សន្តមរណសាក្សី លោកហ្គុរីយ៉ាស (GURIAS) លោកសាម៉ូណាស (SAMONAS) និងលោកអាប៊ីបុស (Abibus)
THE HOLY MARTYRS GURIAS, SAMONAS AND ABIBUS

លោកហ្គុរីយ៉ាស និងលោកសាម៉ូណាស គឺជាពលរដ្ឋដ៏លេចធ្លោ នៃទីក្រុងអេដេសសា (Edessa)។ ក្នុងអំឡុងពេលនៃការបៀតបៀនលើគ្រីស្ទាន ពួកគាត់បានលាក់ខ្លួននៅក្រៅទីក្រុង និងរស់នៅក្នុងកាតម និងការអធិស្ឋាន ហើយនិងលើកទឹកចិត្ត ដល់អ្នកដែលមានជំនឿពិត ដែលបានមករកពួកគាត់ដើម្បី ប្រឹក្សាយោបល់។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់ត្រូវបានគេចាប់ខ្លួន និងនាំមកឈរនៅចំពោះមុខចៅក្រម ដែលបានគំរាមកំហែងពួកគាត់ដោយសេចក្ដីស្លាប់ ប្រសិនបើពួកគាត់មិនគោរពតាមរាជបញ្ជាដែលទាមទារឱ្យគោរពសក្ការៈរូបសំណាកព្រះក្លែងក្លាយ។ សន្តមរណសាក្សីរបស់ព្រះគ្រិស្តទាំងនេះបានឆ្លើយតបទៅគាត់ថា៖ “«ប្រសិនបើយើងគោរពតាមព្រះរាជបញ្ជា យើងនឹងវិនាស ទោះបីជាអ្នកមិនសម្លាប់យើងក៏ដោយ»”។ ក្រោយពីការធ្វើទារុណកម្មដ៏ឃោរឃៅ ពួកគាត់ត្រូវបានគេចាប់កាត់ទោស ហើយជាប់គុកចាប់ពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ដោយអត់ឃ្លាន ងងឹត និងឈឺចាប់។ ពួកគាត់ត្រូវបានគេនាំចេញ ហើយធ្វើទារុណកម្មម្ដងទៀត ប៉ុន្តែដោយសារពួកគាត់នៅតែមិន ងាករេក្នុងជំនឿ លើព្រះគ្រិស្ត ពួកគាត់ត្រូវបានគេកាត់ទោសឱ្យប្រហារជីវិត ហើយត្រូវបានកាត់ក្បាលក្នុងឆ្នាំ ៣២២ នៃគ.ស. ក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជដ៏អាក្រក់ លីគីនីយ៉ូស (Licinius)។
ក្រោយមក អាប៊ីបុស ដែលជា ឌីកង (ជំនួយការបូជាចារ្យ (deacon)) នៅអេដេសសា បានរងទុក្ខដោយសារការធ្វើទារុណកម្មដើម្បីព្រះគ្រិស្តជាព្រះអម្ចាស់របស់គាត់ ហើយបានបញ្ជូនព្រលឹងរបស់គាត់ដល់ព្រះជាម្ចាស់ខណៈស្ថិតក្នុងអណ្តាតភ្លើង។ ម្ដាយរបស់គាត់បានយករាងកាយរបស់គាត់ ដែលស្ថិតក្នុងស្ថានភាពល្អដោយអព្ភូតហេតុឣស្ចារ្យ ចេញពីភ្លើង ហើយបញ្ចុះវានៅក្នុងផ្នូរជាមួយនឹងអដ្ឋិធាតុរបស់សន្ត ហ្គុរីយ៉ាស និងសន្ត សាម៉ូណាស។ នៅពេលដែលការបៀតបៀនបានចប់ គ្រីស្ទសាសនិកបានសង់ព្រះវិហារមួយដើម្បីរំលឹកមរណសាក្សីទាំងបីរូប គឺ ហ្គុរីយ៉ាស សាម៉ូណាស និង អាប៊ីបុស ហើយបានដាក់អដ្ឋិធាតុដ៏មានអព្ភូតហេតុឣស្ចារ្យរបស់ពួកគាត់នៅ ក្នុងហិប ផ្ទុកអដ្ឋិធាតុរួមគ្នា។
ក្នុងចំណោមអព្ភូតហេតុជាច្រើនរបស់សន្តរបស់ព្រះជាម្ចាស់ដ៏អស្ចារ្យទាំងនេះ រឿងខាងក្រោមគឺពិតជាគួរឱ្យកត់សម្គាល់ជាពិសេស៖ មានស្ត្រីមេម៉ាយម្នាក់នៅអេដេសសា ដែលមានកូនស្រីក្មេងម្នាក់ ដែលត្រូវរៀបការជាមួយទាហានហ្គូត (Gothic) ម្នាក់ដែលបម្រើក្នុងកងទ័ពក្រិក។ ដោយសារម្ដាយមានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់កូនស្រីរបស់នាង ប្រសិនបើនាងត្រូវរស់នៅឆ្ងាយ ទាហានហ្គូតនោះបានស្បថនៅលើផ្នូររបស់សន្តមរណសាក្សីទាំងបីរូបថា គាត់នឹងមិនធ្វើអាក្រក់ចំពោះក្មេងស្រីនោះឡើយ ប៉ុន្តែនឹងយកនាងធ្វើជាប្រពន្ធដ៏ស្របច្បាប់របស់គាត់ ដោយគាត់បានស្បថពីមុនមកហើយថាគាត់មិនទាន់មានប្រពន្ធឡើយ។ តាមពិត គាត់បានមានប្រពន្ធមែន ហើយនៅពេលដែលគាត់នាំក្មេងស្រីនោះទៅប្រទេសរបស់គាត់ គាត់បានរក្សានាង មិនមែនជាប្រពន្ធទេ ប៉ុន្តែជាទាសករ រហូតដល់ប្រពន្ធដ៏ស្របច្បាប់របស់គាត់ស្លាប់។ បន្ទាប់មកគាត់បានយល់ព្រម ជាមួយញាតិសន្តានរបស់គាត់ ថានឹងកប់ ទាសករដែលនៅរស់នេះ ជា មួយប្រពន្ធដែលស្លាប់របស់គាត់។ ក្មេងស្រីនោះបានអធិស្ឋានដោយទឹកភ្នែកទៅកាន់សន្តមរណសាក្សីទាំងបីរូប សុំឱ្យជួយសង្គ្រោះនាង ហើយពួកគាត់បានបង្ហាញខ្លួនចំពោះនាងនៅក្នុងផ្នូរនាង ហើយបាននាំនាងចេញពីដែនដីហ្គូតទៅកាន់អេដេសសាភ្លាមៗ ទៅកាន់ព្រះវិហាររបស់ពួកគាត់។ ថ្ងៃបន្ទាប់ នៅពេលដែលព្រះវិហារត្រូវបានបើក ពួកគេបានឃើញក្មេងស្រីនោះនៅក្បែរផ្នូររបស់សន្តរបស់ព្រះជាម្ចាស់ ហើយបានដឹងពីការជួយសង្គ្រោះដ៏អស្ចារ្យរបស់នាងនេាះ។
