សន្តបុគ្គលនៃ ថ្ងៃទី5 ខែវិច្ឆិកា

THE VENERABLE MARTYRS GALACTION AND EPISTEME


កាឡាក់ទីយ៉ូន និងអេពីស្តេម ទាំងពីរអ្នកនេះបានកើត នៅក្នុងក្រុងអេដេសសា ដែលស្ថិតនៅក្នុងខេត្តផូនីស។ មាតារបស់កាឡាក់ទីយ៉ូន មិនអាចមានកូនបាន រហូតដល់ពេលនាងបានទទួលពិធីជ្រមុជទឹក។ ក្រោយពីទទួលពិធីជ្រមុជទឹកហើយ នាងបានបំប្លែងស្វាមីរបស់នាង (ឈ្មោះគ្លីតូផុន) ឱ្យមកកាន់សាសនាគ្រិស្តដ៏ពិតប្រាកដ ហើយបានធ្វើពិធីជ្រមុជទឹកឱ្យកូនប្រុសនាង ឈ្មោះកាឡាក់ទីយ៉ូន ព្រមទាំងបង្រៀនកូនប្រុស ឱ្យស្គាល់ គ្រិស្តសាសនា។

នៅពេលដែលកាឡាក់ទីយ៉ូន មានវ័យគ្រប់គ្រាន់ដើម្បីរៀបការ មាតាដ៏ល្អរបស់​លោក ឈ្មោះ លេគីប៉ា ក៏បានទទួលមរណភាព ហើយឪពុករបស់​លោក បានរៀបចំលោក ឱ្យមានមង្គលការជាមួយនារីម្នាក់ដែលកើតមកក្នុងគ្រួសារអ្នកកាន់សាសនាព្រះក្លែងក្លាយ ដែលនាងមាន ឈ្មោះថា អេពីស្តេម។ កាឡាក់ទីយ៉ូនមិនមានបំណងចង់រៀបការឡើយ ហើយ​បានណែនាំឱ្យអេពីស្តេមទទួលពិធីជ្រមុជទឹក បន្ទាប់មកនាងក៏បាន បំបួសធ្វើជាយាយជី នៅពេលដែល​ កាឡាក់ទីយ៉ូន បានបំបួសជាលោកសង្ឃដែរ។ ​

ទាំងពីរនាក់បានទៅភ្នំពូបលីយ៉ុន—កាឡាក់ទីយ៉ូនទៅ នៅក្នុងសង្ឃស្ថាន  ហើយអេពីស្តេមទៅនៅក្នុង ដូនជីស្ថាន។ ពួក​គាត់បានក្លាយជាពន្លឺ ដ៏ភ្លឺស្វាងក្នុងវត្តអារាមរបស់ពួកគាត់​។ ពួក​គាត់ ពូកែខាងធ្វើពលកម្ម ក្នុងការអធិស្ឋាន ក្នុងការបន្ទាបខ្លួន និងស្តាប់បង្គាប់ ហើយក៏ពូកែ ក្នុងសេចក្តីស្រឡាញ់ផងដែរ។ ពួក​គាត់មិនដែលចាកចេញពីវត្តអារាមរបស់ពួកគាត់ឡើយ​​ ហើយក៏មិនដែល បានជួបគ្នាដែរ លើកលែងតែមុនពេលទទួលមរណភាព ប៉ុណ្ណោះ។

ការ​បៀតបៀន​យ៉ាង​សាហាវ​បាន​កើតឡើង  ហើយ​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​សាលាក្ដី។នៅពេលដែលពួកកាន់សាសនាព្រះក្លែងក្លាយ វាយកាឡាក់ទីយ៉ូនយ៉ាងឃោរឃៅ អេពីស្តេមក៏យំសោកសង្រេង។ បន្ទាប់មក ពួកនោះក៏វាយនាងអេពីស្តេមទៀត។ បន្ទាប់ពីនោះមក ពួកគេកាត់ដៃ កាត់ជើង ហើយបន្ទាប់មកក៏កាត់ក្បាលរបស់អ្នក​ទាំងពីរ។ មិត្តរបស់ពួកគាត់​ឈ្មោះអេតូលីអុស បានយកសពរបស់ពួក​គាត់ ហើយយកទៅបញ្ចុះ ដោយកិត្តយស។ អេតូលីអុស ធ្លាប់ជា អ្នកបំរើ របស់ឪពុកម្តាយអេពីស្តេម ហើយក្រោយមកក៏បានក្លាយ ជាលោកសង្ឃគ្រិស្ទាន ជាមួយលោក កាឡាក់ទីយ៉ូន។ លោកក៏បានសរសេរប្រវត្តិរបស់ មរណសាក្សីទាំងពីររបស់ ព្រះគ្រិស្តនេះ ដែលជាអ្នកតស៊ូដ៏អស្ចារ្យ ហើយ ដែលបានទទួល មកុដ នៅលើស្ថានសួគ៌ ក្នុងឆ្នាំ២៥៣ នៃគ.ស។