សន្តបុគ្គលនៃ ថ្ងៃទី27 ខែតុលា

THE HOLY MARTYR NESTOR


ក្នុងជំនាន់នៃការរងទុក្ខរបស់សន្ត ដេមេទ្រី (DEMETRIUS) អ្នកបញ្ចេញប្រេងព្យាបាល មានក្មេងប្រុសម្នាក់នៅក្នុងទីក្រុងថេស្សាឡូនីក (THESSALONICA) ឈ្មោះ នេស្ត័រ (NESTOR) ដែលបានរៀនពីជំនឿគ្រិស្ទានពីសន្ត ដេមេទ្រី ផ្ទាល់។ នៅពេលនោះ សត្រូវរបស់ព្រះគ្រិស្ត គឺព្រះចៅអធិរាជ ម៉ាក់ស៊ីមៀន (MAXIMIAN) បានរៀបចំល្បែង និងការកម្សាន្តផ្សេងៗសម្រាប់ប្រជារាស្ត្រ។ អ្នកដែលចៅឣធិរាជស្រឡាញ់ជាងគេក្នុងចំណោមអ្នកប្រកួតល្បែងទាំងនេះ គឺជនជាតិវ៉ានដល (VANDAL) ម្នាក់ឈ្មោះ លីអេ (LYAEUS) ដែលមានលក្ខណៈ និងកម្លាំងដូចជា យក្ស ហ្គូលីយ៉ាត (GOLIATH)។ ក្នុងនាមជាអ្នកប្រដាល់ របស់ចៅឣធិរាជ លីអេ បានចំអន្ដចំអាសអ្នកដទៃជារៀងរាល់ថ្ងៃ ឱ្យមកប្រកួត ជាមួយគាត់ ហើយគាត់បានសម្លាប់ពួកគេ។ តាមរបៀបនេះ លីអេ ដែលស្រែករកឈាម បានធ្វើឱ្យ ម៉ាក់ស៊ីមៀន ដែលស្រែករកឈាម និងគោរពសក្ការៈរូបព្រះក្លែងក្លាយនេះ រីករាយ។

ចៅឣធិរាជបានសង់វេទិកាពិសេសមួយសម្រាប់ការប្រកួតរបស់ លីអេ ដែលស្រដៀងនឹងក្តាសំរាប់ជាន់បែនស្រូវ តែមានសសរ ទ្រពីក្រោម។ ដាវលំពែងវែងជាច្រើន ដែលមានមុខឈឡើងលើ ក៏ត្រូវបានដាក់នៅក្រោមវេទិកានេះដែរ។ នៅពេលណា លីអេ ឈ្នះនរណាម្នាក់ក្នុងការប្រកួតបោកចំបាប់ គាត់នឹងចាប់គូរប្រកួតនោះចោលពីលើវេទិកាទៅលើមុខដាវ។ ចៅឣធិរាជ និងប្រជារាស្ត្រដែលគោរពសក្ការៈព្រះក្លែងក្លាយរបស់ទ្រង់ ស្រែកហ៊ោរីករាយ ខណៈដែលជនដ៏កំសត់ទាំងនោះកំពុងវេទនានៅលើមុខដាវរហូតដល់ស្លាប់។ ក្នុងចំណោមជនរងគ្រោះដែលមិនមានទោសរបស់ លីអេ គឺមានគ្រីស្ទានជាច្រើន៖ នៅពេលគ្មាននរណាម្នាក់ស្ម័គ្រចិត្តធ្វើគូរប្រកួតជាមួយ លីអេ តាមបទបញ្ជារបស់ចៅឣធិរាជ ពួកគ្រីស្ទានត្រូវបានគេចាប់ខ្លួន ហើយបង្ខំឱ្យធ្វើ ជាគូរប្រកួតជាមួយគាត់។

ដោយឃើញការកម្សាន្តដ៏គួរឱ្យភ័យខ្លាចនៃលោកិយដែលគោរពសក្ការៈព្រះក្លែងក្លាយ បេះដូងរបស់ នេស្ត័រ ត្រូវបានរហែកដោយការឈឺចាប់ ហើយគាត់បានសម្រេចចិត្តចេញមុខធ្វើគូរប្រកួតជាមួយ លីអេ ដ៏យក្សានោះ។ ប៉ុន្តែដំបូង គាត់បានទៅកាន់គុកដើម្បីជួបសន្ត ដេមេទ្រី ហើយសុំ ការប្រទានពរ ពីគាត់ដើម្បីធ្វើរឿងនេះ។ សន្ត ដេមេទ្រី បានផ្តល់ពរ ដល់គាត់ ធ្វើសញ្ញាឈើឆ្កាងលើថ្ងាស និងលើទ្រូងរបស់គាត់ ហើយបានព្យាករណ៍ទៅគាត់ថា៖ “អ្នកនឹងឈ្នះលើលីអេ ប៉ុន្តែអ្នកនឹងរងទុក្ខដើម្បីព្រះគ្រិស្ត”។ ដូច្នេះ យុវជននេស្ត័រ បានទៅ ប្រកួតជាមួយ លីអេ។ ម៉ាក់ស៊ីមៀន បានយាងមកជាមួយបណ្ដាប្រជារាស្ត្រយ៉ាងច្រើន អ្នករាល់គ្នាមានការអាណិតចំពោះយុវជននេស្ត័រ ដែលពិតជានឹងត្រូវស្លាប់មិនខាន ហើយបានព្យាយាមហាមប្រាមគាត់កុំឱ្យធ្វើគូរប្រកួតជាមួយ លីអេ។ នេស្ត័រ បានធ្វើសញ្ញាឈើឆ្កាងលើខ្លួនឯង ហើយបានឣធិស្ថាន៖ “ឱ ព្រះនៃ ដេមេទ្រី សូមទ្រង់មេត្តាជួយខ្ញុំ!” ហើយដោយមានជំនួយពីព្រះជាម្ចាស់ គាត់បានយកឈ្នះ លីអេ ដោយវាយគេឲ្យដេកដួល ហើយបេាះគេទៅលើមុខដាវមុតស្រួច ដែលជាកន្លែងដែលយក្សានោះបានស្លាប់ភ្លាមៗ។ ពេលនោះ បណ្ដាប្រជារាស្ត្រទាំងអស់បានស្រែកថា៖ “ព្រះនៃ ដេមេទ្រី ពិតជាមហាសាល!” ប៉ុន្តែចៅឣធិរាជ ដែលមានការខ្មាស់អៀនចំពោះបណ្ដាប្រជារាស្ត្រ និងមានទុក្ខសោកចំពោះ លីអេ ដែលជាអ្នកដែលទ្រង់ស្រឡាញ់ ក៏ក្រោធខឹងយ៉ាងខ្លាំងនឹង នេស្ត័រ និង ដេមេទ្រី ហើយបានបញ្ជាឱ្យកាត់ក្បាល នេស្ត័រ ហើយឱ្យគេទៅចាក់ដេមេទ្រី ដោយដាវ។ ដូច្នេះ វីរបុរសគ្រីស្ទាន នេស្ត័រ បានបញ្ចប់ជីវិតលើផែនដី ហើយបានទៅទីលំនៅរបស់គាត់នៅក្នុងព្រះរាជ្យនៃព្រះអម្ចាស់របស់គាត់ក្នុងឆ្នាំ ៣០៦ នៃគ.ស.។