សន្តី ប៉ារ៉ាស្កេវ៉ា [ផេតកា] ដ៏គួរអោយគោរព
(THE VENERABLE PARASCEVA [PETKA])

សន្តីដ៏រុងរឿងនេះគឺជាជនជាតិស៊ែប (Serbian) ហើយកើតនៅក្រុងអេពីវ៉ាត (Epivat) ចន្លេាះរវាងសេលីមប្រីអា (Selymbria) និងកុងស្តង់ទីនុប៉ុល (Constantinople)។ ឪពុកម្តាយរបស់សន្តី ប៉ារ៉ាស្កេវ៉ា (Parasceva) គឺជាគ្រីស្ទបរិស័ទពេញដោយជំនឿយ៉ាងមោះមុត និង មានទ្រព្យសម្បត្តិ។ ពួកគេក៏មានកូនប្រុសម្នាក់ឈ្មោះ អេទីមីយ៉ូស (Euthymius) ដែលត្រូវបានបំបួសជាព្រះសង្ឃ (tonsured a monk) ក្នុងពេលឪពុកម្តាយនៅមានជីវិត ហើយក្រោយមកបានក្លាយជាប៊ីស្សប (Bishop) ល្បីឈ្មោះនៅ ទីក្រុងម៉ាឌីតុស (Madytos)។
ស្រ្តីព្រម្មចារីយ៍ ប៉ារ៉ាស្កេវ៉ា តែងតែចង់បានជីវិតជាឣ្នកបួស (ascetic life) ដើម្បីព្រះគ្រីស្ត។ បន្ទាប់ពីឪពុកម្តាយនាងបានស្លាប់ នាងបានចាកចេញពីផ្ទះ ហើយទៅក្រុងកុងស្តង់ទីនូប៉ូលមុន បន្ទាប់មកទៅទីរហោឋានយ៉ូដាន (Jordan) ដែលនាងបានរស់នៅជីវិតជាឣ្នកបួសរហូតដល់វ័យចំណាស់។ តើនរណាអាចបង្ហាញបានពីការខិតខំប្រឹងប្រែង ការឈឺចាប់ និងការល្បួងរបស់ពួកអារក្ស (demonic temptations) ទាំងអស់ដែលសន្តី ប៉ារ៉ាស្កេវ៉ា បានឆ្លងកាត់ក្នុងអំឡុងពេលជាច្រើនឆ្នាំនេាះ?
នៅវ័យចំណាស់របស់នាង ទេវទូត (angel) របស់ព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះនាងម្តង ហើយបានមានបន្ទូលថា៖ «ចូរចាកចេញពីទីរហោឋាន ហើយត្រឡប់ទៅស្រុកកំណើតវិញ វាចាំបាច់ដែលអ្នកត្រូវតែបូជារាងកាយរបស់អ្នកទៅដីនៅទីនោះ ហើយដួងព្រលឹងរបស់អ្នកទៅកាន់លំនៅដ្ឋានរបស់ព្រះអម្ចាស់»។ សន្តី ប៉ារ៉ាស្កេវ៉ា បានប្រតិបត្តិតាម ហើយត្រឡប់មកអេពីវ៉ាតវិញ។ នៅទីនោះ នាងបានរស់នៅអស់រយៈពេលពីរឆ្នាំក្នុងការតមអាហារ (fasting) និងការអធិស្ឋាន (prayer) ដែលមិនដាច់ បន្ទាប់មកបានបញ្ជូនទៅនូវដួងព្រលឹងរបស់នាងថ្វាយព្រះជាម្ចាស់ ហើយបានទៅគង់នៅក្នុងស្ថានឋានសួគ៌ (Paradise)។
