សន្តហ្គ្រេហ្គោរី អ្នកធ្វើអំពើអស្ចារ្យ និងជាប៊ីស្សពនៃទីក្រុង នេអូខាយសារី
SAINT GREGORY THE WONDERWORKER, BISHOP OF NEOCAESAREA

បុរសរបស់ព្រះ និងជាអ្នក ធ្វើការអស្ចារ្យ ម្នាក់នេះ ត្រូវបានហៅថាជាលោក ម៉ូសេទីពីរ។ លោក ហ្គ្រេហ្គោរី កើតពីគ្រួសារដែល មិនជឿព្រះគ្រិស្ត ប៉ុន្តែមាន ឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្តិ។ គាត់បានសិក្សាទស្សនវិជ្ជាក្រិច និងអេហ្ស៊ីប ហើយបានដឹងពីភាពខ្វះខាត និង មិនគ្រប់គ្រាន់នៃទស្សនវិជ្ជាទាំងនេះ។ បន្ទាប់មក គាត់បានងាកទៅរកគ្រូបង្រៀនដែលជាគ្រិស្ទាន ជាពិសេស គឺលោក អូរីយេនីស Origen នៃ ទីក្រុង អាឡិចសង់ឌ្រី Alexandria ដែលគាត់បានសិក្សាជាមួយលោក អស់ពីរ បី ឆ្នាំ ហើយក៏ត្រូវបានទទួលបុណ្យជ្រមុជទឹកពី លោកដែរ។ បរិសុទ្ធទាំងរូបកាយ និងព្រលឹង គាត់ចង់ឧទ្ទិសថ្វាយខ្លួនគាត់ ដល់ព្រះគ្រិស្តតែមួយគត់ ដូច្នេះហើយបានជា គាត់ចាកចេញទៅកាន់ទីរហោស្ថាន ហើយចំណាយពេលជាច្រើន រស់នៅជាអ្នកបួសយ៉ាងតឹងរឹង។
កេរ្តិ៍ឈ្មោះរបស់គាត់បានសាយភាយគ្រប់ទីកន្លែង។ ប៊ីស្សព ហ្វាយឌីម៉ុស Phaedimus នៃ ក្រុងអាម៉ាសុី Amasea ចង់អោយ ហ្រ្គេហ្គោរីក្លាយជា ប៊ីស្សព នៃ ទីក្រុង នេអូខាយសារី Neocaesarea ។ លោក ហ្រ្គេហ្គោរី ដែលអាចមើលឃើញអនាគតបាន បានយល់ឃើញពីចេតនារបស់ ហ្វាយឌីម៉ុស ហើយបានលាក់ខ្លួនពី អ្នកតំណាងរបស់ប៊ីស្សពនេះ ក្នុងទីរហោស្ថាន។ នៅទីបំផុត ហ្វាយឌីម៉ុស បានតែងតាំងគាត់ តាមរបៀបចម្លែកមិនធម្មតា ហើយហ្គ្រេហ្គោរី ក៏ ទទួលតំណែងជាប៊ីស្សពទៅ។
ព្រះមាតា ទេអូកូស ដ៏វិសុទ្ធបំផុត និង សន្ត យូហាន ដែលជាទេវវិទូ បានបង្ហាញខ្លួនដល់គាត់នៅតាម ចក្ខុនិមិត្តមួយ ហើយ សន្ត យូហាន តាមបញ្ជារបស់ ទេអូកូស បានផ្តល់ឱ្យគាត់នូវនិមិត្តសញ្ញា នៃសេចក្តីជំនឿ ។
តើអ្នកណាអាចរាប់អព្ភូតហេតុទាំងអស់របស់ ម៉ូសេទីពីរនេះ? គាត់មានអំណាចលើវិញ្ញាណអាក្រក់ ហើយនៅលើភ្នំ និងទឹក បានព្យាបាលរាល់ជំងឺ និង ការឈឺចាប់ ហើយ អាចក្លាយជាមនុស្សគ្មានរូបរៀង ដើម្បីលាក់ខ្លួន ពីពួកដែលចង់បៀតបៀនគាត់ ថែមទាំងអាច មើលឃើញយ៉ាងច្បាស់នូវព្រឹត្តិការណ៍អនាគត និងគំនិតរបស់មនុស្ស។ គាត់បានបញ្ចប់ជីវិតនៅលើផែនដីរបស់គាត់នៅឆ្នាំ 270 គ.ស. ក្នុងវ័យចាស់ជរា។ នៅពេលដែលគាត់បានទៅដល់ នេអូខាយសារី Neocaesarea ក្នុងនាមជាប៊ីស្សព ទីក្រុងនេះគឺមាន គ្រិស្ទានតែ ដប់ប្រាំពីរនាក់ ប៉ុណ្ណោះ។ នៅពេលដែលគាត់បានចាកចេញពីជីវិតនេះ គាត់បាន
ប្រែក្លាយទីក្រុងនេះអោយក្លាយជាទីក្រុងគ្រីស្ទាន ដែលមាននៅសល់ ពួកគោរពព្រះក្លែងក្លាយ តែដប់ប្រាំពីរអ្នកប៉ុណ្ណោះ ហើយលោកបានទទួលកម្រងផ្កានៃសិរីរុងរឿង ពីព្រះអម្ចាស់របស់គាត់នៅក្នុងនគរស្ថានសួគ៌។
