សន្តបុគ្គលនៃ ថ្ងៃទី5 ខែតុលា

THE HOLY MARTYR CHARITINA


បន្ទាប់ពីក្លាយជាកុមារកំព្រារតាំងពីនៅជាទារក នាង​ ខារីទីណា (Charitina) ត្រូវបានលោក ក្លាយូឌីអូស (Claudius) ដែលជាគ្រីស្ទបរិស័ទដ៏ឆ្នើមម្នាក់ យកមកចិញ្ចឹងដូចជាកូនស្រីរបស់គាត់ផ្ទាល់។ ខារីទីណា គឺជាមនុស្សដ៏ទន់ភ្លន់ បន្ទាបខ្លួន ស្ដាប់បង្កាប់ និងស្ងប់ស្ងាត់។ នាងបានសិក្សាច្បាប់របស់ព្រះជាម្ចាស់គ្រប់ពេលយប់គ្រប់ពេលថ្ងៃ ហើយបានស្បថថានឹងរស់នៅជីវិតដោយភាពបរិសុទ្ធ ដូចជាកូនក្រមុំដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត។

ដោយសារ ខារីទីណា បាននាំអ្នកដទៃទៀតឱ្យមកកាន់ជំនឿគ្រីស្ទាន លោក ដូមេទីយ៉ូស (Dometius) ដែលជាអេបាក (eparch) របស់អធិរាជឌីអូក្លេស្សង់ (Diocletian) ក៏បានដឹងអំពីនាង ហើយបានបញ្ជូនទាហានមកចាប់នាងពីឪពុកចិញ្ចឹងរបស់នាង ហើយនាំនាងមកកាត់ទោស។

ចៅក្រមបានសួរនាងថា៖ «តើពិតឬទេ នារីវ័យក្មេង ថាអ្នកជាគ្រីស្ទបរិស័ទ ហើយថាអ្នកបោកប្រាស់អ្នកដទៃ ដោយនាំពួកគេទៅកាន់ជំនឿឥតប្រយោជន៍នេះដែរ?»។ ខារីទីណា បានឆ្លើយដោយភាពក្លាហានថា៖ «ពិតហើយ ខ្ញុំជាគ្រីស្ទបរិស័ទ ប៉ុន្តែវាជាការភូតកុហកដែលថាខ្ញុំបោកប្រាស់អ្នកដទៃ ផ្ទុយទៅវិញ ខ្ញុំនាំអ្នកដែលវងេ្វងទៅកាន់ផ្លូវដ៏ពិត ដោយនាំពួកគេទៅកាន់ព្រះគ្រីស្តរបស់ខ្ញុំ»។

ចៅក្រមដ៏អាក្រក់បានកាត់ទោសនាង។ សក់របស់នាងត្រូវបានគេកាត់ ហើយធ្យូងកំពុងឆេះត្រូវបានគេយកមកដាក់លើក្បាលរបស់នាង។ ទោះបីជាយ៉ាងនេះក្តី នាងត្រូវបានជួយសង្គ្រោះដោយអានុភាពរបស់ព្រះជាម្ចាស់។ ពួកគេបានចោលនាងទៅក្នុងសមុទ្រ ប៉ុន្តែព្រះជាម្ចាស់បានជួយនាងម្តងទៀត។ ពួកគេបានចងនាងទៅនឹងកង់រទេះ ហើយចាប់ផ្តើមបង្វិលវា ប៉ុន្តែទេវទូត (angel) របស់ព្រះជាម្ចាស់បានរារាំងកង់នោះ ហើយ ខារីទីណា នៅតែមិនរងគ្រោះ។

បន្ទាប់មក ចៅក្រមដ៏ពុករលួយបានបញ្ជូនយុវជនខិលខូចមួយក្រុមឲ្យមកបំពាននាង។ ដោយខ្លាចការអាម៉ាស់នេះ សន្តី ខារីទីណា បានសូមបួងសួងសុំពីព្រះជាម្ចាស់ឱ្យទទួលយកដួងព្រលឹងរបស់នាង មុនពេលដែលពួកខិលខូចទាំងនោះអាចបំពានរាងកាយព្រហ្មចារីរបស់នាង។ នៅពេលនាងកំពុងលុតជង្គង់អធិស្ឋានដល់ព្រះជាម្ចាស់ ដួងព្រលឹងរបស់នាងក៏បានចាកចេញពីនាង ហើយត្រូវបាននាំយកទៅកាន់ព្រះរាជនគដ៏ឣមតៈ (Immortal Kingdom) របស់ព្រះគ្រីស្ត។