សម្ដេចប៉ាទ្រីអាក្ខ យ៉ូហាន (JOHN) ដ៏មានចិត្តមេត្តា នៃទីក្រុងអាឡិចសង់ឌ្រី (Alexandria)
ST. JOHN THE MERCIFUL, PATRIARCH OF ALEXANDRIA

យ៉ូហាន កើតនៅលើកោះស៊ីប (Cyprus)។ ឪពុករបស់គាត់គឺជាព្រះបុត្រាឈ្មោះ អេពីផានីអ៊ុស (Epiphanius)។ យ៉ូហាន ត្រូវបានចិញ្ចឹមលូតលាស់ជាគ្រីស្ទានពិតតាំងពីកុមារភាព។ ដោយសារតែការជំរុញពីឪពុកម្ដាយ គាត់បានរៀបការ ហើយមានកូន។ ទោះជាយ៉ាងណាក៏ដោយ ដោយការគង្វាលរបស់ព្រះជាម្ចាស់ ប្រពន្ធនិងកូនរបស់គាត់បានចាកចេញពីលោកិយនេះទៅកាន់លោកខាងមុខ។ ដោយមានកិត្តិនាម ជាមនុស្សពេញដោយ ការអាណិតស្រឡាញ់ និងជំនឿដ៏មោះមុត យ៉ូហាន ត្រូវបានជ្រើសរើសជាសម្ដេចប៉ាទ្រីអាក្ខនៃទីក្រុងអាឡិចសង់ឌ្រី (Alexandria) ក្នុងរជ្ជកាលព្រះចៅអធិរាជ ហេរ៉ាឃ្លីយ៉ូស (Heraclius)។ គាត់បានគ្រប់គ្រងព្រះសហគមន៍អាឡិចសង់ឌ្រីអស់រយៈពេល ១០ ឆ្នាំ ក្នុងនាមជាឣ្នកគង្វាលដ៏ពិត ដោយការពារវាពីពួកដែលគោរពព្រះក្លែងក្លាយ និងពួកបង្រៀនខុសឆ្គង។ គាត់គឺជាគំរូ នៃភាពស្លូតបូត សប្បុរសធម៌ និងសេចក្តីស្រឡាញ់ចំពោះ មនុស្សដទៃ។ គាត់បានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកចង់រកឣភិជនភាព សូមកុំស្វែងរកវានៅក្នុងឈាមវង្សត្រកូលឡើយ ប៉ុន្តែស្វែងរកវានៅក្នុងគុណតម្លៃទាំងឡាយ ពីព្រោះនេះហើយគឺជាឣភិជនភាពដ៏ខ្ពង់ខ្ពស់ពិតប្រាកដ”។
សន្ត ទាំងអស់ត្រូវបានគេសម្គាល់ដោយសេចក្ដីមេត្តា ប៉ុន្តែសន្ត យ៉ូហាន បានបូជាខ្លួនទាំងស្រុងដល់គុណតម្លៃដ៏អស្ចារ្យនេះ។ ពេលមួយ ខណៈដែលកំពុងបំពេញពិធីថ្វាយបង្គំ អព្ភូតបូជា (Liturgy) សម្ដេចប៉ាទ្រីអាក្ខនឹកឃើញពាក្យរបស់ព្រះគ្រិស្តក្នុងព្រះគម្ពីរដែលថា៖ «ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ២៤ ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។» (ម៉ាថាយ ៥:២៣-២៤) ហើយគាត់នឹកឃើញថាមានបូជាចារ្យម្នាក់នៅក្នុងព្រះវិហារនោះមាន អាក់អន់ចិត្តនឹងគាត់។ គាត់បានចាកចេញពីដង្វាយដ៏វិសុទ្ធភ្លាមៗ ចូលទៅរកបូជាចារ្យនោះ លុតជង្គុងក្រាបចុះនៅចំពោះមុខជើងគាត់ ហើយសុំអភ័យទោស។ បន្ទាប់ពីគាត់បាន ផ្សះផ្សាជាមួយបុគ្គលនេះ ទើបគាត់ត្រឡប់ទៅកាន់ តុបំរើព្រះវិញ។
ពេលមួយផ្សេងទៀត ខណៈដែលគាត់កំពុងធ្វើដំណើរទៅកាន់ព្រះវិហារឈ្មោះ សន្តគីរ៉ុស (Cyrus) និង យ៉ូហាន (John) គាត់បានជួបស្ត្រីមេម៉ាយម្នាក់ក្រីក្រ និងឣភ័ពម្នាក់ ដែលបាននិយាយជាមួយគាត់យូរអំពីភាពឣភ័ពរបស់នាង។ អ្នកដែលនៅជាមួយសម្ដេចប៉ាទ្រីអាក្ខធុញទ្រាន់ចំពោះការរឣ៊ូររបស់ស្ត្រីមេម៉ាយ ហើយបានជំរុញអោយសម្ដេចប៉ាទ្រីអាក្ខប្រញាប់ទៅព្រះវិហារដើម្បីចូលរួមពិធី ដោយបញ្ជាក់ថាគាត់អាចស្ដាប់រឿងរបស់ស្ត្រីនោះនៅពេលក្រោយបាន។ យ៉ូហាន បាននិយាយទៅកាន់ពួកគាត់ថា៖ “«ហើយតើព្រះជាម្ចាស់នឹងស្ដាប់ខ្ញុំយ៉ាងដូចម្ដេច បើខ្ញុំមិនស្ដាប់នាងនេះ?»” គាត់មិនព្រមចាកចេញរហូតដល់គាត់ស្ដាប់ការរាយរាប់របស់មេម៉ាយដល់ចប់។
នៅពេលពួកពែរ្ស (Persians) វាយលុកប្រទេសអេហ្ស៊ីប សម្ដេចប៉ាទ្រីអាក្ខ យ៉ូហាន បានឡើងលើទូកដើម្បីគេចពីគ្រោះថ្នាក់។ តាមផ្លូវ គាត់បានមានជំងឺ ហើយនៅពេលគាត់មកដល់កោះស៊ីប គាត់បានទទួលមរណភាពនៅកន្លែងកំណើតរបស់គាត់ ក្នុងឆ្នាំ ៦២០ នៃគ.ស.។ ក្រោយពីគាត់បានចូលទៅក្នុងព្រះរាជ្យដ៏ឣមតៈរបស់ព្រះអម្ចាស់ អដ្ឋិធាតុដ៏មានអព្ភូតហេតុឣស្ចារ្យរបស់គាត់ត្រូវបានផ្ទេរទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) បន្ទាប់មកទៅកាន់ទីក្រុងប៊ូដាប៉េស (Budapest) ហើយទីបំផុតទៅកាន់ទីក្រុងប្រេសបឺក (Presburg)។
