សន្ត កូសម៉ាស និងដាមីយ៉ាន
SAINTS COSMAS AND DAMIAN

កូសម៉ាស និងដាមីយ៉ាន គឺជាគ្រូពេទ្យដែលមិនយកថ្លៃពេទ្យ និងជាអ្នកប្រកបដោយអានុភាពអព្ភូតហេតុ។ ពួកគាត់ជាបងប្អូនបង្កើត និងជាបងប្អូនខាងវីញ្ញាណ ហើយបានកើតនៅក្នុងតំបន់ អាស៊ីទូច ពីឪពុកដែលគោរពសាសនា ព្រះក្លែងក្លាយ និងម្តាយដែលជាគ្រិស្តសាសនិក។
ក្រោយពីឪពុកពួកគាត់ទទួលមរណភាព ម្តាយរបស់ពួកគាត់ឈ្មោះ ថេអូដូសុីយ៉ា (Theodotia) បានចំណាយពេល និងកម្លាំងចិត្តទាំងអស់ក្នុងការអប់រំកូនប្រុសទាំងពីររបស់នាង និងចិញ្ចឹមបីបាច់ពួកគាត់ឱ្យក្លាយជាគ្រិស្តសាសនិកដ៏ពិតប្រាកដ។ ព្រះបានជួយនាង ហើយកូនប្រុសរបស់នាងបានធំធាត់ឡើងដូចជាផ្លែឈើដ៏ផ្អែមល្ហែម និងជាពន្លឺនៃពិភពលោក។
ពួកគាត់មានចំណេះដឹងខាងវិជ្ជាវេជ្ជសាស្ត្រ ហើយបានព្យាបាល អ្នកជម្ងឺដោយមិនយកថ្លៃពេទ្យ ហើយមិនមែនព្យាបាលដោយប្រើតែ ថ្នាំប៉ុណ្ណោះទេ តែភាគច្រើនគឺដោយសារ នាមរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត។ ពួកគាត់ត្រូវបានគេហៅថា “គ្រូពេទ្យឥតគិតលុយ” ព្រោះពួកគាត់ព្យាបាលដោយមិនគិតថ្លៃពេទ្យ ហេតុនេះពួកគាត់ បានបំពេញបទបញ្ជា របស់ព្រះគ្រិស្តដែលថា៖ «អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ» (ម៉ាថាយ ១០:៨)។
ពួកគាត់អនុវត្ត ការព្យាបាលមនុស្សដោយមិនយកថ្លៃ តឹងរឹងមែនទេន ដែល កូសម៉ាស ខឹងសម្បាយ៉ាងខ្លាំងចំពោះប្អូនរបស់គាត់ឈ្មោះ ដាមីយ៉ាន ពេលដែលប្អូនគាត់ បានទទួលយកពងមាន់បី ពីស្ត្រីម្នាក់ឈ្មោះ ផាឡាឌីយ៉ា (Palladia) ហើយបានបញ្ជាថាក្រោយពេលស្លាប់ កុំយកសពគាត់ ទៅកប់ជាមួយប្អូនរបស់គាត់ឈ្មោះ ដាមីយ៉ានឡើយ។ តាមពិត ដាមីយ៉ានមិនបានទទួលយកពងមាន់ទាំងបីនេះ ជារង្វាន់សម្រាប់ការព្យាបាលផាឡាឌីយ៉ា ដែលកំពុងឈឺនោះទេ តែដោយសារតែនាងបានសំណើយ៉ាងខ្លាំង ក្នុងព្រះនាម របស់ព្រះត្រីឯក យ៉ាងបរិសុទ្ធបំផុត ឱ្យទទួលយកពងមាន់ទាំងបីនេះ។ ទោះបីជាយ៉ាងនេះក្តី ក្រោយពីពួកគាត់ទទួលមរណភាពនៅក្នុងទីក្រុងផេរ៉េម៉ាន (Fereman) ពួកគាត់ត្រូវបានគេនាំយកទៅកប់ជាមួយគ្នាវិញ យោងតាមការបង្ហាញពីព្រះជាម្ចាស់។
បងប្អូនបរិសុទ្ធទាំងពីរនេះគឺជាអ្នកប្រកបដោយអានុភាពអព្ភូតហេតុយ៉ាងខ្លាំងក្លា ទាំងពេលដែលពួកគាត់នៅរស់ និងក្រោយពីពួកគាត់ស្លាប់។ មានពស់មួយបានវារ ចូលក្នុងមាត់ និងចូលទៅក្នុងក្រពះរបស់កសិករ ម្នាក់ ខណៈពេលដែលគាត់កំពុងដេកលក់ ហើយបុរសដ៏អភ័ព្វម្នាក់នេះ ពិតជានឹងត្រូវស្លាប់ក្នុងភាពឈឺចាប់យ៉ាងខ្លាំង ប្រសិនបើគាត់មិនបានអង្វរសុំជំនួយពីសន្ត កូសម៉ាស និងដាមីយ៉ាន នៅពេលចុងក្រោយនោះទេ។ ដូច្នេះ ព្រះអម្ចាស់បានតម្កើងកិត្តិយសជារៀងរហូត ដល់អព្ភូតហេតុរបស់អ្នក ដែលបានតម្កើងព្រះអង្គនៅលើផែនដីនេះ តាមរយៈសេចក្តីជំនឿ ភាពបរិសុទ្ធ និងការអាណិតស្រឡាញ់របស់ពួកគាត់។
