សន្តបុគ្គលនៃ ថ្ងៃទី13 ខែវិច្ឆិកា

SAINT JOHN CHRYSOSTOM, PATRIARCH OF CONSTANTINOPLE


យ៉ូហាន កើតនៅទីក្រុងអង់ទីយ៉ុក (Antioch) ក្នុងឆ្នាំ ៣៥៤ នៃគ.ស។ ឪពុករបស់គាត់ឈ្មោះ សេគុនឌូស (Secundus) ជាមេបញ្ជាការរាជការ ហើយម្ដាយរបស់គាត់ឈ្មោះ អង់ធូសា (Anthusa)។ ក្នុងអំឡុងពេលសិក្សាទស្សនវិជ្ជាក្រិក យ៉ូហាន បានខ្ពើមរឣើមចំពោះសាសនាដែលគោរពព្រះក្លែងក្លាយរបស់ក្រិក ហើយបានទទួលយកជំនឿគ្រិស្ទាន ជាសាសនាតែមួយគត់ និងជាការពិត។ លោក មេលេទីយ៉ូស (Meletius) សម្ដេចប៉ាទ្រីអាក្ខនៃអង់ទីយ៉ុក បានធ្វើពិធីជ្រមុជទឹកដល់ យ៉ូហាន ហើយឪពុកម្ដាយរបស់គាត់ក៏បានទទួលពិធីជ្រមុជទឹកក្រោយមកដែរ។ ក្រោយពីឪពុកម្ដាយរបស់គាត់ទទួលមរណភាព យ៉ូហាន ត្រូវបាន បំបួស ជាសង្ឃ និងរស់នៅដោយជិវិតជាឣ្នកបួស។ បន្ទាប់មក គាត់បានសរសេរសៀវភៅមួយក្បាល ដែលមានចំណងជើងថា “អំពី ជីវិតបូជាចារ្យ (On the Priesthood)” ក្រោយពីនោះ សន្តគ្រីស្ទទូត យ៉ូហាន និង ពេត្រុស បានបង្ហាញខ្លួនដល់គាត់ និងបានព្យាករណ៍ថា គាត់នឹងមានជីវិតនៃការបម្រើ ដ៏អស្ចារ្យ និងមានការប្រោសប្រទាន ដ៏ធំ និងការរងទុក្ខយ៉ាងលំបាក។

