សន្តបុគ្គលនៃ ថ្ងៃទី២៣ ខែវិច្ឆកា

SAINT AMPHILOCHIUS, BISHOP OF ICONIUM


អាមហ្វីឡូឃីអូស គឺជាជនរួមជាតិ អ្នករួមដំណើរ និងជាមិត្តជាមួយសន្ត បាស៊ីល (Basil) ដ៏មហាសាល និងសន្តដទៃទៀតនៃសតវត្សរ៍ទី ៤។ អាមហ្វីឡូឃីអូស បានចាកចេញពីការរំខាននៃលោកិយតាំងពីវ័យក្មេង ហើយបានដកខ្លួនទៅរស់នៅក្នុងរូងភ្នំ ដែលនៅទីនោះ ដោយសាលោកជាអ្នកនិយមរស់នៅតែម្នាក់ឯង លោកក៏បានរស់នៅក្នុងជីវិតជាអ្នកបួស អស់ រយៈពេល ៤០ ឆ្នាំ។ ក្រោយមក បល្ល័ង្កប៊ីស្សបនៅអ៊ីកូនីញូម (Iconium) ក៏នៅទំនេរ ហើយ អាមហ្វីឡូឃីអូស ក៏ត្រូវបានជ្រើសរើស និងតែងតាំងដោយពិធីដ៏អស្ចារ្យជាប៊ីស្សបនៃអ៊ីកូនីញូម។ គាត់ជាឣ្នកគង្វាលដ៏អស្ចារ្យ និងជាអ្នកការពារដ៏ធំមួយរូបនៃភាពបរិសុទ្ធនៃជំនឿអរតូដុក្ស (Orthodox)។ គាត់បានចូលរួមក្នុងក្រុមប្រឹក្សាសាកលលើកទី ២ (Second Ecumenical Council) ក្នុងឆ្នាំ ៣៨១ នៃគ.ស.។ គាត់បានតស៊ូយ៉ាងក្លាហានប្រឆាំងនឹង ម៉ាសេដូនីយ៉ូស (Macedonius) ដ៏មិនមានតម្លៃ ពួកអារីយ៉ាន (Arians) និងពួកអ៊ីណូមីយ៉ាន (Eunomians)។ គាត់បានសុំដោយផ្ទាល់ទៅកាន់ឣធិរាជ ទេឣូដូសុីយ៉ូស (Theodosius) ដ៏មហាសេ្ថនឱ្យបណេ្ដញពួកអារីយ៉ានទាំងអស់ចេញពីទីក្រុងនាៗនៅក្នុងចក្រភព ប៉ុន្តែឣធិរាជមិនយកព្រះទ័យទុកដាក់ចំពោះគាត់ឡើយ។

ប៉ុន្មានថ្ងៃក្រោយមក អាមហ្វីឡូឃីអូស បានមកជួបឣធិរាជម្ដងទៀត។ នៅពេលដែលប៊ីស្សបរូបនេះត្រូវបាននាំចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ ឣធិរាជកំពុងគង់លើរាជបល្ល័ង្ករបស់ទ្រង់ ហើយនៅខាងស្ដាំរបស់ទ្រង់គឺព្រះរាជបុត្រ អាកាឌីយ៉ូស (Arcadius) ដែល ទេឣូដូសុីយ៉ូស បានយកមកធ្វើជាឣធិរាជរួម។ នៅពេលចូលទៅក្នុងបន្ទប់ សន្ត អាមហ្វីឡូឃីអូស បានក្រាបគោរពឣធិរាជ ទេឣូដូសុីយ៉ូស ប៉ុន្តែមិនយកព្រះទ័យទុកដាក់ចំពោះ អាកាឌីយ៉ូស ព្រះរាជបុត្ររបស់ឣធិរាជទេ ដូចជាគ្មានគាត់នៅទីនោះឡើយ។ ដោយក្រោធខឹងយ៉ាងខ្លាំងចំពោះរឿងនេះ ឣធិរាជ ទេឣូដូសុីយ៉ូស បានបញ្ជាឱ្យបណេ្ដញ អាមហ្វីឡូឃីអូស ចេញពីព្រះរាជវាំងភ្លាមៗ។ សន្តបានមានប្រសាសន៍ទៅកាន់ឣធិរាជថា៖ “「លោកឣធិរាជមានព្រះទ័យទតឃើញទេ ថាតើហេតុអ្វីបានជាលោកឣធិរាជមិនអត់ឱននឹងការមិនគោរពចំពោះព្រះរាជបុត្ររបស់ទ្រង់? ដូច្នោះដែរ ព្រះជាម្ចាស់ជាព្រះបិតាក៏មិនអត់ឱនចំពោះការមិនគោរពចំពោះព្រះរាជបុត្ររបស់ទ្រង់ដែរ ហើយមានព្រះទ័យស្អប់ខ្ពើមចំពោះភាពពុករលួយរបស់ពួកដែលប្រមាថទ្រង់ និងមានព្រះទ័យក្រោធចំពោះអ្នកគាំទ្រទាំងអស់នៃសាសនាដែលពោរពេញដោយបណ្ដាសា (អារីយ៉ាន) នោះ」”។

ដោយបានស្ដាប់ដូច្នេះ ឣធិរាជក៏បានយល់ពីមូលហេតុដែល អាមហ្វីឡូឃីអូស មិនបានផ្ដល់កិត្តិយសដល់ព្រះរាជបុត្ររបស់ទ្រង់ ហើយទ្រង់ក៏ភ្ញាក់ផ្អើលចំពោះប្រាជ្ញា និងភាពក្លាហានរបស់គាត់។ ក្នុងចំណោមការងារជាច្រើនផ្សេងទៀត សន្ត អាមហ្វីឡូឃីអូស បានសរសេរសៀវភៅជាច្រើនអំពីជំនឿ។ គាត់បានទទួលមរណភាពក្នុងវ័យចាស់ជរាខ្លាំងក្នុងឆ្នាំ ៣៩៥ នៃគ.ស. ហើយបានយកទីលំនៅរបស់គាត់នៅក្នុងជីវិតដ៏ឣស់កល្បជានិច្ច។