សន្តី ប៉ារ៉ាស្កេវ៉ា បានសោយទិវង្គតក្នុងសតវត្សរ៍ទី ១១។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ អធិធាតុដ៏វិសុទ្ធ (relics) របស់នាងត្រូវបានផ្ទេរទៅក្រុងកុងស្តង់ទីនូប៉ូល ទៅក្រុងតើនូវ៉ូ (Trnovo) ហើយទៅ ទៅក្រុងកុងស្តង់ទីនូប៉ូលម្តងទៀត ហើយបន្ទាប់មកទៅក្រុងបេលក្រាដ (Belgrade)។ រាងកាយដ៏វិសុទ្ធរបស់នាងបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសរូម៉ានី (Romania) នៅក្នុងទីក្រុងយ៉ាស៊ី (Iasi)។ នៅក្រុងបេលក្រាដ អណ្ដូងរបស់សន្ត ផេតកា (St. Petka) បានព្យាបាលអ្នកជម្ងឺ ដែលចូលមកដោយមានជំនឿលើព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ចំពោះសន្តីនេះ ដោយឣព្ភូតហេុតឣស្ចារ្យ។
*កំណត់សម្គាល់៖ សៀវភៅ Synaxarion ភាសាក្រិច (Greek Synaxarion) កត់ត្រាការជួយដ៏អស្ចារ្យរបស់សន្តី ប៉ារ៉ាស្កេវ៉ា នៅលើកោះឈីអូស (Chios) ក្នុងឆ្នាំ ១៤៤២ នៃគ្រិស្តសករាជ។ បូជាចារ្យសង្ឃ (Hieromonk) អាំប្រូស (Ambrose) ម្នាក់កំពុងប្រារព្ធពិធីអធិស្ឋានពេលល្ងាច នៅក្នុងព្រះវិហារ (Church) របស់សន្តី ប៉ារ៉ាស្កេវ៉ា។ មិនមាននរណាផ្សេងទៀតនៅក្នុងព្រះវិហារនោះទេ។ នៅចុងបញ្ចប់នៃការឣធិស្ឋាន ព្យុះដ៏គួរឱ្យខ្លាចបានបុកដោយសម្លេងខ្លាំងៗ ហើយវាភ្លៀងយ៉ាងខ្លាំងពេញមួយយប់ទាំងមូល។ អាំប្រូស មិនអាចចាកចេញពីព្រះវិហារបានទេ។ ដោយគិតថាកោះទាំងមូលនឹងត្រូវទឹកជំនន់លិច ហើយមនុស្សទាំងអស់នឹងស្លាប់ គាត់បានចាប់ផ្តើមអធិស្ឋានទៅកាន់សន្តី ប៉ារ៉ាស្កេវ៉ា ដើម្បីជួយសង្គ្រោះស្រុកកំណើតរបស់គាត់ និងដើម្បីធ្វើឱ្យព្រះជាម្ចាស់ឈប់ក្រោធ។ មុនពេលព្រលឹម អាំប្រូស បានដេកលក់។ វាហាក់ដូចជាគាត់ឃើញដំបូលព្រះវិហារបាត់ ហើយគាត់ឃើញពពកនៃពន្លឺមួយនៅទីខ្ពស់ ហើយនៅក្នុងនោះមានស្ត្រីដ៏ថ្លៃថ្នូរម្នាក់ កំពុងអធិស្ឋាននៅចំពោះមុខព្រះជាម្ចាស់។ បន្ទាប់ពីការអធិស្ឋានរបស់នាង នាងបាននិយាយទៅកាន់សង្ឃនោះថា៖ «អាំប្រូស កុំភ័យឣី ស្រុកកំណើតរបស់អ្នកត្រូវបានជួយសង្គ្រោះហើយ» ហើយទឹកភ្លៀងក៏ឈប់ភ្លាមៗនេាះ។ ចាប់ពីពេលនោះមក សន្តី ប៉ារ៉ាស្កេវ៉ា ត្រូវបានគេប្រារព្ធពិធីរំលឹកយ៉ាងឱឡារិកនៅលើកោះឈីអូស។
