សន្តបុគ្គលនៃ ថ្ងៃទី26 ខែវិច្ឆកា

THE VENERABLE ALYPIUS THE STYLITE


ឣាលីភីយ៉ូស កើតនៅក្នុងទីក្រុងអាឌ្រីយ៉ាណូបូលីស (Hadrianopolis) ដែលជាទីក្រុងមួយនៅស្រុកប៉ាវឡាហ្គោនី (Paphlagonia)។ តាំងពីវ័យកុមារ គាត់ត្រូវបានថ្វាយខ្លួនសម្រាប់ការបម្រើព្រះជាម្ចាស់។ គាត់ធ្លាប់ធ្វើជាអ្នកបម្រើព្រះវិហារ (deacon) ដោយធ្វើជាជំនួយការបំរើ ប៊ីស្សប ទេឣូដ័រ (Theodore) នៅក្នុងព្រះវិហារនៅទីក្រុងនោះ។ ប៉ុន្តែ ដោយមានបំណងចង់រស់នៅដាច់ស្រយាល ដើម្បីអធិស្ឋាន និងសម្រាកគំនិត ឣាលីភីយ៉ូស បានដកខ្លួនទៅកាន់វាលបញ្ជុះសពក្រិច នៅក្រៅទីក្រុង។ នេះគឺជាវាលកប់សពដែលមនុស្សភ័យខ្លាចរត់គេចពីវា ដោយសារតែការបង្ហាញខ្លួនដ៏ញឹកញាប់នៃវិញ្ញាណអាក្រក់ដែលគេឃើញនៅទីនោះ។ ឣាលីភីយ៉ូស បានបង្កើតឈើឆ្កាងមួយនៅក្នុងវាលកប់សពនេាះ ហើយសង់ព្រះវិហារមួយឧទ្ទិសដល់សន្តី អេហ្វេមី (Euphemia) ដែលបានបង្ហាញខ្លួនដល់គាត់ក្នុងសុបិន្ត។ នៅក្បែរព្រះវិហារ គាត់បានសង់សសរថ្មខ្ពស់មួយ ហើយក៏ ឡើងទៅនៅលើកំពូលសសរនោះ និងចំណាយពេល ៥៣ ឆ្នាំនៅទីនោះក្នុងការភ្ញាក់រលឹកនាពេលរាត្រី និងការអធិស្ឋាន។ ទាំងការចំអករបស់មនុស្ស និងអំពើអាក្រក់របស់ពួកវិញ្ញាណអាក្រក់ មិនអាចបណេ្ដញគាត់ចេញ ឬធ្វើឱ្យគាត់រញ្ជួយក្នុងបំណងរបស់គាត់បានឡើយ។

ឣាលីភីយ៉ូស បានអត់ធ្មត់ជាពិសេសនូវការវាយប្រហាររាប់មិនអស់ពីពួកវិញ្ញាណអាក្រក់។ មិនត្រឹមតែពួកវិញ្ញាណអាក្រក់ព្យាយាមធ្វើឱ្យគាត់ភ័យខ្លាចដោយសាររូបភាពប៉ុណ្ណោះទេ ថែមទាំងគប់គាត់ដោយថ្មផងដែរ ហើយមិនផ្ដល់សន្តិភាពដល់គាត់ទាំងថ្ងៃទាំងយប់អស់រយៈពេលយូរ។ ឣាលីភីយ៉ូស ដ៏ក្លាហាន បានការពារខ្លួនឯងពីអំណាចរបស់ពួកវិញ្ញាណអាក្រក់ដោយសញ្ញាឈើឆ្កាង និងព្រះនាមយេស៊ូ។ ទីបំផុត ពួកវិញ្ញាណអាក្រក់ត្រូវបានចាញ់ ហើយរត់គេចពីគាត់។ មនុស្សបានចាប់ផ្ដើមគោរពគាត់ និងមករកគាត់សម្រាប់ការអធិស្ឋាន ការលួងលោម ការណែនាំ និងការព្យាបាល។ សង្ឃស្ថានពីរត្រូវបានសង់នៅក្បែរសសររបស់គាត់ មួយនៅម្ខាងសម្រាប់បុរស និងមួយទៀតនៅម្ខាងសម្រាប់ស្ត្រី។ ម្ដាយ និងបងប្អូនស្រីរបស់គាត់រស់នៅក្នុងសង្ឃស្ថានស្ត្រី។ សន្ត ឣាលីភីយ៉ូស បានដឹកនាំព្រះសង្ឃ និងដូនជី ពីសសររបស់គាត់ ដោយធ្វើជាគំរូឧទាហរណ៍ និងពាក្យសំដី។ គាត់ភ្លឺដូចព្រះអាទិត្យនៅលើមេឃសម្រាប់មនុស្សគ្រប់គ្នា បង្ហាញពួកគេនូវផ្លូវទៅកាន់ការសង្គ្រោះ។ អ្នកដែលព្រះទ្រង់ពេញព្រះទ័យនេះបានទទួលព្រះគុណច្រើនណាស់ ដែលគាត់ត្រូវបានភ្លឺដោយពន្លឺស្ថានសួគ៌ ហើយសសរនៃពន្លឺនេះលាតសន្ធឹងឡើងទៅកាន់មេឃខាងលើគាត់។

សន្ត ឣាលីភីយ៉ូស ជាអ្នកធ្វើអព្ភូតហេតុដ៏អស្ចារ្យ និងមានអានុភាពក្នុងពេលមានជីវិត និងបន្ទាប់ពីទទួលមរណភាពផងដែរ។ គាត់រស់នៅអស់រយៈពេល ១០០ ឆ្នាំ ហើយបានទទួលមរណភាពក្នុងឆ្នាំ ៦៤០ នៃគ.ស. ក្នុងរជ្ជកាលឣធិរាជ ហេរ៉ាឃ្លីយ៉ូស (Heraclius)។ លលាក្បាលរបស់គាត់ត្រូវបានរក្សាទុកនៅសង្ឃស្ថាន គូតឡូម៉ូស៊ីអូ (Koutloumousiou) លើភ្នំដ៏វិសុទ្ធ (Holy Mountain)។