សន្ត មហា មរណសាក្សីដ៏វិសុទ្ធ មេណាស (MENAS)
THE HOLY GREAT-MARTYR MENAS

មេណាស កើតនៅប្រទេសអេហ្ស៊ីប ហើយមានមុខរបរជាទាហាន។ ក្នុងនាមជាគ្រីស្ទានដ៏ពិត គាត់មិនអាចទ្រាំមើលពិធីបូជាដល់ព្រះក្លែងក្លាយដ៏អាក្រក់បានឡើយ ហើយគាត់ក៏បានចាកចេញពីកងទ័ព ទីក្រុង ប្រជាជន និងអ្វីៗផ្សេងទៀត ហើយទៅរស់នៅលើភ្នំវាលរហោស្ថាន ពីព្រោះវាងាយស្រួលសម្រាប់គាត់ក្នុងការរស់នៅជាមួយសត្វព្រៃជាងរស់នៅជាមួយពួកដែល គោរពបូជាព្រះក្លែងក្លាយ។ ថ្ងៃមួយ មេណាស បានឃើញដោយវិញ្ញាណពី ពិធីបុណ្យរបស់ពួកដែលគោរពសក្ការៈព្រះក្លែងក្លាយក្នុងទីក្រុងកូទីអេ (Cotyaeus)។ គាត់បានចុះទៅកាន់ទីក្រុង ហើយប្រកាសជាសាធារណៈនូវជំនឿរបស់គាត់លើព្រះគ្រិស្តជាព្រះដ៏មានព្រះជន្មរស់។ គាត់បានរិះគន់ ការគោរពសក្ការៈព្រះក្លែងក្លាយ និងសាសនារបស់ពួកដែលគោរពព្រះ ក្លែងក្លាយថាជាការភូតកុហក និងភាពងងឹតងងុល។
ពីរ៉ុស (Pyrrhus) ដែលជាអភិបាលនៃទីក្រុងនោះ បានសួរ មេណាស ថាតើគាត់ជានរណា និងមកពីណា។ សន្តបានឆ្លើយថា៖
“ប្រទេសកំណើតខ្ញុំគឺអេហ្ស៊ីប ឈ្មោះខ្ញុំគឺ មេណាស។ ខ្ញុំធ្លាប់ជាមេបញ្ជាការ ប៉ុន្តែដោយបានឃើញការគោរពព្រះក្លែងក្លាយ ខ្ញុំបានបោះបង់ឋានៈរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំមកឈរនៅចំពោះមុខអ្នកទាំងអស់គ្នា ដើម្បីប្រកាសថា ព្រះគ្រិស្តរបស់ខ្ញុំគឺជាព្រះពិត ដើម្បីឱ្យទ្រង់ប្រកាសខ្ញុំ ជាអ្នកបម្រើ របស់ ទ្រង់នៅក្នុងព្រះរាជ្យស្ថានសួគ៌”។
ឮដូច្នេះ ពីរ៉ុស បានធ្វើទារុណកម្មដល់សន្ត មេណាស យ៉ាងឃោរឃៅ។ ពួកគេបានវាយដំគាត់ វាយគាត់ដោយក្រញុាំដែក ដុតគាត់ ដោយឈើ ឣុស និងធ្វើទារុណកម្មគាត់ដោយមធ្យោបាយផ្សេងៗទៀត ហើយទីបំផុតក៏ កាត់ក្បាលគាត់ដោយដាវ។ ពួកគេបានចោលរាងកាយរបស់គាត់ទៅក្នុងភ្លើង ដើម្បីកុំឱ្យពួកគ្រីស្ទានអាចទៅបញ្ចុះសពលោកបាន ប៉ុន្តែពួកគ្រីស្ទាននៅតែអាចយកផ្នែកខ្លះនៃរាងកាយរបស់គាត់ពីក្នុងភ្លើងបាន។ ពួកគេបានបញ្ចុះអដ្ឋិធាតុទាំងនោះពេញដោយការគោរព ហើយក្រោយមកវាត្រូវបានផ្ទេរទៅកាន់ទីក្រុងអាឡិចសង់ឌ្រី (Alexandria) ហើយបញ្ចុះនៅទីនោះ ដែលព្រះវិហារមួយត្រូវបានសង់ឡើងលើអដ្ឋិធាតុរបស់គាត់។ សន្ត មេណាស បានទទួលមរណភាពប្រហែលឆ្នាំ ៣០៤ នៃគ.ស. ហើយបានទៅកាន់ព្រះរាជនៃព្រះគ្រិស្ត។ គាត់ធ្លាប់ និងនៅតែជាអ្នកធ្វើអព្ភូតហេតុដ៏អស្ចារ្យ ទាំងនៅលើផែនដី និងនៅស្ថានសួគ៌។ អ្នកណាដែលលើកតម្កើងសន្ត មេណាស ហើយសុំការជួយពីគាត់ដោយជំនឿ នឹងទទួលបានការជួយពីគាត់។ សន្តនេះច្រើនតែបង្ហាញខ្លួនជាទាហានជិះសេះ មកដល់ដើម្បីជួយអ្នកដែលមានជំនឿ ឬដាក់ទោស អ្នកដែលគ្មានជំនឿ។
