ការចូលទៅក្នុងព្រះវិហារ របស់ទេឣូតូកូស(មាតានៃព្រះ)ដ៏វិសុទ្ធបំផុត
THE ENTRY INTO THE TEMPLE OF THE MOST-HOLY THEOTOKOS

នៅពេលដែល ព្រះមាតា ទេឣូតូកូស ដ៏វិសុទ្ធ ទ្រង់មានជន្មាយុ ៣ វស្សា ឪពុកម្ដាយដ៏វិសុទ្ធរបស់ទ្រង់គឺ យ៉ូអាគីម (Joachim) និង អាណា (Anna) បាននាំព្រះនាងពីទីក្រុងណាហ្សារ៉ែត (Nazareth) ទៅកាន់ទីក្រុងយេរូសាឡិម (Jerusalem) ដើម្បីថ្វាយព្រះនាងទៅព្រះជាម្ចាស់តាមសេចក្ដីសន្យាពីមុនមក។ ដំណើរពីណាហ្សារ៉ែតទៅយេរូសាឡិមចំណាយពេលបីថ្ងៃ ប៉ុន្តែដោយសារធ្វើដំណើរដើម្បីបំពេញកិច្ចការដែលគាប់ព្រះទ័យព្រះជាម្ចាស់ ដំណើរនេះមិនលំបាកសម្រាប់ពួកគាត់ឡើយ។ សាច់ញាតិជាច្រើនរបស់យ៉ូអាគីម និង អាណា បានមកជួបជុំនៅយេរូសាឡិម ដើម្បីចូលរួមក្នុងពិធីនេះ ដែលនៅពេលនោះមានទេវទូតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនឣាចមើលឃើញបាន ក៏បានចូលរួមដែរ។
ក្បួនដង្ហែចូលក្នុងព្រះវិហារ ត្រូវបានដើរនាំមុខដោយ ស្ត្រីព្រហ្មចារីជាច្រើននាក់ ដែលមានកាន់ភ្លើងទាននៅក្នុងដៃ បន្ទាប់មកគឺទេឣូតូកូស ដ៏វិសុទ្ធបំផុត ដែលត្រូវបានឪពុកដឹកដៃនៅម្ខាង និងម្ដាយដឹកដៃនៅម្ខាងទៀត។ ទេឣូតូកូស បានស្លៀកសំលៀកបំពាក់ និងតុបតែងយ៉ាងស្រស់ក្រៃលែង ដែលសាក់សមសំរាប់ «រាជបុត្រីរបស់ស្តេច និងកូនក្រមុំរបស់ព្រះជាម្ចាស់» (ទំនុកតម្កើង ៤៥:១៣-១៥)។ ខាងក្រោយពួកគាត់គឺមានសាច់ញាតិ និងមិត្តភក្តិជាច្រើន ដែលគ្រប់គ្នាមានកាន់ទានភ្លើងក្នុងដៃ។ មានកាំជណ្ដើរ ១៥ កាំ ដែលនាំឡើងទៅកាន់ព្រះវិហារ។ យ៉ូអាគីម និង អាណា បានលើកទេឣូតូកូសឡើងលើកាំជណ្ដើរទីមួយ បន្ទាប់មកព្រះនាងបានរត់ឡើងលើកាំជណ្ដើរទាំងអស់ដោយខ្លួនឯង យ៉ាងរហ័ស ដែលនៅលើកំពូលកាំជណ្ដើរនោះ លោក ហ្សាការី (Zacharias) ដែលជាបូជាចារ្យខ្ពស់ និងជាឪពុករបស់សន្ត យ៉ូហាន អ្នកនាំផ្លូវ (John the Forerunner) បានចេញមកទទួលព្រះនាង។ លោកបានកាន់ដៃព្រះនាង ហើយនាំព្រះនាងមិនត្រឹមតែចូលក្នុងព្រះវិហារប៉ុណ្ណោះទេ ថែមទាំងចូលទៅក្នុង «កន្លែងដ៏វិសុទ្ធបំផុត» (Holy of Holies) ដែលជាកន្លែងដ៏វិសុទ្ធបំផុតនៃព្រះវិហារ ដែលគ្មាននរណាម្នាក់អាចចូលទៅបានឡើយ ក្រៅពីបូជាចារ្យជាន់ខ្ពស់ ដែលអាចចូលបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។
