សន្ត ដេមេទ្រី (DEMETRIUS) មហាមរណសាក្សីដ៏វិសុទ្ធ
THE HOLY GREAT-MARTYR DEMETRIUS

សន្តដ៏រុងរឿង និងពោពេញដោយឣព្ភូតហេតុឣស្ចារ្យម្នាក់នេះ បានប្រសូត្រនៅក្នុងទីក្រុងថេស្សាឡូនីក (Thessalonica) ពីឪពុកម្ដាយឣភិជន និងមានជំនឿមុតមាំ។ ដេមេទ្រី ជាកូនប្រុសដែលបានប្រសូត ដោយសារការសំអង្វរដល់ព្រះអម្ចាស់ ពីឪពុកម្ដាយដែលគ្មានកូន ដូច្នេះ ដេមេទ្រី (Demetrius) គឺជាកូនប្រុសតែមួយគត់ ហើយត្រូវបានចិញ្ចឹមបិបាច់ និងអប់រំយ៉ាងប្រុងប្រយ័ត្ន។ ឪពុករបស់ដេមេទ្រី ជាមេបញ្ជាការនៅក្នុងទីក្រុងថេស្សាឡូនីក (Thessalonica)។ នៅពេលឪពុករបស់គាត់ស្លាប់ចៅឣធិរាជ ម៉ាក់ស៊ីមៀន (Maximian) បានតែងតាំងដេមេទ្រី ជាមេបញ្ជាការជំនួស។ នៅពេលតែងតាំងគាត់ ម៉ាក់ស៊ីមៀន (Maximian) ដែលជាសត្រូវព្រះគ្រិស្ត បានបញ្ជាការជាពិសេសឱ្យគាត់បំផ្លាញ និងធ្វើទារុណកម្មគ្រីស្ទាននៅក្នុងទីក្រុងថេស្សាឡូនីក (Thessalonica)។ ដេមេទ្រី មិនត្រឹមតែមិនគោរពតាមព្រះចៅអធិរាជប៉ុណ្ណោះទេ ថែមទាំងបានប្រកាស និងផ្សព្វផ្សាយពីព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់យ៉ាងចំហនៅក្នុងទីក្រុងថេស្សាឡូនីក (Thessalonica)។ នៅពេលចៅឣធិរាជបានដឹងពីរឿងនេះ ទ្រង់ក៏ក្រោធខឹងនឹងដេមេទ្រីយ៉ាងខ្លាំង។ បន្ទាប់មក នៅពេលដែលទ្រង់ត្រឡប់មកពីសមរភូមិជាមួយនឹងពួកសារម៉ាត (Sarmatians) ម៉ាក់ស៊ីមៀន (Maximian) បានឈប់នៅថេស្សាឡូនីក (Thessalonica) ដើម្បីស៊ើបអង្កេតរឿងនេះ។
ចៅឣធិរាជបានកេាះហៅ ដេមេទ្រី ហើយសួរគាត់អំពីជំនឿរបស់គាត់។ ដេមេទ្រី បានទទួលស្គាល់ជំនឿគ្រិស្ទានរបស់គាត់យ៉ាងចំហចំពោះមុខព្រះចៅអធិរាជ ហើយក៏បានរិះគន់ការគោរពសក្ការៈរូបសំណាកព្រះក្លែងក្លាយរបស់ចៅឣធិរាជផងដែរ។ ម៉ាក់ស៊ីមៀន (Maximian) បានបញ្ជូនដេមេទ្រី ឱ្យទៅឃុំឃាំង។ ដោយដឹងពីអ្វីដែលកំពុងរង់ចាំខ្លួន ដេមេទ្រី បានជូនទ្រព្យសម្បត្តិទាំងអស់របស់គាត់ទៅឱ្យឣ្នកបម្រើដ៏ស្មោះត្រង់របស់គាត់ឈ្មោះ លូពូស (Lupus) ដើម្បីចែកចាយឱ្យជនក្រីក្រ ហើយរង់ចាំការរងទុក្ខ ដែលនឹងកើតឡើងឆាប់ៗរបស់គាត់ដើម្បីព្រះគ្រិស្តជាព្រះអម្ចាស់ដោយភាពរីករាយ។ ទេវទូតនៃព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះគាត់នៅក្នុងគុក ដោយនិយាយថា៖ “សូមឱ្យមានសន្តិភាពចំពោះអ្នក ឱអ្នកដែលរងទុក្ខដើម្បីព្រះគ្រិស្តឣើយ; ចូរឲ្យមានសេចក្ដីក្លាហាន និងអត់ទ្រាំឡើង!” ក្រោយពីពេលមួយរយៈ ចៅឣធិរាជបានបញ្ជូនទាហានទៅកាន់គុកដើម្បីសម្លាប់ដេមេទ្រី ។ ទាហានបានឃើញសន្តនៃព្រះជាម្ចាស់កំពុងអធិស្ឋាន ហើយបានចាក់គាត់ដោយដាវវែង។ ពួកគ្រីស្ទានបានលួចយករាងកាយរបស់គាត់ ហើយបញ្ចុះពេញដោយកិត្តិយស។ ប្រេងក្រឣូបដែលជាឱសថព្យាបាលបានហូរចេញពីរាងកាយរបស់មរណសាក្សីរបស់ព្រះគ្រិស្តនេះ ហើយបានព្យាបាលអ្នកជំងឺជាច្រើននាក់។ មិនយូរប៉ុន្មាន ព្រះវិហារតូចមួយត្រូវបានសង់ឡើងលើអដ្ឋិធាតុរបស់គាត់។
មេដឹកនាំអ៊ីលលីរី (Illyrian) ម្នាក់ឈ្មោះ លេអុងទី (Leontius) បានរងទុក្ខពីជំងឺដែលព្យាបាលមិនជា។ គាត់បានប្រញាប់ទៅកាន់អដ្ឋិធាតុរបស់សន្ត ដេមេទ្រី ហើយបានជាសះស្បើយទាំងស្រុង ដោយការអធិស្ឋាន។ ដើម្បីថ្លែងអំណរគុណ លេអុងទី បានសង់ព្រះវិហារធំជាងមុនច្រើន នៅលើទីតាំងព្រះវិហារចាស់។ សន្តនេះបានបង្ហាញខ្លួនចំពោះគាត់ពីរដង។ នៅពេលព្រះចៅ យ៉ូស្ទីនីយ៉ាន (Justinian) ចង់ផ្ទេរអដ្ឋិធាតុរបស់សន្តនេះ ពីថេស្សាឡូនីក (Thessalonica) ទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ផ្កាភ្លើងឆេះបានបង្កើតចេញពីផ្នូរ ហើយសម្លេងមួយបានលាន់ឮឡើងថា៖ “ឈប់! ហើយកុំប៉ះ!” ហើយដូច្នេះ អដ្ឋិធាតុរបស់សន្ត ដេមេទ្រី (Demetrius) បានស្ថិតនៅក្នុងទីក្រុងថេស្សាឡូនីក (Thessalonica) ជារៀងរហូតមក។ ក្នុងនាមជាអ្នកការពារទីក្រុងថេស្សាឡូនីក (Thessalonica) សន្ត ដេមេទ្រី (Demetrius) បានបង្ហាញខ្លួនជាច្រើនដង ហើយក្នុងឱកាសជាច្រើនបានជួយសង្គ្រោះទីក្រុងថេស្សាឡូនីក (Thessalonica) ពីគ្រោះមហន្តរាយធំៗ។ ឣព្ភូតហេតុរបស់គាត់គឺមិនអាចរាប់បានឡើយ។ ពួករុស្ស៊ីចាត់ទុកសន្ត ដេមេទ្រី (Demetrius) ជាអ្នកការពារតំបន់ស៊ីបេរី (Siberia) ដែលត្រូវបានច្បាំងយក និងបញ្ចូលទៅក្នុងរុស្ស៊ីនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៥៨១ នៃគ.ស.។
