សន្តបុគ្គលនៃ ថ្ងៃទី6 ខែតុលា

THE HOLY APOSTLE THOMAS


ថូម៉ាស (Thomas) គឺជាគ្រីស្ទទូតម្នាក់ក្នុងចំណោមគ្រីស្ទទូតដប់ពីរនាក់ (Twelve Apostles)។ ដោយសារការសង្ស័យរបស់គាត់ចំពោះការរស់ឡើងវិញរបស់ព្រះគ្រីស្ត ភស្តុតាងថ្មីមួយត្រូវបានផ្តល់ឱ្យ អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យ និងពេញដោយការសង្គ្រោះនោះ។ ព្រះអម្ចាស់ដែលរស់ឡើងវិញបានបង្ហាញខ្លួនដល់ គ្រីស្ទទូតរបស់ទ្រង់ម្តងទៀតជាលើកទីពីរ ដើម្បីឱ្យ ថូម៉ាស ជឿ។ ព្រះអម្ចាស់មានបន្ទូលទៅកាន់ ថូម៉ាស ថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹង‌រូសមិនព្រមជឿដូច្នេះ!»។ ហើយ ថូម៉ាស បានឆ្លើយថា៖ «ព្រះ‌អង្គពិតជាព្រះ‌អម្ចាស់ និងជាព្រះរបស់ទូល‌បង្គំមែន!» (យ៉ូហាន ២០:២៧-២៨)។

បន្ទាប់ពីព្រះវិញ្ញាណដ៏វិសុទ្ធ (Holy Spirit) ចុះមក នៅពេលដែលគ្រីស្ទទូតទាំងឡាយចាប់ឆ្នោតដើម្បីមើលថាតើពួកគេនឹងទៅផ្សព្វផ្សាយនៅទីណា ឆ្នោតក៏ធ្លាក់លើ ថូម៉ាស ឱ្យទៅប្រទេសឥណ្ឌា (India)។ គាត់មានការក្រៀមក្រំបន្តិចដែលត្រូវទៅឆ្ងាយដូច្នេះ ប៉ុន្តែព្រះអម្ចាស់បានបង្ហាញខ្លួនដល់គាត់ និងបានលើកទឹកចិត្តគាត់។

នៅប្រទេសឥណ្ឌា សន្ត ថូម៉ាស បានបំលាស់ប្តូរមនុស្សជាច្រើន ទាំងពួកអភិជន និងពួកក្រីក្រ ឱ្យមកកាន់ជំនឿគ្រីស្ទាន ហើយបានបង្កើតព្រះសហគមន៍នៅទីនោះ ដោយបានតែងតាំងពួកបូជាចារ្យ (priests) និងប៊ីស្សប (bishops)។ ក្នុងចំណោមអ្នកដទៃទៀត ថូម៉ាស បានបំលាស់ប្តូរបងប្អូនស្រីពីរនាក់ឱ្យមកកាន់ជំនឿ – ទេទីយ៉ាណា (Tertiana) និង មិកដូនីយ៉ា (Migdonia) – ដែលទាំងពីរជាភរិយារបស់ពួកស្ដេចនៅឥណ្ឌា។ ដោយសារតែជំនឿរបស់ពួកនាង បងប្អូនស្រីទាំងពីរត្រូវបានធ្វើបាបដោយស្វាមីរបស់ពួកនាង ដែលពួកនាងលែងចង់រស់នៅជាមួយទៀតហើយបន្ទាប់ពីពិធីជ្រមុជទឹករបស់ពួកនាង។ ទីបំផុត ពួកនាងត្រូវបានគេអនុញ្ញាតឱ្យចាកចេញ។ ដោយបានរួចផុតពីអាពាហ៍ពិពាហ៍ ពួកនាងបានរស់នៅជីវិតដែលព្រះជាម្ចាស់សព្វព្រះទ័យរហូតដល់ចប់ជីវិត។

ឌីអូនីស្យុស (Dionysius) និង ផេឡាគីយ៉ា (Pelagia) ធ្លាប់ជាគូដណ្តឹង ប៉ុន្តែនៅពេលដែលពួកគេបានឮការផ្សព្វផ្សាយរបស់គ្រីស្ទទូតថូម៉ាស ពួកគេមិនបានរៀបអាពាហ៍ពិពាហ៍ទេ តែបានបូជាខ្លួនដល់ជីវិតជាឣ្នកបួស (ascetic life)។ ផេឡាគីយ៉ា បានបញ្ជប់ជីវិតជាមរណសាក្សី (martyr) ដើម្បីជំនឿ ហើយ ឌីអូនីស្យុស ត្រូវបានតែងតាំងជាប៊ីស្សប (bishop) ដោយគ្រីស្ទទូតថូម៉ាស។

ស្ដេច ម៉ាសដៃ (Mazdai) ដែលជាស្វាមីរបស់ ទេទីយ៉ាណា ដែលកូនប្រុសរបស់ទ្រង់ឈ្មោះ អាហ្សាន (Azan) ដែលត្រូវបានធ្វើពិធីជ្រមុជទឹក ដោយថូម៉ាសដែរនេាះ បានកាត់ទោសគ្រីស្ទទូត ថូម៉ាសដោយទណ្ឌកម្មប្រហារជីវិត។ ម៉ាសដៃ បានបញ្ជូនទាហានប្រាំនាក់មកសម្លាប់ ថូម៉ាស។ ពួកគេបានចាក់លោកដោយលំពែង (spears) ទាំងប្រាំរបស់ពួកគេ ហើយដូច្នេះ សន្ត គ្រីស្ទទូត ថូម៉ាស បានបញ្ជូនដួងព្រលឹងរបស់លោកទៅក្នុងព្រះហស្តរបស់ព្រះគ្រីស្ត។

មុនពេលស្លាប់ លោក និងគ្រីស្ទទូតផ្សេងទៀតត្រូវបាននាំមកក្រុងយេរូសាឡិម (Jerusalem) ដោយឣព្ភូតហេតុអស្ចារ្យ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់ព្រះមាតា (Theotokos) ដ៏វិសុទ្ធបំផុត។ ដោយមកដល់យឺតពេល លោកបានយំយែកយ៉ាងខ្លាំង ហើយផ្នូររបស់ព្រះមាតា (Theotokos) ដ៏វិសុទ្ធ និងបរិសុទ្ធបំផុតត្រូវបានបើកនៅពេលដែលលោកបានសុំ។ រាងកាយរបស់ព្រះមាតា (Theotokos) មិនត្រូវបានគេរកឃើញនៅក្នុងផ្នូរឡើយ៖ ព្រះអម្ចាស់បានយកមាតារបស់ទ្រង់ទៅកាន់លំនៅដ្ឋានស្ថានសួគ៌របស់ទ្រង់។ ដូច្នេះ ក្នុងភាពយឺតយ៉ាវរបស់លោក សន្ត ថូម៉ាស បានបង្ហាញពួកយើងបន្ថែមលើកិត្តិយសដ៏អស្ចារ្យរបស់ព្រះមាតា (Theotokos) ដូចជាកាលពីមុន គឺពេលដែលលោក បាន​បញ្ជាក់​ពី​ជំនឿ​លើ​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់ ​ដោយ​ការ​មិន​ជឿ​របស់​គាត់។