សន្តគ្រីស្ទទូត ភីលីព (PHILIP)
THE HOLY APOSTLE PHILIP

ភីលីព កើតនៅក្នុងភូមិបេតសៃដា (Bethsaida) នៅជាប់សមុទ្រកាលីឡេ (Galilee) ដូចសត្ត ពេត្រុស និង អង់ដ្រេ ដែរ។ ដោយបានរៀនពីព្រះគម្ពីរតាំងពីកុមារភាព ភីលីព បានឆ្លើយតបទៅនឹងការកេាះហៅរបស់ព្រះអម្ចាស់យេស៊ូយ៉ាងភ្លាមៗ ហើយបានដើរតាមព្រះអង្គ (យ៉ូហាន ១:៤៣)។ ក្រោយពីព្រះវិញ្ញាណដ៏វិសុទ្ធបានចុះមក ភីលីព បានផ្សព្វផ្សាយដំណឹងល្អដោយភាពក្លាហាននៅតាមតំបន់ជាច្រើននៅទ្វីបអាស៊ី និងប្រទេសក្រិក។ នៅប្រទេសក្រិក ពួកយូដាចង់សម្លាប់គាត់ ប៉ុន្តែព្រះអម្ចាស់បានសង្គ្រោះគាត់ដោយអព្ភូតហេតុដ៏អស្ចារ្យរបស់ទ្រង់។ ឧទាហរណ៍ដូចជាពេល មហាបូជាចារ្យជនជាតិយូដាម្នាក់ដែលស្ទុះទៅវាយលោកភីលីព ស្រាប់តែងងឹតភ្នែក ហើយប្រែជាខ្មៅទាំងស្រុង។ បន្ទាប់មក ក៏មានការរញ្ជួយដីយ៉ាងខ្លាំង ហើយដីបានបើកចំហ លេបយកអ្នកបៀតបៀនដ៏អាក្រក់របស់ ភីលីព ចូលទៅ។ អព្ភូតហេតុជាច្រើនបានកើតឡើង ជាពិសេសការព្យាបាលអ្នកជំងឺ ដែលធ្វើឱ្យពួកដែលគោរពព្រះក្លែងក្លាយជាច្រើនបានជឿលើព្រះគ្រិស្ត។
នៅក្នុងទីក្រុងហៀរ៉ាបូលីស (Hierapolis) នៅស្រុកហ្វ្រីហ្ស៊ី (Phrygia) សន្ត ភីលីព បានធ្វើការផ្សព្វផ្សាយដំណឹងល្អជាមួយ បងប្អូនស្រីរបស់គាត់ឈ្មោះ ម៉ារីអាមណា (Mariamna) ជាមួយ សន្ត យ៉ូហាន អ្នកទេវវិទូ(John the Theologian) និងជាមួយ សន្តគ្រីស្ទទូត បារថូឡូមេ (Bartholomew)។ នៅក្នុងទីក្រុងនេះ មានពស់ដ៏គ្រោះថ្នាក់មួយដែលពួក គោរពព្រះក្លែងក្លាយបានចិញ្ចឹម និងគោរពបូជាដូចជាព្រះ។ សន្តគ្រីស្ទទូតរបស់ព្រះជាម្ចាស់បានសម្លាប់ពស់នោះដោយការអធិស្ឋាន ដែលហាក់ដូចជាសម្លាប់ដោយប្រើដំបងអញ្ចឹង ប៉ុន្តែគាត់ក៏បានបង្កឱ្យមានការខឹងសម្បាពីពួកដែលមិនទាន់បានយល់ដឹងផងដែរ។ ពួកដែលគោរពព្រះក្លែងក្លាយដ៏អាក្រក់បានចាប់ ភីលីព ហើយឆ្កាងគាត់ប្រច្រាស លើឈើ ដែលក្បាលគាត់ចុះក្រោម ហើយបន្ទាប់មកក៏ឆ្កាង បារថូឡូមេ ផងដែរ។ នៅពេលនោះ ដីបានបើកចំហ លេបយកចៅក្រម និងពួកដែលគោរពព្រះក្លែងក្លាយជាច្រើនទៀតជាមួយគេ។ ដោយការភ័យខ្លាចយ៉ាងខ្លាំង ប្រជាជនបានប្រញាប់ទៅជួយសង្គ្រោះសន្តគ្រីស្ទទូតទាំងពីរ ប៉ុន្តែមានតែ បារថូឡូមេ ប៉ុណ្ណោះដែលនៅរស់; ភីលីព បានដកដង្ហើមចុងក្រោយរបស់គាត់ហើយ។ បារថូឡូមេ បានតែងតាំង ស្តាគីស (Stachys) ជាប៊ីស្សបសម្រាប់ឣស់អ្នកដែលគាត់ និង ភីលីព បានធ្វើពិធីជ្រមុជទឹកឣោយ។ ស្តាគីស ធ្លាប់ខ្វាក់ភ្នែកអស់រយៈពេល ៤០ ឆ្នាំ ហើយត្រូវបាន បារថូឡូមេ និង ភីលីព ព្យាបាល និងធ្វើពិធីជ្រមុជ ទឹកដល់គាត់។ អដ្ឋិធាតុរបស់សន្ត ភីលីព ត្រូវបានផ្ទេរទៅក្រុងរ៉ូម (Rome) ក្រោយមក។ សន្តគ្រីស្ទទូតដ៏អស្ចារ្យនេះបានទទួលមរណភាពក្នុងឆ្នាំ ៨៦ នៃគ.ស. ក្នុងរជ្ជកាលព្រះចៅអធិរាជ ដូមេសុីយ៉ាន (Domitian)។
