សន្តបុគ្គលនៃ ថ្ងៃទី30 ខែវិច្ឆកា

THE HOLY APOSTLE ANDREW THE FIRST-CALLED


ឣន់ដ្រេ ជាបុត្ររបស់ យ៉ូណាស (Jonah) និងជាបងប្អូនរបស់ ពេត្រុស (Peter) កើតនៅក្នុងភូមិបេតសាយដា (Bethsaida) ហើយរកស៊ីជាអ្នកនេសាទ។ ដំបូងគាត់ជាសិស្សរបស់សន្ត យ៉ូហាន អ្នកនាំផ្លូវ (John the Baptist) ប៉ុន្តែនៅពេលសន្ត យ៉ូហាន ចង្អុលបង្ហាញទៅព្រះអម្ចាស់យេស៊ូ ដោយពោលថា៖ “«មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់!»” (យ៉ូហាន ១:៣៦) ឣន់ដ្រេ ក៏បានចាកចេញពីគ្រូដំបូងរបស់គាត់ ហើយតាមព្រះគ្រិស្ត។ បន្ទាប់មក ឣន់ដ្រេ បាននាំបងប្អូនរបស់គាត់ឈ្មោះ ពេត្រុស មកថ្វាយព្រះអម្ចាស់។

ក្រោយពីព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសន្ធិត សន្តគ្រីស្ទទូតដំបូងគេរបស់ព្រះគ្រិស្ត គឺ ឣន់ដ្រេ ត្រូវបានចាត់ឱ្យផ្សព្វផ្សាយដំណឹងល្អនៅក្នុងចក្រភព ប៊ីហ្សង់ទីន (Byzantium) និងដែនដី ថ្រេស (Thrace) បន្ទាប់មកនៅតាមដងទនេ្លដានូប (Danube) និងនៅរុស្ស៊ី (Russia) ជុំវិញសមុទ្រខ្មៅ (Black Sea) ហើយទីបំផុតនៅក្នុងដែនដីអេពីរូស (Epirus) ក្រិច (Greece) និងភេឡូបផូន (Peloponnese) ដែលជាកន្លែងដែលគាត់បានទទួលមរណភាព។

នៅក្នុងទីក្រុងប៊ីហ្សង់ទីន គាត់បានតែងតាំងសន្ត ស្តាគីស (Stachys) ជាប៊ីស្សបដំបូងគេរបស់ទីក្រុងនោះ។ នៅក្នុងទីក្រុងគៀវ (Kiev) គាត់បានដាក់ឈើឆ្កាងមួយនៅលើទីកន្លែងខ្ពស់ ហើយបានព្យាករណ៍ពីអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជនរុស្ស៊ីក្នុងនាមជាគ្រីស្ទាន។ ពាសពេញដែនដី ថ្រេស អេពីរូស ក្រិច និងភេឡូបផូន គាត់បានបំប្លែងមនុស្សរាប់ពាន់នាក់ឱ្យក្លាយជាគ្រីស្ទាន ហើយបានតែងតាំងប៊ីស្សប និងបូជាចារ្យសម្រាប់ពួកគេ។

នៅក្នុងទីក្រុងប៉ាត្រាស (Patras) គាត់បានធ្វើអព្ភូតហេតុជាច្រើនក្នុងនាមព្រះគ្រិស្ត ហើយបានឈ្នះចិត្តមនុស្សជាច្រើនឱ្យមករកព្រះអម្ចាស់។ ក្នុងចំណោមអ្នកដែលទើបនឹងមានជំនឿ ក៏មានបងប្អូន និងប្រពន្ធរបស់អភិបាល អេហ្ស៊េអាត (Aegeates) ផងដែរ។ ដោយក្រោធខឹងចំពោះរឿងនេះ អេហ្ស៊េអាត បានធ្វើទារុណកម្មលើសន្ត ឣន់ដ្រេ ហើយបន្ទាប់មកក៏ឆ្កាងគាត់។ ខណៈដែលសន្តគ្រីស្ទទូតនេះនៅរស់នៅលើឈើឆ្កាង គាត់បានផ្តល់ការណែនាំដ៏មានប្រយោជន៍ដល់ពួកគ្រីស្ទានដែលបានជួបជុំគ្នានៅជុំវិញគាត់។ ប្រជាជនចង់យកគាត់ចុះពីឈើឆ្កាង ប៉ុន្តែគាត់បានបដិសេធមិនឱ្យពួកគេធ្វើដូច្នោះ។ បន្ទាប់មក សន្តគ្រីស្ទទូតបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយពន្លឺដ៏អស្ចារ្យបានគ្របដណ្តប់គាត់។ ពន្លឺដ៏ភ្លឺស្វាងនេះបានបន្តកន្លងផុតទៅឣស់រយៈពេលកន្លះម៉ោង ហើយនៅពេលដែលវាបាត់ទៅ សន្តគ្រីស្ទទូតក៏បានបញ្ជូនទៅនូវព្រលឹងដ៏វិសុទ្ធរបស់គាត់ដល់ព្រះជាម្ចាស់ដែរ។

ដូច្នេះ សន្តគ្រីស្ទទូតដែលត្រូវបានកេាះហៅដំបូងគេនេះ ដែលជាអ្នកដំបូងគេក្នុងចំណោមគ្រីស្ទទូតធំៗទាំង ១២ អង្គដែលបានស្គាល់ព្រះអម្ចាស់ និងដើរតាមព្រះអង្គ បានបញ្ចប់ដំណើរជីវិតលើផែនដីរបស់គាត់។ សន្ត ឣន់ដ្រេ បានទទួលមរណភាពដើម្បីព្រះអម្ចាស់របស់គាត់ក្នុងឆ្នាំ ៦២ នៃគ.ស.។ អដ្ឋិធាតុរបស់គាត់ត្រូវបាននាំទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople)។ ហើយលលាក្បាលរបស់គាត់ត្រូវបាននាំទៅក្រុងរ៉ូម (Rome) ក្រោយមក ដៃមួយរបស់គាត់ត្រូវបាននាំទៅក្រុងម៉ូស្គូ (Moscow)។