សន្តី មហាមរណសាក្សីដ៏វិសុទ្ធ កាតារីន (CATHERINE)
THE HOLY GREAT-MARTYR CATHERINE

កាតារីន គឺជារាជបុត្រីរបស់មហាក្សត្រ ខុនស្តុស (Constus)។ ក្រោយពីឪពុករបស់នាងស្លាប់ នាងបានរស់នៅជាមួយម្ដាយនាងនៅទីក្រុងអាឡិចសង់ឌ្រី (Alexandria)។ ម្ដាយរបស់នាងគឺជាគ្រីស្ទានដោយសម្ងាត់ ដែលតាមរយៈឪពុកខាងវិញ្ញាណរបស់នាង បាននាំ កាតារីន ឱ្យក្លាយជាគ្រីស្ទាន។ ក្នុងចក្ខុនិមិត្តមួយ សន្តី កាតារីន បានទទួលចិញ្ចៀនមួយពីព្រះអម្ចាស់យេស៊ូផ្ទាល់ ជាសញ្ញានៃការភ្ជាប់ពាក្យរបស់នាងជាមួយព្រះអង្គ។ ចិញ្ចៀននេះនៅតែស្ថិតនៅលើម្រាមដៃរបស់នាងរហូតមកទល់សព្វថ្ងៃនេះ។ កាតារីន ត្រូវបានព្រះជាម្ចាស់ប្រទានឱ្យមានសមត្ថភាព ហើយត្រូវបានអប់រំយ៉ាងល្អក្នុងវិស័យទស្សនវិជ្ជាក្រិច វេជ្ជសាស្ត្រ វាចាសាស្ត្រ និងតក្កវិជ្ជា។ លើសពីនេះទៀត នាងក៏មានសម្រស់រូបឆោមដ៏ល្អឥតខ្ចោះផងដែរ។
នៅពេលដែលឣធិរាជ ម៉ាក់សេនទីយ៉ូស (Maxentius) ដ៏អយុត្តិធម៌ បានគោរពបូជាព្រះក្លែងក្លាយ និងបានបញ្ជាឱ្យអ្នកដទៃធ្វើដូចគ្នា កាតារីន បានប្រឈមមុខនឹងឣធិរាជដោយភាពក្លាហាន និងរិះគន់កំហុសរបស់ទ្រង់ក្នុងការគោរពសក្ការៈព្រះក្លែងក្លាយ។ ឣធិរាជ ដោយឃើញថានាងពូកែជាងទ្រង់ទាំងខាងប្រាជ្ញា និងចំណេះដឹង ទ្រង់ក៏បានហៅអ្នកប្រាជ្ញចំនួន ៥០ នាក់របស់ទ្រង់ ឱ្យមកជជែកពិភាក្សា ជាមួយនាងអំពីបញ្ហាជំនឿ និងធ្វើឱ្យនាងខ្មាសគេ។ កាតារីន បានមានជ័យជំនៈ ហើយធ្វើឱ្យពួកគាត់ខ្មាស់អៀនវិញ។ ដោយក្រោធខឹង ឣធិរាជបានបញ្ជាឱ្យដុតអ្នកប្រាជ្ញទាំង ៥០ នាក់នោះទៅ។ តាមរយៈការអធិស្ឋានរបស់សន្តី កាតារីន អ្នកប្រាជ្ញទាំង ៥០ នាក់បានទទួលស្គាល់ព្រះនាមព្រះគ្រិស្ត និងបានប្រកាសខ្លួនថាជាគ្រីស្ទានមុនពេលត្រូវបានប្រហារជីវិត។
ក្រោយពី កាតារីន ត្រូវបានគេដាក់គុក នាងបានបំប្លែងមេបញ្ជាការរបស់ឣធិរាជឈ្មោះ ព័រភីរីយ៉ូស (Porphyrius) និងទាហានចំនួន ២០០ នាក់ ឱ្យក្លាយជាគ្រីស្ទាន ព្រមទាំងព្រះនាង អូហ្គូស្តា-វ៉ាស៊ីលីសា
