មរណសាក្សី លោក អុីរុន និង មិត្តដៃគូរបស់លោក
THE HOLY MARTYR HIERON AND HIS COMPANIONS

អុីរ៉ុន កើតនៅក្រុងទីយ៉ាណា ខេត្តកាប់ប៉ាដូស៊ី មានមាតាឈ្មោះ ស្ត្រាតូនីកា ដែលមានជំនឿមុតមាំ តែពិការភ្នែក។ អុីរ៉ុន គឺជាគ្រិស្ដបរិស័ទដែលខ្នះខ្នែងក្នុងជំនឿ ហើយបានថែរក្សាមាតាដែលពិការភ្នែករបស់គាត់ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ។ គាត់មិនចង់ទៅធ្វើទាហានដោយសារតែហេតុផលពីរ៖ ទីមួយ គាត់មិនចង់ចាកចេញពីមាតាដែលគ្មានអ្នកគាំពារ ហើយទីពីរ វាជារឿងឈឺចាប់សម្រាប់គាត់ពេល គិតថា ការធ្វើជាទាហាននឹងបង្ខំឲ្យគាត់ត្រូវថ្វាយបូជាដល់ព្រះក្លែងក្លាយ។
ទីបំផុត អុីរ៉ុន ត្រូវបានចាប់ខ្លួនជាមួយនឹងគ្រិស្ដបរិស័ទដទៃទៀត ហើយពួកគេត្រូវបាននាំទៅជំនុំជម្រះចំពោះមុខមេខេត្តនៃក្រុងមេលីទីន។ នៅពេលពួកគាត់នៅតាមផ្លូវ មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ស ភ្លឺចែងចាំង បានបង្ហាញខ្លួន មកជួបអុីរ៉ុន នៅពេលយប់មួយ ហើយនិយាយថា៖ «ចូរស្តាប់ ឱអុីរ៉ុន ខ្ញុំប្រកាសដំណឹងល្អដល់អ្នក៖ អ្នកនឹងមិនបានធ្វើសង្គ្រាមសម្រាប់ស្តេចនៅលើផែនដីទេ តែអ្នកនឹងបពា្ចប់ការតស៊ូរបស់អ្នកសម្រាប់ស្តេចនៅស្ថានសួគ៌ ហើយអ្នកនឹងឆាប់មកដល់ព្រះអង្គ ដើម្បីទទួលកិត្តិយស និងសិរីរុងរឿង។» ក្រោយពីបានឮដូច្នោះ ចិត្តរបស់អុីរ៉ុន ក៏ពោរពេញទៅដោយក្តីអំណរយ៉ាងក្រៃលែង។
នៅក្រុងមេលីទីន ពួកគេទាំងអស់គ្នាត្រូវបានគេដាក់គុក ហើយអុីរ៉ុន បានខិតខំយ៉ាងខ្លាំង ក្នុងការពង្រឹងចិត្តនិងជំនឿរបស់ អ្នកទាំងអស់ដែលត្រូវ បានគេឃុំ ខ្លួន ដោយទូន្មានពួកគេមិនឱ្យនរណាម្នាក់បោះបង់ជំនឿចោលឡើយ តែផ្ទុយទៅវិញ ត្រូវបង្គាប់ខ្លួនឯង ដោយស្ម័គ្រចិត្ត ឱ្យទទួលរងទារុណកម្ម និងសេចក្តីស្លាប់ដើម្បីព្រះគ្រិស្ដ។ អ្នកទាំងអស់ លើកលែងតែមួយគត់ បានប្រកាសជំនឿរបស់ពួកគេលើព្រះអម្ចាស់យេស៊ូគ្រិស្ដ។ ករណីលើកលែងនោះគឺ លោក វីកទ័រ ដែលជាសាច់សាលោហិតរបស់អុីរ៉ុន ដែលបានបោះបង់ចោលជំនឿ។
ពួកដែលធ្វើទារុណកម្ម បានកាត់ដៃម្ខាងរបស់អុីរ៉ុន បន្ទាប់មកវាយខ្វេះ និងធ្វើទារុណកម្មគាត់តាមវិធីផ្សេងៗ រហូតដល់ពួកគេកាត់ក្បាលគាត់ និងអ្នកដទៃទៀត។ ក្នុងពេលដែលពួកមរណសាក្សី ទាំង ៣៣ អង្គនេះ ដើរទៅកាន់ទីប្រហារជីវិត ពួកលោកបានសូត្រខគម្ពីរ នៃសៀវភៅទំនុកដំកើង ៖
“ អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិ តាមវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ (ទំនុកតម្កើង ១១៨:១)។
យើងនឹងរាយនាមរបស់មរណសាក្សី ពេញដោយកិត្តិយស ដែលឈ្មោះរបស់ពួកលោក ត្រូវបានកត់ត្រានៅក្នុង សៀវភៅជីវិតនោះ ដូចតទៅ៖ ហេស៊ីឃីអ៊ូស, នីកាន់ដឺ, អាថាណាស៊ីអ៊ូស, ម៉ាម៉ាស, បារ៉ាឃីអ៊ូស, កាលីនីកូស, ថេអូហ្សែន, នីកុន, ឡុងជីនុស, ថេអូដ័រ, វ៉ាឡេរីអ៊ូស, សាន់ឃីអ៊ូស, ថេអូឌុលុស, កាលីម៉ាកូស, អេហ្សែនុស, ថេអូដូឃុស, អូស្រ្ទីឃីអ៊ូស, អេប៊ីផានៀស, ម៉ាក់ស៊ីមៀន, ឌូស៊ីទីអ៊ូស, ក្លូឌៀន, ថេអូភីលុស, ជីហ្កាន់ទីអ៊ូស, ដូរ៉ូថេអ៊ូស, ថេអូដូទូស, កាស្រ្ទីឃីអ៊ូស, អានីក្លេទុស, ថេមីលីអ៊ូស, អេទីឈីអ៊ូស, ហ៊ីឡារីអូន, ឌីអូដូទូស និង អាម៉ូនីទុស។
មានបុរសម្នាក់ឈ្មោះ ឃ្រីសាន់ថុស បានទិញក្បាលដែល ត្រូវគេកាត់ចេញ ពីរាងកាយរបស់អុីរ៉ុន ហើយបានធ្វើពិធីបញ្ចុះសពយ៉ាងថ្កុំថ្កើង ក្រោយមកក៏សាងព្រះវិហារមួយ នៅលើផ្នូររបស់លោក ហើយ ឧទ្ទិស ព្រះវិហារនេះទៅកាន់ ឈ្មោះរបស់សន្តម្នាក់នេះ។ ដៃដែលត្រូវគេកាត់របស់មរណសាក្សីនេះ ត្រូវបាននាំមកជូនមាតាដែលពិការភ្នែក របស់គាត់។ សន្ត អុីរ៉ុន និងមិត្ដដៃគូរបស់លោក បានទទួល ទារុណកម្មក្នុងឆ្នាំ ២៩៨ នៃគ.ស. ហើយបានចូលទៅកាន់សិរីរុងរឿង ជាមួយព្រះគ្រិស្ដ។
