សន្តបុគ្គលនៃ ថ្ងៃទី18 ខែវិច្ឆកា

THE HOLY MARTYR PLATO


ផ្លាតូ មកពីទីក្រុង អាន់ស៊ីរ៉ា ក្នុងតំបន់ កាឡាទី។ គាត់ជាគ្រិស្តបរិស័ទតាំងពីកំណើត និងត្រូវបានចិញ្ចឹមបីបាច់ថែរក្សាក្នុងជំនឿនេះដែរ។ កាល​នៅ​ក្មេង គាត់​បាន​បង្ហាញ​ភាព​ល្អ​ឥត​ខ្ចោះ​ ក្នុង​គ្រប់​គុណធម៌។ ផ្លាតូមិនបានលាក់បាំងជំនឿរបស់គាត់លើព្រះគ្រីស្ទជាព្រះអម្ចាស់ទេ ប៉ុន្តែបានអធិប្បាយវាដោយបើកចំហ ដោយបរិហារអ្នកថ្វាយបង្គំរូបព្រះក្លែងក្លាយ ថាពួកគេថ្វាយបង្គំវត្ថុដែលគ្មានជីវិត ជំនួសអ្នកដែលបង្កើតវា ដ៏មានជីវិត។ ចំពោះបញ្ហានេះ គាត់ត្រូវបានគេនាំទៅកាត់ទោសនៅចំពោះមុខអភិបាល អាគ្រីពីណុស Agripinus ហើយត្រូវបានសួរចម្លើយ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលអភិបាលបានទូន្មានគាត់ឱ្យជៀសផុតពីសេចក្តីស្លាប់ ហើយជួយសង្គ្រោះជីវិតរបស់គាត់ដោយការថ្វាយបង្គំរូបព្រះក្លែងក្លាយនោះ ផ្លាតូបាននិយាយថា “មានការស្លាប់ពីរ គឺមួយខាងសាច់ឈាម និងមួយទៀតខាងអស់កល្បជានិច្ច ដូច្នេះជីវិតក៏មាន ពីរដែរ មួយមានរយៈពេលខ្លី និងមួយទៀតគ្មានទីបញ្ចប់”។ បន្ទាប់មក អាគ្រីពីណុស បានដាក់គាត់ឱ្យទទួលទារុណកម្មកាន់តែធ្ងន់ធ្ងរ។ ក្នុងចំណោមទារុណកម្មផ្សេងៗ គ្រាប់កាណុងក្តៅក្រហមត្រូវបានដាក់នៅលើរាងកាយអាក្រាតរបស់សន្តនេះ។ បន្ទាប់​មក​គេ​កាត់​ស្បែក​របស់​គាត់។ មរណសាក្សីនេះ បានស្រែកទៅកាន់អ្នកធ្វើទារុណកម្មថា “ធ្វើទារុណកម្មខ្ញុំឱ្យកាន់តែឃោរឃៅជាងនេះទៅ  ដើម្បីអោយភាពអមនុស្សធម៌ និងការស៊ូទ្រាំរបស់ខ្ញុំ អាចមើលឃើញបានកាន់តែច្បាស់។ ពេល​អ្នក​ធ្វើ​ទារុណកម្ម​រំឭក​ សន្តនេះ ​ថា​ឈ្មោះ​របស់​គាត់ ​គឺ​ជាឈ្មោះរបស់ ​ទស្សនវិទូ​ ផ្លាតូ​ ដែលជា​អ្នក​មិន​ជឿ នោះ​មរណសាក្សីនេះបាន​ឆ្លើយ​ថា៖

“ខ្ញុំមិនដូចផ្លាតូ ហើយផ្លាតូក៏មិនដូចខ្ញុំដែរ លើកលែងតែក្នុងនាមប៉ុណ្ណោះ។ ខ្ញុំរៀន និងបង្រៀនប្រាជ្ញារបស់ព្រះគ្រីស្ទ ប៉ុន្តែផ្លាតូជាគ្រូនៃប្រាជ្ញាដែលជាភាពល្ងង់ខ្លៅ សំរាប់ព្រះជាម្ចាស់”។ បន្ទាប់ពីនោះ ផ្លាតូត្រូវបានគេបោះចូលទៅក្នុងគុក ជាកន្លែងដែលគាត់ស្នាក់នៅរយៈពេលដប់ប្រាំបីថ្ងៃដោយគ្មានអាហារ និងទឹក ។ នៅពេលដែលពួកឆ្មាំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលផ្លាតូអាចរស់នៅក្នុងភាពអត់ឃ្លានបានយូរដូច្នេះគាត់បានប្រាប់ពួកគេថា: «អ្នកបានឆ្អែតដោយសាច់ប៉ុន្តែខ្ញុំដោយការអធិស្ឋានដ៏វិសុទ្ធ។ ស្រាធ្វើឱ្យអ្នករីករាយ ប៉ុន្តែព្រះគ្រីស្ទជាទំពាំងបាយជូរពិតធ្វើឱ្យខ្ញុំរីករាយ»។ ផ្លាតូត្រូវបានកាត់ក្បាលនៅប្រហែលឆ្នាំ 266 គ.ស. ហើយបានទទួលកម្រងផ្កានៃសិរីរុងរឿងដ៏អស់កល្បរបស់គាត់។