សន្ត ដ៏គួរអោយគោរព លោកយ៉ូហាននីគីយ៉ុស ដ័អស្ចារ្យ
THE VENERABLE IOANNICIUS THE GREAT

លោក យ៉ូហាននីគីយ៉ុស ដែលជាពន្លឺខាងផ្លូវវិញ្ញាណដ៏អស្ចារ្យ បានកើតនៅក្នុងភូមិម៉ារីកាតា នៅខេត្តប៊ីធីនី ជាកូនរបស់ លោកមិរីទ្រីស (Myritricius) និងម្តាយអាណាស្តាស៊ី (Anastasia)។ ក្នុងវ័យកុមារ លោកធ្លាប់ជាអ្នកគង្វាលចៀម។ ពេលលោកគង្វាលចៀម លោកចូលចិត្តគេចខ្លួនទៅកន្លែងស្ងប់ស្ងាត់ ហើយអធិស្ឋានពេញមួយថ្ងៃ ខណះពេលដែល ដើរជំវិញ ហ្វូងចៀមរបស់លោក ហើយធ្វើសញ្ញាឈើឈើឆ្កាង ដើម្បីកុំឱ្យហ្វូងចៀមនោះវង្វេងឬរត់ខ្ចាត់ខ្ចាយ។ ក្រោយមក លោកត្រូវបានជ្រើសរើសអោយចូលក្នុងទាហាន ហើយបានបង្ហាញភាពក្លាហានយ៉ាងអស្ចារ្យ ជាពិសេសក្នុងសង្គ្រាមជាមួយពួកប៊ុលហ្គារី។
បន្ទាប់ពីបម្រើការក្នុងយោធា លោកយ៉ូហាននីគីយ៉ុសបានដកខ្លួនទៅកាន់ភ្នំអូលីមប៉ូស (Mount Olympus) នៅតំបន់អាស៊ីតូច ដែលលោកត្រូវបាន បំបួសជាលោកសង្ឃ ហើយបាន ឧទ្ទិសខ្លួនទៅដល់ជីវិតរស់នៅជាអ្នកបួស រហូតដល់លោកសោយទិវង្គតក្នុងវ័យចាស់ជរា។ លោកបានអនុវត្តន៍ ជីវិតអ្នកបួស ជាងហាសិបឆ្នាំក្នុងទីតំបន់ផ្សេងៗ ហើយបានទទួលអំណោយ ដ៏បរិបូរណ៍ ក្នុងការធ្វើអព្ភូតហេតុ ពីព្រះជាម្ចាស់។ លោកបានព្យាបាលរាល់ជម្ងឺឈឺថ្កាត់ បណ្តេញអារក្ស និងធ្វើឱ្យសត្វព្រៃក្លាយជាស្លូតបូត។ ជាពិសេស លោកមានអានុភាពលើសត្តពស់ និង អាចឆ្លងកាត់ទឹក ដូចជាឆ្លងលើដីគោក ហើយអាចក្លាយជាអរូបី មិនអោយមនុស្សមើលឃើញ នៅពេលលោកមានបំណងចង់ធ្វើដូច្នេះ ហើយអាចទាយព្រឹត្តិការណ៍អនាគតបាន។
លោកត្រូវបានគេសម្គាល់ដោយភាពដាក់ខ្លួនខ្លាំង និងភាពស្លូតបូត។ រូបរាងខាងក្រៅរបស់លោកគឺស្រដៀងនឹងយក្ស ដ៏ធំធេង និងមានឥទ្ធិពលខ្លាំងក្លា។ លោកបានចូលរួមយ៉ាងសកម្ម ក្នុងជោគវាសនានៃព្រះសហគមន៍របស់ព្រះជាម្ចាស់។ ក្នុងអំឡុងពេលមានជម្លោះអំពី រូប អាយខន (iconoclast controversy) លោកត្រូវបានគេបោកប្រាស់ពេលដំបូង ប៉ុន្តែក្រោយមកបានផ្តាច់ខ្លួនចេញពីទស្សនៈប្រឆាំងរូបអាយខន ហើយក្លាយជាអ្នកគាំទ្រដ៏ខ្លាំងខ្លា នៃការគោរព រូបអាយខន។ លោកមានមិត្តភាពដ៏ជ្រាលជ្រៅជាមួយនឹងសម្តេច ប៉ាទ្រីអាក្ខ មេតូឌ្យុស (Methodius) នៃកុងស្តង់ទីប៉ុល។ លោកយ៉ូហាននីគីយ៉ុស បានរស់នៅអស់រយៈពេល ៩៤ ឆ្នាំ ហើយបានសោយទិវង្គតយ៉ាងសន្តិភាពក្នុងព្រះអម្ចាស់ នាឆ្នាំ ៨៤៦ នៃគ.ស។ លោកជាអ្នកធ្វើអព្ភូតហេតុដ៏អស្ចារ្យ ទាំងពេលលោកនៅរស់ និងក្រោយពីសោយទិវង្គត។
