សន្តី ប៉ារ៉ាស្កេវ៉ា (PARASCEVA) មរណសាក្សីដ៏វិសុទ្ធ
THE HOLY MARTYR PARASCEVA

នាងបានប្រសូត្រនៅក្នុងទីក្រុងអ៊ីកូនីយ៉ុម (Iconium) ពីឪពុកម្ដាយដែលមានទ្រព្យសម្បត្តិ និងស្រឡាញ់ព្រះគ្រិស្ត។ ក្រោយពីឪពុកម្ដាយរបស់នាងស្លាប់ ក្មេងស្រី ប៉ារ៉ាស្កេវ៉ា បានចាប់ផ្ដើមចែកចាយទ្រព្យសម្បត្តិរបស់នាងដល់អ្នកក្រ និងអ្នកដែលទន់ខ្សោយ ទាំងអស់នេះគឺធ្វើឡើងក្នុងនាមព្រះគ្រិស្តជាព្រះអម្ចាស់។ នៅពេលដែលការបៀតបៀនគ្រីស្ទបរិស័ទបានចាប់ផ្ដើមឡើងក្រោមរជ្ជកាលឌីអូក្លេស្យង់ (Diocletian) នាងប៉ារ៉ាស្កេវ៉ា ត្រូវបាននាំមកកាត់ក្ដីចំពោះមុខអភិបាលនៃតំបន់នោះ។ នៅពេលអភិបាលសួរនាងអំពីឈ្មោះរបស់នាង នាងបានឆ្លើយថា នាងត្រូវបានគេហៅថាគ្រីស្ទាន។ អភិបាលបានរិះគន់នាងដោយសារតែនាងមិនបានផ្ដល់ឈ្មោះធម្មតារបស់នាង ហើយ ប៉ារ៉ាស្កេវ៉ា បាននិយាយទៅកាន់គាត់ថា៖ “ដំបូង ខ្ញុំត្រូវតែប្រាប់លោកអំពីឈ្មោះរបស់ខ្ញុំក្នុងជីវិតដ៏និរន្តរ៍ បន្ទាប់មកឈ្មោះរបស់ខ្ញុំក្នុងជីវិតបណ្ដោះអាសន្ននេះ”។ ក្រោយពីវាយដំនាង អភិបាលបានចាប់ ប៉ារ៉ាស្កេវ៉ា បញ្ជូនទៅគុក ដែលទេវទូតនៃព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះនាង ព្យាបាលរបួសរបស់នាង និងផ្ដល់ការលួងលោមដល់នាង។ ដោយការអធិស្ឋានរបស់នាង ប៉ារ៉ាស្កេវ៉ា បានបំផ្លាញរូបសំណាកទាំងអស់នៅក្នុងព្រះវិហារដែលគោរពសក្ការៈព្រះក្លែងក្លាយ។ ក្រោយពីការធ្វើទារុណកម្មយូរអង្វែង និងដ៏ឃោរឃៅ ប៉ារ៉ាស្កេវ៉ា ត្រូវបានគេកាត់ក្បាលដោយដាវ ហើយបានយកទៅ ទីលំនៅរបស់នាងក្នុងជីវិតដ៏និរន្តរ៍។
