សន្តបុគ្គលនៃ ថ្ងៃទី2 ខែធ្នូ

THE HOLY PROPHET HABAKKUK


ហាបាគុក ជាបុត្ររបស់ អាសាផាត (Asaphat) ពីវង្សត្រកូលស៊ីមៀន (Simeon)។ លោកបានធ្វើការព្យាករណ៍ប្រហែល ៦០០ ឆ្នាំមុនព្រះគ្រិស្ត ក្នុងរជ្ជកាលព្រះមហាក្សត្រម៉ាណាសសេ (Manasseh) និងបានព្យាករណ៍ពីការវិនាសរបស់ទីក្រុងយេរូសាឡិម (Jerusalem)។ នៅពេលដែលព្រះមហាក្សត្រនេបូខាតនេសារ (Nebuchadnezzar) នៃបាប៊ីឡូន (Babylon) វាយលុកទីក្រុងយេរូសាឡិម ហាបាគុក បានភៀសខ្លួនទៅរស់នៅក្នុងដែនដី អ៊ីសម៉ាអែល (Ishmaelites)។ ហើយពីទីនោះ លោកបានត្រឡប់មកស្រុកយូដា (Judea) វិញ ដែលលោករស់នៅជាកសិករ។

មានថ្ងៃមួយ លោកកំពុងយកអាហារថ្ងៃត្រង់ទៅឱ្យកម្មករនៅក្នុងចំការ  ទេវទូតនៃព្រះអម្ចាស់បានបង្ហាញខ្លួនដល់លោក ហើយមានបន្ទូលថា៖ “«ចូរអ្នកនាំយកអាហារដែលអ្នកមានទៅឱ្យដានីឣ៊ែល (Daniel) នៅក្នុងប្រទេសបាប៊ីឡូន ដែលគាត់ស្ថិតនៅក្នុងរូងសិង្ហ»” (ដានីឣ៊ែល ១៤:៣៤*)។ ប៉ុន្តែ ហាបាគុក បានតបវិញថា៖ “«ឱ ព្រះអម្ចាស់ ខ្ញុំមិនដែលឃើញបាប៊ីឡូនទេ ហើយខ្ញុំក៏មិនដឹងថារូងសិង្ហនោះនៅឯណាដែរ»” (ដានីឣ៊ែល ១៤:៣៤-៣៥)។ ពេលនោះ ទេវទូតក៏ចាប់សក់លោក ហើយនាំលោកទៅកាន់បាប៊ីឡូនភ្លាមៗ ឆ្លងកាត់ចម្ងាយដ៏ឆ្ងាយ រហូតដល់រូងសិង្ហ ដែល ដានីឣ៊ែល ត្រូវបានព្រះមហាក្សត្រគីរុស (Cyrus) ចាត់ទោសដាក់គុកដោយសារមិនព្រមគោរពព្រះក្លែងក្លាយ។

“«ឱ ដានីឣ៊ែលឣើយ ដានីឣ៊ែល»” ហាបាគុក បានស្រែកឡើង “«ចូរអ្នកយកអាហារដែលព្រះជាម្ចាស់បានបញ្ជូនមកឱ្យអ្នកចុះ»” (ដានីឣ៊ែល ១៤:៣៧) ហើយ ដានីឣ៊ែល ក៏បានទទួលយក និងបរិភោគ។ បន្ទាប់មក ទេវទូតនៃព្រះជាម្ចាស់បាននាំ ហាបាគុក មកវិញ ហើយនាំលោកត្រឡប់ទៅកាន់ចំការរបស់លោកនៅស្រុកយូដាវិញ។

ហាបាគុក ក៏បានព្យាករណ៍ពីការរំដោះទីក្រុងយេរូសាឡិម និងពេលវេលានៃការយាងមករបស់ព្រះគ្រិស្តផងដែរ។ លោកបានទទួលមរណភាពក្នុងវ័យចំណាស់ ហើយត្រូវបានគេបញ្ចុះនៅកេឡា (Kela)។ អដ្ឋិធាតុរបស់លោកត្រូវបានរកឃើញក្នុងរជ្ជកាលព្រះចៅ ថេអូដូស៊ីយ៉ូស (Theodosius) ដ៏មហាសាល។



(*ចំណាំរបស់អ្នកកែសម្រួល៖ ជំពូក ១៤ នៃគម្ពីរដានីឣ៊ែលនេះមកពីអត្ថបទភាសាក្រិក [ព្រះគម្ពីរ Septuagint] នៃគម្ពីរសញ្ញាចាស់ផ្នែក Apocrypha ហើយត្រូវបានគេស្គាល់ផងដែរថាជា បេល និង នាគ។)

(*Editor’s Note:  Daniel 14 is from the Greek text [the Septuagint] of the Apocrypha of the Old Testament, and is also known as Bel and the Dragon.)