សន្ត អាំប្រូស (AMBROSE) ប៊ីស្សពនៃទីក្រុងមេឌីយ៉ូឡានុម (Mediolanum) (មីឡាន Milan)
SAINT AMBORSE, BISHOP OF MEDIOLANUM (MILAN)

សម្ដេចឪពុកដ៏វិសុទ្ធនិងធំធេងនៃព្រះសហគមន៍ឣ័រតូដុក្ស (Orthodox) ម្នាក់នេះមានកំណើតក្នុងឋានៈខ្ពង់ខ្ពស់។ ឪពុករបស់គាត់ជាអ្នកគ្រប់គ្រងរាជការក្រោមព្រះចៅឣធិរាជ ប្រចាំតំបន់ហ្គោល (Gaul) និងអេស្ប៉ាញ ហើយជាអ្នកគោរពសាសនាព្រះក្លែងក្លាយ ប៉ុន្តែម្ដាយរបស់គាត់ជាគ្រីស្ទាន។ ខណៈដែលគាត់នៅជាទារក សត្វឃ្មុំជាច្រើនបានមកចុះទំលើគាត់ ចាក់ទឹកឃ្មុំលើបបូរមាត់របស់គាត់ រួចហើយហោះចេញទៅ។ ហើយនៅពេលដែលគាត់នៅជាកុមារ គាត់បានលាន់មាត់ពាក្យព្យាករណ៍ថា៖ «ថើបវាចុះ ពីព្រោះខ្ញុំនឹងក្លាយជាប៊ីស្សព»។
ក្រោយពីឪពុករបស់គាត់ស្លាប់ ព្រះចៅឣធិរាជបានតែងតាំងគាត់ជាតំណាងរបស់ទ្រង់នៅខេត្តលីហ្គូរី (Liguria) ដែលមាន ទីក្រុងមីឡាន ជាទីក្រុងចម្បងនៅទីនេាះ។ នៅពេលដែលប៊ីស្សពនៃទីក្រុងមីឡានស្លាប់ ការខ្វែងគំនិតយ៉ាងធំមួយបានកើតឡើងរវាងពួកគ្រីស្ទានឣ័រតូដុក្ស និងពួកបង្រៀនខុសឆ្គង ឣារីយ៉ាន (Arian) អំពីការជ្រើសរើសប៊ីស្សពថ្មី។ អាំប្រូស បានចូលទៅក្នុងព្រះវិហារដើម្បីរក្សាសណ្តាប់ធ្នាប់ ដែលនេះជាភារកិច្ចរបស់គាត់។ នៅពេលនោះ កេ្មងម្នាក់នៅលើទ្រូងម្ដាយបានស្រែកឡើងថា៖ «អាំប្រូសជាប៊ីស្សព!» ប្រជាជនទាំងអស់បានយករឿងនេះជាសម្លេងរបស់ព្រះជាម្ចាស់ ហើយបានបោះឆ្នោតជ្រើសរើស អាំប្រូស ជាប៊ីស្សពរបស់ពួកគេដោយសាមគ្គីភាព ទោះបីជាផ្ទុយនឹងបំណងរបស់គាត់ក៏ដោយ។ អាំប្រូស ត្រូវបានធ្វើពិធីជ្រមុជទឹក ហើយបានតែងតាំងាឋានះផ្សេងៗទាំងអស់ដែលត្រូវការ តាមលំដាប់ច្បាប់របស់ព្រះសហគមន៍ មុននឹងបានតែងតាំងជា ប៊ីស្សព ដែលការណ៏ទាំងអស់នេះ កើតឡើងអស់រយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
ក្នុងនាមជាប៊ីស្សព អាំប្រូស បានពង្រឹងជំនឿឣ័រតូដុក្ស បង្ក្រាបពួកប្រឆាំងនឹងពួកបង្រៀនខុសឆ្គង តុបតែងព្រះវិហារ ពង្រីកជំនឿគ្រីស្ទានក្នុងចំណោមពួកដែលគោរពព្រះក្លែងក្លាយ និងបានសរសេរសៀវភៅបង្រៀនជាច្រើន ហើយបានបម្រើជាគំរូនៃគ្រីស្ទានដ៏ពិត និងជាគង្វាលគ្រីស្ទានដ៏ពិតម្នាក់។ គាត់បាននិពន្ធបទចំរៀងល្បីល្បាញ «យើងសរសើរទ្រង់ ឱព្រះជាម្ចាស់» “We Praise Thee, O God.”។ លោកឪពុកដ៏រុងរឿងម្នាក់នេះ ដែលមានមនុស្សជាច្រើនចង់មកជួបលោកពីទឹកដីឆ្ងាយៗ ដោយសារប្រាជ្ញា និងពាក្យសំដីដ៏ផ្អែមល្ហែមរបស់គាត់ គឺមានភាពអត់ធ្មត់ខ្លាំង ព្យាយាម និងការដាស់រលឹកជានិច្ច។ គាត់គេងតិចណាស់ ដោយខិតខំធ្វើការ និងអធិស្ឋានឥតឈប់ឈរ ហើយតមអាហាររាល់ថ្ងៃ លើកលែងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូច្នេះ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យគាត់បានឃើញ អព្ភូតហេតុឣស្ចារ្យ ជាច្រើនរបស់ទ្រង់ ហើយឣោយគាត់ធ្វើអព្ភូតហេតុឣស្ចារ្យដោយខ្លួនឯងផងដែរ។ គាត់បានរកឃើញអដ្ឋិធាតុរបស់សន្តមរណសាក្សី ព្រូតាស៊ីយ៉ូស (Protasius) ហ្គេវ៉ាស៊ីយ៉ូស (Gervasius) ណាហ្សារីយ៉ូស (Nazarius) និង សេលសុស (Celsus) (ថ្ងៃទី ១៤ ខែតុលា)។
គាត់សុភាពរាបសាចំពោះមនុស្សតូចតាច់ និងមិនខ្លាចរឣាចំពោះឣ្នកធំឡើយ។ គាត់បានស្តីបន្ទោសព្រះនាង យូស្ទីណា (Justina) ថាជាមេដឹកនាំសាសនាបង្រៀនខុសឆ្គង ហើយដាក់បណ្តាសាម៉ាក់ស៊ីមុស (Maximus) ដែលជាអ្នកបំពាន និងជាឃាតករ ហើយបានហាមឃាត់ព្រះចៅឣធិរាជ ថេអូដូស៊ីយ៉ូស (Theodosius) មិនឱ្យចូលព្រះវិហារទេ លុះត្រាតែទ្រង់សារភាពពីអំពើបាប របស់ទ្រង់ ហើយ កែប្រែ។ គាត់ក៏បានបដិសេធមិនជួបជាមួយ អេហ្គេនីយ៉ុស (Eugenius) ដែលជាអ្នកដឹកនាំផ្តាច់ការ ហើយដែលបានតែងតាំងខ្លួនឯងថាជាព្រះចៅឣធិរាជ។
ព្រះជាម្ចាស់បានប្រទានព្រះគុណដល់បុរសដែលបំពេញព្រះទ័យទ្រង់នេះ រហូតដល់គាត់អាចធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ បណេ្ដញវិញ្ញាណអាក្រក់ចេញពីមនុស្ស ព្យាបាលអ្នកឈឺពីជំងឺគ្រប់ប្រភេទ និងអាចមើលឃើញអនាគត។ អាំប្រូស បានទទួលមរណភាពដោយសន្តិភាពនៅព្រឹកថ្ងៃបុណ្យប៉ាសកា (Pascha) ក្នុងឆ្នាំ ៣៩៧ នៃគ.ស.។
