មរណសាក្សីដ៏វិសុទ្ធ លោក ប៉ារ៉ាម៉ូន (PARAMON) និង សន្ត ៣៧០ អង្គផ្សេងទៀតជាមួយលោក
THE HOLY MARTYR PARAMON AND 370 OTHERS WITH HIM

នៅក្នុងខេត្តប៊ីធីនី (Bithynia) នៅទ្វីបអាស៊ី អភិបាល អាគីលីនុស (Aquilinus) បានធ្វើទារុណកម្មលើពួកគ្រីស្ទានយ៉ាងឃោរឃៅ។ មានពេលម្តងគាត់បានចាប់គ្រីស្ទានចំនួន ៣៧០ នាក់ នាំពួកគាត់មក ហើយចងពួកគាត់នៅកន្លែងមួយដែលមានព្រះវិហារគោរពសក្ការៈរូបសំណាកនៃព្រះ ប៉ូសេយដុន (Poseidon)។ នៅទីនេះ អភិបាលដ៏អាក្រក់បានព្យាយាមបង្ខំពួកគាត់ឱ្យគោរព និងបូជាដល់ព្រះនោះ។ ទោះបីជាអភិបាលគំរាមកំហែងថានឹងសម្លាប់អ្នកណាដែលមិនគោរពតាមបទបញ្ជារបស់គាត់ក៏ដោយ ក៏គ្មានគ្រីស្ទានណាម្នាក់ចុះចាញ់ឡើយ។ នៅពេលនោះដែរ មានបុរសម្នាក់ដ៏មានកិត្តិយសឈ្មោះ ប៉ារ៉ាម៉ូន (Paramon) បានធ្វើដំណើរកាត់តាមផ្លូវនៅក្បែរព្រះវិហារ។ គាត់បានឈប់នៅក្បែរបណ្តាអ្នកដែលត្រូវគេចងរឹត ហើយបានដឹងពីអ្វីដែលកំពុងកើតឡើង។ បន្ទាប់មកគាត់បានស្រែកឡើងថា៖ “«អូ! តើអភិបាលដ៏លាមកនេះចង់សម្លាប់បណ្តាអ្នកសុចរិតដែលគ្មានទោសចំនួនប៉ុន្មានទៀត ដោយសារតែពួកគេមិនព្រមគោរពព្រះនានាដែលស្លាប់ និងគ្មានជីវិតរបស់គាត់?»”
ប៉ារ៉ាម៉ូន បានបន្តដំណើរទៅមុខ ហើយអភិបាលដែលក្រោធខឹងបានបញ្ជូនពួកទាហានរបស់គាត់ឱ្យទៅសម្លាប់គាត់។ ពួកទាហានបានតាមទាន់ ប៉ារ៉ាម៉ូន ហើយចាប់គាត់ ហើយចាក់ម្ជុលមានពិសទៅក្នុងអណ្តាតរបស់គាត់ បន្ទាប់មកហែកអាវគាត់ចេញ ហើយចាក់រាងកាយរបស់គាត់ទាំងមូល។ សន្ត ប៉ារ៉ាម៉ូន ដោយមានការអធិស្ឋានក្នុងចិត្ត បានបញ្ជូនព្រលឹងរបស់គាត់ដល់ព្រះជាម្ចាស់។ ក្រោយពីនោះ មរណសាក្សីទាំង ៣៧០នាក់ ដែលអស្ចារ្យសមជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ និងបរិសុទ្ធដូចជាកូនចៀម ត្រូវបានគេកាត់ក្បាល ហើយដូច្នេះពួកគាត់បានចូលទៅក្នុងព្រះរាជ្យដ៏ឣមតៈរបស់ព្រះគ្រិស្តជាព្រះអម្ចាស់។ ពួកគាត់បានទទួលមរណភាពក្នុងឆ្នាំ ២៥០ នៃគ.ស.។
