សន្ត អុីឡារីយ៉ូន ដ៏ឆ្នើមអស្ចារ្យ
THE VENERABLE HILARION THE GREAT

ដូចជាផ្កាកុលាបដុះនៅចំណោមបន្លា សន្តដ៏អស្ចារ្យនេះកើតមកជាមួយឪពុកម្តាយដែល កាន់សាសនាឣារក្សនិយមនៅក្នុងភូមិថាបាតា (Tabatha) ជិតទីក្រុងហ្គាហ្សា (Gaza) នៅប៉ាឡេស្ទីន (Palestine)។ ឪពុកម្តាយរបស់គាត់បានបញ្ជូនគាត់ទៅសិក្សានៅក្រុងអាឡិចសង់ឌ្រី (Alexandria) ដែលជាកន្លែងដែលក្មេងដ៏ឆ្លាតវៃនេះបានទទួលយកទាំងចំណេះដឹងលោកិយ និងប្រាជ្ញាខាងឯព្រលឹងវិញ្ញាណយ៉ាងរហ័ស។ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូគ្រីស្ត គាត់ត្រូវបានធ្វើពិធីជ្រមុជទឹក ហើយបានប្រាថ្នាបូជាខ្លួនឯងទាំងស្រុងដល់ការបម្រើព្រះអម្ចាស់។
ដោយមានបំណងនេះនៅក្នុងចិត្ត អុីឡារីយ៉ូន (Hilarion) បានទៅលេងសន្ត អង់តូនី (Anthony) នៅក្នុងទីរហោឋាន ហើយបានក្លាយជាសិស្សរបស់គាត់។ បន្ទាប់មក គាត់បានត្រឡប់ទៅស្រុកកំណើតវិញ ហើយរស់នៅជីវិត ជាឣ្នកបួស (asceticism) ក្បែរតំបន់ ម៉ៃអ៊ូម៉ា (Maiuma) នៅហ្គាហ្សា។ ពួកឣារក្ស (Demons) បានព្យាយាមធ្វើឱ្យគាត់ភ័យខ្លាចតាមវិធីផ្សេងៗ ប៉ុន្តែដោយការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងសញ្ញាឈើឆ្កាង (sign of the Cross) គាត់តែងតែមានជ័យជំនះ និងបណេ្ដញពួកវាចេញ។
អ្នកស្រឡាញ់ជីវិតខាង ព្រលឹងវិញ្ញាណជាច្រើនបានប្រមូលផ្តុំជុំវិញគាត់។ សម្រាប់ ប៉ាឡេស្ទីន លោកអុីឡារីយ៉ូន គឺដូចជា សន្ត អង់តូនី សំរាប់ អេហ្ស៊ីបអញ្ចឹង។ ជាគ្រូដ៏អស្ចារ្យ ជាអ្នកបួស និងជាអ្នកបង្កើតឣព្ភូតហេតុដ៏អស្ចារ្យ អុីឡារីយ៉ូន ត្រូវបានគោរពឣោយតម្លៃមិនត្រឹមតែដោយគ្រីស្ទបរិស័ទប៉ុណ្ណោះទេ ថែមទាំងដោយពួកឣារក្សនិយមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយខ្លាចការលើកតម្កើងរបស់មនុស្ស និងការយំយែកដោយទឹកភ្នែកថា «ឱខ្ញុំដែលជាក្ដីវិនាសអើយ ខ្ញុំបានទទួលរង្វាន់របស់ខ្ញុំនៅលើផែនដីហើយ!» គាត់ក៏បានរត់គេចពីកន្លែងមួយទៅកន្លែងមួយ ដើម្បីលាក់ខ្លួនពីមនុស្ស និងនៅតែម្នាក់ឯងជាមួយដួងព្រលឹងរបស់គាត់ និងជាមួយព្រះជាម្ចាស់។ ដូច្នេះ គាត់បានធ្វើដំណើរ និងរស់នៅក្នុងប្រទេសអេហ្ស៊ីប (Egypt) ស៊ីស៊ីលី (Sicily) ដាលម៉ាទីយ៉ា (Dalmatia) និងទីបំផុតនៅកោះស៊ីប (Cyprus) ដែលជាកន្លែងដែលជីវិតដ៏ពិបាករបស់គាត់បានដល់ទីបញ្ចប់ក្នុងប្រហែលឆ្នាំ ៣៧២ នៃគ្រិស្តសករាជ ក្នុងអាយុ ៨០ ឆ្នាំ។
រាងកាយដ៏មានអានុភាពបង្កើតឣព្ភូតហេតុអស្ចារ្យ (miracle-working relics) របស់សន្ត អុីឡារីយ៉ូន ត្រូវបានផ្ទេរទៅប៉ាឡេស្ទីនដោយសិស្សរបស់គាត់ឈ្មោះ ហេស៊ីឈីយ៉ូស (Hesychius) ហើយត្រូវបានដាក់នៅក្នុងសង្ឃស្ថាន (monastery) ដែលគាត់បានបង្កើតឡើង។
