សន្តបុគ្គលនៃ ថ្ងៃទី7 ខែតុលា

THE HOLY MARTYRS SERGIUS AND BACCHUS


សន្ត មរណសាក្សីដ៏វិសុទ្ធ និងឣស្ចារ្យទាំងនេះ ជាវីរបុរសនៃជំនឿគ្រីស្ទាន។ ដំបូងពួកគេជាអភិជននៅរាជវាំងរបស់អធិរាជម៉ាក់ស៊ីមៀន (Maximian)។ អធិរាជផ្ទាល់បានគោរពពួកគេយ៉ាងខ្លាំងដោយសារភាពក្លាហាន ប្រាជ្ញា និងភាពស្មោះត្រង់របស់ពួកគេ។ ប៉ុន្តែនៅពេលអធិរាជបានដឹងថាអភិជនទាំងពីររបស់ទ្រង់ជាគ្រីស្ទបរិស័ទ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេបានប្រែក្លាយជាកំហឹង។

ថ្ងៃមួយ នៅពេលដែលមានពិធីបូជាយញ្ញ ដ៏ធំដល់ព្រះក្លែងក្លាយ អធិរាជបានទាមទារឱ្យ សេរហ្គីយ៉ូស (Sergius) និង បាកុស (Bacchus) ថ្វាយយញ្ញបូជាជាមួយទ្រង់ ប៉ុន្តែពួកគេបានបដិសេធប្រតិបត្តិតាមអធិរាជយ៉ាងមានចំហ។ ដោយកំហឹងខ្លាំង អធិរាជបានបញ្ជាឱ្យដកហូតសំលៀកបំពាក់យោធា ចិញ្ជៀន និងសញ្ញាណរបស់ពួកគេ ហើយបានឱ្យពួកគេស្លៀកពាក់សំលៀកបំពាក់ស្ត្រី។ បន្ទាប់មក ទ្រង់បានដាក់ប្រឡៅដែក (iron hoops) នៅករបស់ពួកគាត់ ហើយដង្ហែពួកគេតាមដងផ្លូវនៃទីក្រុងរ៉ូម (Rome) ដើម្បីឱ្យគេចំអកដល់ពួកគាត់។

ក្រោយមក ទ្រង់បានបញ្ជូនពួកគាត់ទៅ លោក​ អង់ទីយ៉ូកុស (Antiochus) ដែលជាមន្ត្រីរបស់ទ្រង់នៅអាស៊ី (Asia) ដើម្បីធ្វើទារុណកម្ម។ អង់ទីយ៉ូកុស បានទទួលតំណែងរបស់គាត់នេះ ដោយសារបានជំនួយពី សេរហ្គីយ៉ូស និង បាកុស ពីព្រោះពួកគេបានណែនាំគាត់ទៅអធិរាជ កាលពីមុន។ នៅពេលដែល អង់ទីយ៉ូកុស បានអង្វរពួកគេឱ្យប្រកាសបោះបង់ព្រះគ្រីស្ត និងជួយសង្គ្រោះខ្លួនឯងពីទុក្ខវេទនា និងមរណភាពដ៏អាម៉ាស់ សន្តទាំងនេះបានឆ្លើយថា៖ «ទាំងកិត្តិយស ទាំងភាពអាម៉ាស់ ទាំងជីវិត ទាំងមរណភាព — ទាំងអស់គឺដូចតែគ្នាចំពោះអ្នកដែលស្វែងរកព្រះរាជឋានស្ថានសួគ៌»។

អង់ទីយ៉ូកុស បានចាប់ សេរហ្គីយ៉ូស ដាក់គុក ហើយបញ្ជាឱ្យគេធ្វើទារុណកម្ម បាកុស ជាមុនសិន។ ពួកអ្នកបម្រើរបស់គាត់បានវាយ បាកុស ដ៏វិសុទ្ធតាមវេន រហូតដល់រាងកាយរបស់គាត់ទាំងមូលបាក់បែក។ ដួងព្រលឹងដ៏វិសុទ្ធរបស់ បាកុស បានចាកចេញពីរាងកាយដែលបាក់បែក និងប្រឡាក់ឈាមរបស់គាត់ ហើយត្រូវបានយកទៅកាន់ព្រះអម្ចាស់ដោយព្រះហស្តនៃពួកទេវទូត (angels)។ សន្ត បាកុស បានទទួលការឈឺចាប់នៅក្នុងទីក្រុង បារបាលីសូស (Barbalissos)។

បន្ទាប់មក សន្ត សេរហ្គីយ៉ូស ត្រូវបានគេនាំចេញក្រៅ ហើយពាក់ស្បែកជើងដែក (iron shoes) ដែលមានដែកគោលខាងក្នុងលានចេញមក (inward-protruding nails)។ គាត់ត្រូវបានគេបណេ្ដញឱ្យដើរតាមថ្នល់ ទៅកាន់ទីក្រុងរូសាផា (Rozapha) នៅស៊ីរី (Syria) ហើយត្រូវបានកាត់ក្បាលនៅទីនោះដោយដាវ។ ដួងព្រលឹងរបស់គាត់បានទៅកាន់ស្ថានឋានសួគ៌ (Paradise) ដែលនៅទីនោះ រួមជាមួយមិត្តរបស់គាត់គឺ បាកុស គាត់បានទទួលមកុដនៃសិរីរុងរឿងដ៏ឣមតៈ (crown of immortal glory) ពីព្រះគ្រីស្ត ដែលជាស្តេច និងព្រះអម្ចាស់របស់គាត់។

អ្នកការពារជំនឿគ្រីស្ទានដ៏អស្ចារ្យទាំងពីរនេះ បានទទួលការរងទុក្ខ ក្នុងប្រហែលឆ្នាំ ៣០៣ នៃគ្រិស្តសករាជ។