សន្ត អាវែរគីយ៉ូស ស្មើនឹងគ្រីស្ទទូត
SAINT AVERCIUS, EQUAL TO THE APOSTLES

ក្នុងរាជ្យរបស់អធិរាជអង់តូនីនុស (Antoninus) និងបុត្ររបស់ទ្រង់ ម៉ាកុស អូរេលីយ៉ូស (Marcus Aurelius) សន្ត អាវែរគីយ៉ូស (Abercius) ជាប៊ីស្សប (Bishop) នៃក្រុងហៀរ៉ាផូលីស (Hierapolis) ក្នុងខេត្តហ្វ្រីហ្ស៊ី (Phrygia)។ ប្រជាជនភាគច្រើននៅក្នុងទីក្រុងនេះគឺជាពួកឣារក្សនិយម ហើយសន្ត អាវែរគីយ៉ូស បានគ្រប់គ្រងហ្វូងចៀមតិចតួចរបស់គាត់ ដោយមានទុក្ខព្រួយក្នុងចិត្តដោយសារចំនួនពួកឣារក្សនិយម និងអ្នកគោរពព្រះក្លែងក្លាយមានច្រើន ហើយបានអធិស្ឋានដល់ព្រះជាម្ចាស់យ៉ាងខ្នះខ្នែងថា សូមឱ្យទ្រង់នាំពួកគេមកកាន់ពន្លឺនៃការពិត។
ក្នុងអំឡុងពិធីបុណ្យគោរពព្រះក្លែងក្លាយដ៏ពេញទៅដោយសម្លេងរំខានមួយ អាវែរគីយ៉ូស ដែលពោរពេញដោយចិត្តស្រលាញ់ឆេះឆួលដល់ព្រះជាម្ចាស់ (God’s zeal) បានចូលទៅក្នុងព្រះវិហាររបស់ពួកគោរពព្រះក្លែងក្លាយ (idolatrous temple) ហើយវាយបំផ្លាញរូបសំណាក ព្រះក្លែងក្លាយទាំងអស់។ នៅពេលដែលពួកឣារក្សនិយមដែលក្រោធខឹង ចង់រកគាត់ដើម្បីសម្លាប់ មានយុវជនឆ្កួតបីនាក់ ដែលមានពពុះនៅមាត់ និងយំឡូឡា បានមកដួលចុះ នៅមុខបុរសរបស់ព្រះជាម្ចាស់ (man of God) នេះ ហើយគាត់បានបណេ្ដញពួកឣារក្ស (demons) ចេញពីពួកគេ។ យុវជនទាំងនោះបានក្លាយជាមនុស្សដែលមានស្មារតីប្រក្រតី និងស្ងៀមស្ងាត់។ រឿងនេះបានប្រែការក្រោធរបស់ពួកឣារក្សនិយមទៅជាការភ្ញាក់ផ្អើលចំពោះ អ្នកបង្កើតឣព្ភូតហេតុអស្ចារ្យរបស់ព្រះគ្រីស្តនេះ (wonderworker of Christ) ហើយភ្លាមៗនោះ ពួកគេចំនួន ៥០០ នាក់បានប្រាថ្នាចង់ធ្វើពិធីជ្រមុជទឹក។
ដោយបន្តិចម្តងៗ ទីក្រុងហៀរ៉ាផូលីសទាំងមូលបានមកជឿលើព្រះគ្រីស្ត ហើយត្រូវបានធ្វើពិធីជ្រមុជទឹក។ មានអភិបាលខេត្ត (proconsul) ម្នាក់ ឈ្មេាះពូប្ល៊ីយ៉ុស (Publius) ដែលមានម្តាយពិការភ្នែក។ អាវែរគីយ៉ូស បានធ្វើឱ្យនាងមើលឃើញឡើងវិញដោយការអធិស្ឋាន ហើយ ពូប្ល៊ីយ៉ុស ជាមួយ ម្តាយរបស់គាត់ និងមនុស្សជាច្រើនទៀតបានជឿលើព្រះគ្រីស្ត។
ក្នុងវ័យចំណាស់ អាវែរគីយ៉ូស ត្រូវបានគេហៅទៅក្រុងរ៉ូម (Rome) ដែលជាកន្លែងដែលគាត់បានព្យាបាលកូនស្រីរបស់អធិរាជពីជម្ងឺវិកលចរិត (insanity)។ ព្រះអម្ចាស់យេស៊ូគ្រីស្តបានបង្ហាញខ្លួន ដល់អ្នកដើរតាម ទ្រង់ដ៏ស្មោះត្រង់នេះជាច្រើនដង។ មនុស្សពីកន្លែងជិត និងឆ្ងាយបានមករកគាត់សម្រាប់ជំនួយដ៏អស្ចារ្យ នៅពេលដែលពួកគេទទួលរង ជម្ងឺដែលព្យាបាលមិនជា។ ពួកឣារក្សមិនត្រឹមតែខ្លាចគាត់ប៉ុណ្ណោះទេ ថែមទាំងបម្រើគាត់តាមបទបញ្ជារបស់គាត់ផងដែរ។
តាមការណែនាំរបស់ព្រះអម្ចាស់ផ្ទាល់ អាវែរគីយ៉ូស បានផ្សព្វផ្សាយដំណឹងល្អ (Gospel) នៅទូទាំងប្រទេសស៊ីរី (Syria) និងមេសូផូតាមីយ៉ា (Mesopotamia)។ ក្នុងវ័យចាស់ជរាខ្លាំង សន្ត អាវែរគីយ៉ូស បានប្រគល់ខ្លួនទៅកាន់ព្រះអម្ចាស់ដ៏ជាទីស្រឡាញ់របស់គាត់ នៅក្រុងហៀរ៉ាផូលីស នៅចុងសតវត្សរ៍ទីពីរ។