សន្ត ថេអូភីឡាក់ (Theophylact) នៃភូមិ អូរីត (Ohrid) បានពោលថា ហ្សាការី «មិនបានមានស្មារតីខ្លួនឯងឡើយ តែត្រូវបានស្ថិតនៅក្រោមឥទ្ធិពលរបស់ព្រះជាម្ចាស់» នៅពេលដែលលោកនាំទេឣូតូកូសចូលទៅក្នុងកន្លែងដ៏វិសុទ្ធបំផុតនៃព្រះវិហារ ដែលនៅហួស វាំងននទីពីរ — បើមិនដូច្នោះទេ សកម្មភាពរបស់លោកគ្មាននរណាអាចពន្យល់បានឡើយ។
បន្ទាប់មក ឪពុកម្ដាយរបស់ទេឣូតូកូស បានថ្វាយយញ្ញបូជាដល់ព្រះ តាមក្រឹត្យវិន័យ បន្ទាប់មកក៏ទទួលពរពីបូជាចារ្យ ហើយត្រឡប់ទៅផ្ទះវិញ។ ទេឣូតូកូស ដ៏វិសុទ្ធបំផុតបានស្នាក់នៅក្នុងព្រះវិហារ និងរស់នៅទីនោះអស់រយៈពេល ៩ ឆ្នាំពេញ។ ខណៈដែលឪពុកម្ដាយរបស់ព្រះនាងនៅរស់ ពួកគាត់បានមកជួបព្រះនាងញឹកញាប់ ជាពិសេសគឺ លោកស្រី អាណា ដ៏សុចរិត។ នៅពេលដែលព្រះជាម្ចាស់បានហៅឪពុកម្ដាយរបស់ព្រះនាងឲ្យចាកចេញពីលោកិយនេះ ទេឣូតូកូស ដ៏វិសុទ្ធបំផុតក្លាយជាកេ្មងកំព្រា ហើយមិនប្រាថ្នាចាកចេញពីព្រះវិហាររហូតដល់ស្លាប់ ឬចូលរៀបការឡើយ។ ដោយសាររឿងនេះផ្ទុយនឹងច្បាប់ និងទំនៀមទម្លាប់របស់អ៊ីស្រាអែល ព្រះនាងត្រូវបានផ្ទេរឱ្យសន្ត យ៉ូសែប (Joseph) ដែលជាសាច់ញាតិរបស់ព្រះនាងនៅណាហ្សារ៉ែត ក្រោយពីព្រះនាងមានព្រះជន្មាយុ ១២ វស្សា។ ក្រោមនាមជាគូរដណ្តឹងរបស់លោក យ៉ូសែប ព្រះនាងអាចរស់នៅក្នុងភាពព្រហ្មចារីបាន ហើយដូច្នេះបំពេញបំណងប្រាថ្នារបស់ព្រះនាង និងបំពេញច្បាប់ជាផ្លូវការផង ពីព្រោះនៅពេលនោះ ច្បាប់អ៊ីស្រាអែលមិនទទួលស្គាល់ ការស្បថសន្យានៃ ស្ត្រីក្រមុំដែលសច្ចាថានឹងរស់នៅជាស្ត្រីព្រហ្មចារី រហូតដល់ស្លាប់នោះទេ។ ទេឣូតូកូស ដ៏វិសុទ្ធបំផុត គឺជាមនុស្សដំបូងគេ ដែលរស់នៅដោយព្រម្មចារី ពេញមួយជីវិត ហើយមនុស្ស ប្រុសស្រី រាប់ពាន់នាក់ បានដើរតាមព្រះនាង ដោយរស់នៅជាព្រម្មចារី នៅក្នុងព្រះសហគមន៍របស់ព្រះគ្រិស្ត។
