សន្តបុគ្គលនៃ ថ្ងៃទី28 ខែវិច្ឆកា

THE VENERABLE MARTYR STEPHEN THE NEW


ដូចជានាងហាណា (Hannah) ម្ដាយរបស់សាំយ៉ូអែល (Samuel) ដែលបានសុំពីព្រះជាម្ចាស់ឱ្យប្រទានកូនប្រុសមួយដល់នាង នាងអាណា (Anna) ម្ដាយរបស់ស្តេហ្វិន ក៏បានសុំដូច្នោះដែរ។ ខណៈកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ប្លាឃែរណាយ (Blachernae) នៅចំពោះមុខ រូបអាយខនរបស់ទេឣូតូកូស ដ៏មានព្រះពរ នាងក៏ដេកលក់ទៅ ហើយបានឃើញទេឣូតូកូស ភ្លឺដូចព្រះអាទិត្យ និងបានលឺសម្លេងពី រូបអាយខន នោះថា៖ “«នាងឣើយ ចូរទៅដោយសន្តិភាពចុះ។ ស្របតាមការអធិស្ឋានរបស់នាង នាងមានកូនប្រុសនៅក្នុងផ្ទៃហើយ»”។ នាងអាណា ពិតជាមានផ្ទៃពោះ ហើយបានប្រសូត្រកូនប្រុសម្នាក់ គឺសន្ត ស្តេហ្វិន។

នៅអាយុ ១៦ ឆ្នាំ ស្តេហ្វិន ត្រូវបាន បំបួស ជាសង្ឃនៅលើភ្នំអូកសេនទីយ៉ូស(Auxentius) ជិតទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ដោយព្រឹទ្ធាចារ្យ យ៉ូហាន (John) ដែលក៏បានបង្រៀនគាត់អំពីប្រាជ្ញាព្រះគម្ពីរ និងការប្រតិបត្តិផងដែរ។ នៅពេលព្រឹទ្ធាចារ្យ យ៉ូហាន ចូលទិវង្គត ស្តេហ្វិន នៅតែបន្តរស់នៅលើភ្នំនោះក្នុងជីវិតជាឣ្នកបួសដ៏តឹងរឹង ដោយអនុវត្តការធ្វើពលកម្មលំបាកៗជាបន្តបន្ទាប់។ ភាពវិសុទ្ធរបស់គាត់បានទាក់ទាញសិស្សជាច្រើនមករកគាត់។

នៅពេលឣធិរាជ កុងស្តង់ទីន កូប្រូនីមុស (Constantine Copronymus) កំពុងបៀតបៀនលើ រូបអាយខន ដ៏ខ្លាំងជាង ឪពុករបស់ទ្រង់ លេអូ (Leo) ជាតិអ៊ីស័រី (the Isaurian) ទៅទៀត ហើយស្តេហ្វិន បានបង្ហាញខ្លួនជាអ្នកការពារដ៏ក្លាហាននៃការគោរព រូបអាយខន ដ៏វិសុទ្ធ។ ឣធិរាជដែលឆ្កួតវងេ្វងបានទទួលយកការចោទប្រកាន់ផ្សេងៗដែលមិនពិត ដែលប្រឆាំងនឹង ស្តេហ្វិន ហើយបានរៀបចំឧបាយកលផ្ទាល់ខ្លួនដើម្បីបំបាក់ ស្តេហ្វិន និងកម្ចាត់គាត់ចេញ។ ស្តេហ្វិន ត្រូវបាននិរទេសទៅកាន់កោះ ប្រូកូនណេសុស (Proconnesus) បន្ទាប់មកត្រូវបានគេនាំទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល ហើយគេដាក់ច្រវាក់ និងចាប់គាត់ដាក់គុក ដែលនៅទីនោះគាត់បានជួបសង្ឃ ៣៤២ នាក់ ដែលត្រូវបាននាំមកពីគ្រប់ទីកន្លែង ហើយឃុំឃាំង ដោយសារតែការគោរព រូបអាយខន របស់ពួកគាត់។ នៅក្នុងគុកនោះ ពួកគាត់បានប្រតិបត្តិតាមវិន័យ (typicon) ទាំងមូលដូចនៅក្នុង សង្ឃស្ថានដែរ។

បន្ទាប់មក ឣធិរាជដ៏អាក្រក់បានកាត់ទោស ស្តេហ្វិន ឱ្យស្លាប់។ សន្តបានដឹងពីមរណភាពរបស់គាត់ ៤០ ថ្ងៃមុន ហើយបានសុំការអភ័យទោសពីបងប្អូន។ សេនារបស់ឣធិរាជបានទាញគាត់ពីគុក ហើយវាយ និងទាញគាត់ អូសទាញគាត់តាមដងផ្លូវនៃទីក្រុងកុងស្តង់ទីនូប៉ូល ដោយហៅអ្នកទាំងឡាយដែលស្មោះត្រង់ចំពោះឣធិរាជឱ្យគប់ថ្មទៅលើ «សត្រូវរបស់ឣធិរាជ» នេះ។ មេដឹកនាំសាសនាប្រឆាំងនឹង រូបអាយខន ម្នាក់បានវាយក្បាលសន្តដោយដុំឈើ ហើយសន្តនេះក៏បានបញ្ជេញព្រលឹងរបស់គាត់។ ដូចជាសន្ត ស្តេហ្វិន មរណសាក្សីដំបូងគេ (Stephen the Protomartyr) ដែលទទួលទារុណកម្មពីពួកយូដា ស្តេហ្វិន នេះក៏បានទទួលទារុណកម្មពីពួកប្រឆាំងនឹង រូបអាយខន ដែរ។ ទាហានដ៏រុងរឿងរបស់ព្រះគ្រិស្តនេះបានទទួលមរណភាពក្នុងឆ្នាំ ៧៦៧ នៃគ.ស. ក្នុងអាយុ ៥៣ ឆ្នាំ ហើយត្រូវបានគ្រងមកុដដ៏ភ្លឺថ្លាជាអមតៈ។