សន្ត មរណសាក្សី ការពូស និង ផាពីលុស
THE HOLY MARTYRS CARPUS AND PAPYLUS

ការពូស (Carpus) គឺជាប៊ីស្សប (Bishop) នៃក្រុងធីយ៉ាទីរ៉ា (Thyateira) ហើយ ផាពីលុស (Papylus) ជាឌីកង (deacon)។ ពួកគេកើតនៅក្រុងពេហ្គាមុម (Pergamum) ដែលជាកន្លែងដែលពួកគេបានទទួលទណ្ឌកម្មចុងក្រោយដើម្បីជំនឿគ្រីស្ទាន នៅក្នុងដៃរបស់អភិបាលដ៏អាក្រក់ វ៉ាឡេរីយ៉ូស (Valerius) ក្នុងរាជ្យរបស់ដេសីយ៉ូស (Decius)។
វ៉ាឡេរីយ៉ូស បានចងពួកគេទៅនឹងសេះ ហើយអូសទាញពួកគេទៅកាន់ក្រុងសាឌីស (Sardis) ដែលជាកន្លែងដែលគាត់បានដាក់ទារុណកម្មដល់ពួកគេយ៉ាងឃោរឃៅ។ បន្ទាប់មក ទេវទូត (angel) របស់ព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះពួកគេ ព្យាបាលរបួសរបស់ពួកគេ និងជម្លៀសពួកគេ។ អ្នកបម្រើរបស់ ការពូស ឈ្មោះ អាហ្គាថាដូរូស (Agathadorus) បានតាមលោកម្ចាស់របស់គាត់ដោយទុក្ខព្រួយយ៉ាងខ្លាំង។ វ៉ាឡេរីយ៉ូស ក៏បានកាត់ទោសគាត់ឱ្យទទួលទារុណកម្មដែរ។
សន្តទាំងឡាយត្រូវបានគេចងទៅនឹងសេះម្តងទៀត ហើយត្រូវបានគេអូសទាញពីក្រុងសាឌីស ទៅកាន់ក្រុងពេហ្គាមុម។ ពួកគេបានចងសន្ត ការពូស ទៅនឹងដើមឈើ ហើយវាយដំគាត់ ដោយសារតែការណ៍នេះ រាងកាយរបស់គាត់ត្រូវបានគ្របដោយរបួស ហើយឈាមរបស់គាត់បានហូរដូចជាស្ទឹង ដែលធ្វើឱ្យដីជ្រាបជាប់ដោយឈាម។ ប៉ុន្តែ ការពូស បានសើចក្នុងអំឡុងពេលនៃទារុណកម្មដ៏សាហាវទាំងនេះ។ នៅពេលពួកគេសួរគាត់ថាហេតុអ្វីបានជាគាត់សើច សន្ត មរណសាក្សី បានឆ្លើយថា គាត់បានឃើញស្ថានសួគ៌បើកចំហ ហើយព្រះអម្ចាស់កំពុងគង់លើបល្ល័ង្ករបស់ទ្រង់ ហ៊ុមពទ្ធ័ដោយយ៉េរូបីម (Cherubim) និងសេរ៉ាហ្វីម (Seraphim)។
នៅពេលដែល ផាពីលុស កំពុងត្រូវបានគេធ្វើទារុណកម្ម គាត់ ក៍បានព្យាបាលបុរសម្នាក់ដែលពិការភ្នែកម្ខាង ដោយការអធិស្ឋានរបស់លោក ហើយមនុស្សជាច្រើនដែលបានឃើញរឿងនេះបានមកជឿលើព្រះគ្រីស្តជាព្រះអម្ចាស់។ ដោយត្រូវបានគេចោលទៅឱ្យសត្វពាហនៈ (wild beasts) មរណសាក្សីនៅតែមិនរងគ្រោះ។ បន្ទាប់មក ពួកគេត្រូវបានគេចោលទៅក្នុងឡភ្លើង (fiery furnace)។ អាហ្គាថូនីកា (Agathonica) ដែលជាបងស្រីរបស់ ការពូស ក៏បានលោតចូលទៅក្នុងភ្លើងដែរ ប៉ុន្តែភ្លើងមិនបានបំផ្លាញពួកគេឡើយ។
ទីបំផុត ពួកគេទាំងអស់គ្នាត្រូវបានគេកាត់ក្បាលដោយដាវ ក្នុងឆ្នាំ ២៥១ នៃគ្រិស្តសករាជ។ ដូច្នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងដ៏សុចរិតរបស់ពួកគេ ពួកគេបានទទួលកម្រងផ្កានៃសិរីរុងរឿង (wreath of glory) នៅក្នុងព្រះរាជឋានរបស់ព្រះគ្រីស្ត។
