សន្តបុគ្គលនៃ ថ្ងៃទី29 ខែតុលា

THE VENERABLE MARTYR ANASTASIA THE ROMAN


នាងបានប្រសូត្រនៅក្រុងរ៉ូម (Rome) ពីឪពុកម្ដាយដែលមានឋានៈខ្ពង់ខ្ពស់ ហើយបានក្លាយជាកេ្មងកំព្រានៅអាយុ ៣ ឆ្នាំ។ ក្នុងនាមជាក្មេងកំព្រា នាងត្រូវបានគេនាំទៅកាន់សង្ឃស្ថានមួយនៅក្បែរក្រុងរ៉ូម ដែលមានអ្នកគ្រប់គ្រងឈ្មោះ សូហ្វុីយ៉ា (Sophia) ដែលជាដូនជីដែលមាន ភាពល្អឥតខ្ចោះបំផុត ។ ក្រោយពីរយៈពេល ១៧ ឆ្នាំ អាណាស្តាស៊ី បានគេស្គាល់គ្រប់គ្នាក្នុង ចំណោមពួកគ្រីស្ទាន​ ថាជាស្រ្តីដែលអនុវត្តជីវិតដូនជីយ៉ាងតឹងរឹង ហើយក្នុងចំណោមពួកដែលគោរពសក្ការៈព្រះក្លែងក្លាយ នាងត្រូវបានគេស្គាល់ថា ជាស្ត្រីដ៏ស្រស់ស្អាតដែលកំរមាន។ ប្រូប៊ូស (Probus) ដែលជាអភិបាលដែលគោរពសក្ការៈព្រះក្លែងក្លាយ បានឮពី អាណាស្តាស៊ី ហើយបានបញ្ជូនទាហានរបស់គាត់មកនាំនាងទៅជួបគាត់។

រយៈពេលពីរម៉ោង លោកស្រី សូហ្វុីយ៉ា ដ៏ល្អបានប្រឹក្សាដល់ អាណាស្តាស៊ី អំពីរបៀបរក្សាជំនឿ របៀបធន់ទ្រាំនឹងការល្បួងដោយការលួងលោម និងរបៀបអត់ទ្រាំនឹងទារុណកម្ម។ អាណាស្តាស៊ី បាននិយាយទៅកាន់នាងថា៖ “ចិត្តរបស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ដើម្បីរងទុកដើម្បីព្រះគ្រិស្តហើយ;ព្រលឹងរបស់ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ក្នុងការស្លាប់ដើម្បីព្រះយេស៊ូដ៏ជាទីស្រឡាញ់របស់ខ្ញុំដែរ”។ នៅពេលគេនាំនាងមកឈរនៅចំពោះមុខអភិបាល អាណាស្តាស៊ី បានបង្ហាញពីជំនឿរបស់នាងចំពោះព្រះគ្រិស្តជាព្រះអម្ចាស់យ៉ាងចំហ ហើយនៅពេលដែលអភិបាលព្យាយាមបង្វែងនាងចេញពីជំនឿ — ដំបូងដោយការសន្យាផ្សេងៗ បន្ទាប់មកដោយការគំរាមកំហែង — មរណសាក្សីនេះបាននិយាយទៅកាន់គាត់ថា៖ “ខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការស្លាប់ដើម្បព្រះអម្ចាស់របស់ខ្ញុំហើយ មិនត្រឹមតែម្ដងប៉ុណ្ណោះទេ តែ បើវាអាចទៅរួច សូម្បីតែមួយរយដងក៏ដោយ!”។ នៅពេលដែលពួកគេហែកអាវនាងចេញដើម្បីធ្វើឱ្យនាងអាម៉ាស់ នាងបានស្រែកឡើងទៅកាន់ពួកអ្នកបំរើ ថា៖ “សូមវាយខ្ញុំ កាត់ខ្លួនខ្ញុំ ហើយហែកឈាមឆ្អឹងខ្ញុំចោល ហើយសូមគ្របដណ្ដប់រាងកាយ ដ៏អាក្រាតរបស់ខ្ញុំដោយរបួស និងសូមគ្របដណ្ដប់ការអាម៉ាស់របស់ខ្ញុំដោយឈាម!”។

នាងត្រូវបានគេវាយដំ របកស្បែក និងដាច់សាច់។ មានពេលពីរដងដែលនាងមានអារម្មណ៍ស្រកទឹកខ្លាំង ក៏សុំទឹក ហើយគ្រីស្ទានម្នាក់ឈ្មោះ គីរីល (Cyril) បានជូនទឹកដល់នាង ដែលគាត់ត្រូវបាន ទទួលពរ ពីសន្ត អាណាស្តាស៊ី ហើយត្រូវបានពួកដែលគោរពព្រះក្លែងក្លាយកាត់ក្បាល។ ដើមទ្រូងនិងអណ្ដាតរបស់ អាណាស្តាស៊ី ត្រូវបានគេកាត់ចោល ប៉ុន្តែទេវទូតនៃព្រះជាម្ចាស់បានបង្ហាញខ្លួនមក និងផ្ដល់កម្លាំងដល់នាង។ ចុងក្រោយ នាងត្រូវបានគេកាត់ក្បាលនៅក្រៅទីក្រុង។ លោកស្រី សូហ្វុីយ៉ា ដ៏មានពរបានរកឃើញរាងកាយរបស់នាង ហើយបញ្ចុះវាយ៉ាងមានកិត្តិយស។ អាណាស្តាស៊ី ត្រូវបានគ្រងមកុដនៃការធ្វើជាមរណសាក្សីក្នុងរជ្ជកាលរបស់ព្រះចៅ ដេស៊ី (Decius)។