សន្តបុគ្គលនៃ ថ្ងៃទី22 ខែវិច្ឆកា

THE HOLY MARTYR CECILIA


សេស៊ីលីយ៉ា កើតនៅក្រុងរ៉ូម (Rome) ពីឪពុកម្ដាយដែលមានទ្រព្យសម្បត្តិ និងមានឋានៈខ្ពង់ខ្ពស់។ នាងមានជំនឿយ៉ាងខ្លាំងក្លាលើព្រះគ្រិស្តជាព្រះអម្ចាស់ និងមានភាពក្លាហានយ៉ាងខ្លាំងក្នុងការការពារជំនឿ។ ដោយបានសន្យាថានឹងប្រកាន់ព្រហ្មចារីភាពបរិសុទ្ធពេញមួយជីវិតចំពោះព្រះជាម្ចាស់ សន្តី សេស៊ីលីយ៉ា ពាក់អាវធ្វើពីសម្បកឈើដ៏រឹងនៅក្រោមសំលៀកបំពាក់ដ៏ថ្លៃថ្លាដែលឪពុកម្ដាយផ្ដល់ឱ្យនាង។ នៅពេលឪពុកម្ដាយបង្ខំឱ្យនាងរៀបការជាមួយ វ៉ាឡេរីយ៉ាន (Valerian) ដែលជាអ្នកគោរពសក្ការៈព្រះក្លែងក្លាយ សេស៊ីលីយ៉ា បានប្រឹក្សាដល់គាត់នៅរាត្រីរៀបការឱ្យទៅជួបសម្ដេចប៉ាទ្រីអាក្ខ អឺបាន់ (Urban) ដើម្បីធ្វើពិធីជ្រមុជទឹក ហើយបន្ទាប់មករស់នៅក្នុងព្រហ្មចារីភាពបរិសុទ្ធ។ ដោយទទួលយកជំនឿលើព្រះគ្រិស្ត វ៉ាឡេរីយ៉ាន ក៏បានបំប្លែងបងប្រុសរបស់គាត់ឈ្មោះ ធីបួទ្យុស (Tiburtius) ឱ្យក្លាយជាគ្រីស្ទានដែរ។ មិនយូរប៉ុន្មាន បងប្អូនទាំងពីរត្រូវបានកាត់ទោសឱ្យស្លាប់ដោយសារតែជំនឿរបស់ពួកគាត់។ ប៉ុន្តែជំនឿស្មោះត្រង់របស់ពួកគាត់មិនបានរញ្ជួយឡើយ ទោះបីជានៅចំពេាះមុខសេចក្ដីស្លាប់ក៏ដោយ។ ខណៈដែលកំពុងនាំទៅកាន់ទីពិឃាដ បងប្អូនដ៏អស្ចារ្យទាំងពីរក៏បានទទួលជោគជ័យក្នុងការបំប្លែងមេគុកឈ្មោះ ម៉ាក់ស៊ីមុស (Maximus) ឱ្យទៅជាគ្រីស្ទានដែរ។ បន្ទាប់មក អ្នកទាំងបីបានទទួលទារុណកម្មជាមួយគ្នាដើម្បីព្រះគ្រិស្តជាព្រះអម្ចាស់។ សន្តី សេស៊ីលីយ៉ា បានបញ្ចុះសាកសពរបស់ពួកគាត់ជាមួយគ្នា។

ក្រោយមកសេស៊ីលីយ៉ា ក៏ត្រូវបានគេយកទៅកាត់ទោសដែរ ដោយសារតែនាងបានផ្លាស់ប្ដូរពួកដែលគោរពសក្ការៈព្រះក្លែងក្លាយឱ្យទៅជាគ្រីស្ទានដោយមិនហត់នឿយ។ ក្នុងពេលតែមួយយប់ នាងបានផ្លាស់ប្ដូរមនុស្សជាង ៤០០ នាក់ឱ្យទៅជាគ្រីស្ទាន។ នៅពេលដែលចៅក្រមសួរនាងថាបានភាពក្លាហានបែបនេះមកពីណា នាងបានឆ្លើយថា៖ “「មកពីសតិដឹងខ្លួនដ៏បរិសុទ្ធមួយ និងជំនឿដ៏មិនសង្ស័យ」”។ ក្រោយពីការធ្វើទារុណកម្មដ៏ឃោរឃៅ សេស៊ីលីយ៉ា ត្រូវបានគេកាត់ទោសឱ្យកាត់ក្បាល។ អ្នកកាត់ទោស បានវាយករបស់នាងបីដង ប៉ុន្តែគាត់មិនអាចសម្លាប់នាងបានឡើយ។ នាងត្រឹមតែរបួសប៉ុណ្ណោះ ហើយឈាមបានហូរចេញពីរបួសរបស់នាង ដែលពួកដែលមានជំនឿបានប្រមូលយកទៅក្នុងកន្សែងជូតដៃ ប៉ុង និងចាន ដើម្បីយកទៅព្យាបាលជំងឺ។ បីថ្ងៃក្រោយមក មរណសាក្សី និងស្ត្រីព្រហ្មចារីរបស់ព្រះគ្រិស្តបានបញ្ជូនព្រលឹងរបស់នាងដល់ព្រះអម្ចាស់របស់នាង ដែលជាមួយព្រះអង្គ នាងមានឣំណរជារៀងរហូត។ សន្តី សេស៊ីលីយ៉ា បានទទួលទារុណកម្មជាមួយអ្នកដទៃក្នុងឆ្នាំប្រហែល ២៣០ នៃគ.ស.។ អដ្ឋិធាតុរបស់នាងស្ថិតនៅក្រុងរ៉ូម ក្នុងព្រះវិហារដែលសង់ឧទ្ទិសដល់នាង។ នៅក្នុងព្រះសហគមន៍ខាងលិច សន្តី សេស៊ីលីយ៉ា ត្រូវបានគេចាត់ទុកថាជាអ្នកគ្រប់គ្រងការច្រៀង និងតន្ត្រីក្នុងព្រះវិហារ។