter) របស់លោកឈ្មោះ រូស្តិកុស (Rusticus) និងជំនួយការបូជាចារ្យ (deacon) អេលីថេរីអុស (Eleutherius) ដើម្បីផ្សព្វផ្សាយដំណឹងល្អក្នុងចំណោមពួកចោរព្រៃ (barbarians)។ លោកបានទទួលការឈឺចាប់យ៉ាងច្រើន ប៉ុន្តែក៏ជោគជ័យយ៉ាងច្រើនដែរ។ តាមរយៈការខិតខំប្រឹងប្រែងរបស់លោក ពួកឣារក្សនិយមជាច្រើនត្រូវបានបំលាស់ប្តូរឱ្យមកកាន់ជំនឿគ្រីស្ទសាសនា។
ឌីអូនីស្យុស បានសង់ព្រះវិហារ (church) តូចមួយនៅទីក្រុងប៉ារីស (Paris) ដែលលោកបានប្រារព្ធពិធីថ្វាយបង្គំដ៏ទេវភាព (divine services) នៅទីនោះ។ នៅពេលលោកមានអាយុ ៩០ ឆ្នាំ លោក រូស្តិកុស និង អេលីថេរីអុស ត្រូវបានគេចាប់ខ្លួន និងធ្វើទារុណកម្មដើម្បីព្រះគ្រីស្ត បន្ទាប់មកឣ្នកទាំងបីនាក់ត្រូវបានគេកាត់ក្បាល។ ក្បាលដែលត្រូវគេកាត់ផ្តាច់របស់សន្ត ឌីអូនីស្យុស បានរមៀលចម្ងាយឆ្ងាយ រហូតដល់ជើងរបស់ កាទុឡា (Catula) ដែលជាគ្រីស្ទបរិស័ទ ហើយគាត់បានធ្វើពិធីបុណ្យសពយ៉ាងឱឡារិកជាមួយរាងកាយរបស់លោក។ ឌីអូនីស្យុស បានទទួលការរងទុក្ខក្នុងរាជ្យរបស់ដូមេសៀន (Dometian) ក្នុងឆ្នាំ ៩៦ នៃគ្រិស្តសករាជ។
លោកបានសរសេរស្នាដៃល្បីៗជាច្រើន អំពី៖
ព្រះនាមដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ (Divine Names of God)
ឋានានុក្រមនៃ ស្ថានសួគ៌ និងនៃព្រះសហគមន៍ (Celestial and Ecclesiastical Hierarchies)
ទេវវិទ្យាដ៏អាថ៌កំបាំង (Mystical Theology)
និងអំពីព្រះមាតា (Theotokos) ដ៏វិសុទ្ធបំផុត
*កំណត់សម្គាល់៖ ប្រវត្តិវិទូមួយចំនួនជឿថា ឌីអូនីស្យុស (ដេនី) នៃប៉ារីស គឺជាមនុស្សម្នាក់ផ្សេងទៀត មិនមែនជា ឌីអូនីស្យុស អារ៉េអូបាកិត នោះទេ។