នៅពេលដែលគាត់ត្រូវបានតែងតាំងជាបូជាចារ្យ ទេវទូតនៃព្រះជាម្ចាស់បានបង្ហាញខ្លួន ដល់ យ៉ូហាន និង សម្ដេចប៉ាទ្រីអាក្ខ ហ្វ្លាវៀន (Flavian) (អ្នកស្នងតំណែងរបស់ មេលេទីយ៉ូស) ក្នុងពេលតែមួយ។ ខណៈដែលសម្ដេចប៉ាទ្រីអាក្ខ កំពុងតែងតាំងយ៉ូហាន គេបានឃើញសត្វព្រាប ពណ៌សភ្លឺចាំង ហោះលើក្បាលរបស់ យ៉ូហាន។ ដោយមានកិត្តិនាមល្បីល្បាញអំពីប្រាជ្ញា ការរស់នៅជាលោកសង្ឃយ៉ាងតឹងរឹង និងអំណាចនៃពាក្យសំដី យ៉ូហាន ត្រូវបានជ្រើសរើសជា សម្ដេចប៉ាទ្រីអាក្ខនៃ កុងស្តង់ទីនូប៉ូល (Constantinople) តាមបន្ទូលរបស់ព្រះចៅអធិរាជ ឣាកាឌីយ៉ូស (Arcadius)។ ក្នុងនាមជាសម្ដេចប៉ាទ្រីអាក្ខ គាត់បានគ្រប់គ្រង ព្រះសហគមន៍អស់រយៈពេល ៦ ឆ្នាំដោយមានភាពមេាះមុត និងប្រាជ្ញាដ៏គ្មានគូប្រៀប។ គាត់បានបញ្ជូនអ្នកបម្រើព្រះដ៏វិសុទ្ធ ទៅកាន់ពួកសេល (Celts) និងស្គីថ៍ (Scythians) ដែលគោរពព្រះក្លែងក្លាយ និងបំបាត់អំពើពុករលួយនៃការលក់ឋានៈសក្ដិនៅក្នុងព្រះសហគមន៍ ដោយបណ្ដេញប៊ីស្សបជាច្រើនដែលមានទោសលើអំពើអាក្រក់នេះ។ គាត់បានពង្រីកកិច្ចការសប្បុរសធម៌របស់ព្រះសហគមន៍ និងសរសេរលំដាប់លំដោយពិសេសនៃពិធីថ្វាយបង្គំលីតូហ្គីដ៏វិសុទ្ធ (Divine Liturgy)។ គាត់បានធ្វើឱ្យពួកបង្រៀនខុសឆ្គងខ្មាស់អៀន បានរិះគន់ព្រះនាង អេដុកស៊ីយ៉ា (Eudoxia) ហើយបានបកស្រាយព្រះគម្ពីរដ៏វិសុទ្ធដោយគំនិត និងអណ្ដាតមាសរបស់គាត់ និងបានបន្សល់ទុកដល់ព្រះសហគមន៍នូវ សៀវភៅដ៏មានតម្លៃជាច្រើននៃ ព្រះបន្ទូលបង្រៀន របស់គាត់។ ប្រជាជនបានលើកតម្កើងគាត់ ពួកឈ្នានីសស្អប់គាត់ ហើយព្រះនាង អេដុកស៊ីយ៉ា បានបញ្ជូនគាត់ទៅនិរទេសពីរដង។

យ៉ូហាន បានចំណាយពេល ៣ ឆ្នាំក្នុងការនិរទេស ហើយបានទទួលមរណភាពជាជននិរទេសនៅថ្ងៃបុណ្យ ការលើកឡើងនៃឈើឆ្កាងដ៏មានតម្លៃ និងផ្ដល់ជីវិត (Elevation of the Precious and Life-giving Cross) ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ៤០៧ នៃគ.ស. នៅក្នុងទីក្រុងកូម៉ាណា (Comana) នៅប្រទេសហ្សកហ្ស៊ី (Georgia)។ មុនពេលទទួលមរណភាព សន្តគ្រីស្ទទូត យ៉ូហាន និង ពេត្រុស បានបង្ហាញខ្លួនដល់គាត់ម្ដងទៀត ហើយ សន្តមរណសាក្សី បាស៊ីលីស្កូស (Basiliscus) ក៏បានបង្ហាញខ្លួនដល់គាត់ដែរ ដែលនៅក្នុងព្រះវិហាររបស់លោកនោះហើយ​ ដែលសត្តយ៉ូហានបានទទួលព្រះកាយនិងលោហិតរបស់ព្រះគ្រីស្ទជាលើក ចុងក្រោយ។ ពាក្យចុងក្រោយរបស់គាត់គឺ “សូមតម្កើងសិរីដល់ព្រះជាម្ចាស់ចំពោះអ្វីៗទាំងអស់” ហើយជាមួយនឹងពាក្យទាំងនេះ ព្រលឹងរបស់សម្ដេចប៉ាទ្រីអាក្ខ មាត់មាសនេះត្រូវបាននាំយកទៅកាន់ស្ថានឋានសួគ៌។ លលាក្បាលរបស់ គ្រីសូស្តូម ស្ថិតនៅក្នុងព្រះវិហារ ដូមីស្ហុន (Dormition) នៅម៉ូស្កូ (Moscow) ហើយរាងកាយរបស់គាត់ស្ថិតនៅវ៉ាទីកង់ (Vatican) នៅក្រុងរ៉ូម (Rome)។