សន្តបុគ្គលនៃ ថ្ងៃទី11 ខែធ្នូ

THE VENERABLE DANIEL THE STYLITE


ដានីយ៉ែល កើតនៅក្នុងភូមិបេថារ៉ា (Bethara) ជិតទីក្រុងសាម៉ូសាតា (Samosata) នៅមេសូប៉ូតាមី (Mesopotamia) ពីឪពុកម្ដាយគ្រីស្ទានឈ្មោះ ឣេលីយ៉ាស (Elias) និង ម៉ាថា (Martha)។ តាមរយៈការអធិស្ឋានទាំងទឹកភ្នែករបស់នាង ម្ដាយរបស់គាត់ដែលមិនឣាចមានកូន បានទទួលគាត់ពីព្រះជាម្ចាស់ ហើយជាបុត្រតែមួយគត់ គាត់ត្រូវបានប្រគល់ ដល់ព្រះជាម្ចាស់តាំងពីវ័យកុមារ។ ដានីយ៉ែល បានទទួលយកជីវិតជាឣ្នកបួសតាំងពីនៅអាយុ ១២ ឆ្នាំ បានទៅលេងសន្ត សុីមៀន (Simeon) ជា ឣ្នកបួសនៅលើសសរ ហើយត្រូវបានគាត់ប្រទានពរឲ្យ។

ដោយមានបំណងចង់រស់នៅដាច់ស្រយាល ដានីយ៉ែល បានចាកចេញពី សង្ឃស្ថាន ហើយដកខ្លួនទៅកាន់ព្រះវិហារគោរពសក្ការៈរូបសំណាកព្រះក្លែងក្លាយមួយដែលត្រូវបានគេបោះបង់ចោលមួយ នៅលើឆ្នេរសមុទ្រខ្មៅ (Black Sea)។ នៅទីនោះ គាត់បានអត់ធ្មត់នូវការវាយប្រហាររាប់មិនអស់ពីពួកវិញ្ញាណអាក្រក់ ប៉ុន្តែគាត់បានយកឈ្នះពួកវាទាំងអស់ដោយការអត់ធ្មត់ ការអធិស្ឋាន និងសញ្ញាឈើឆ្កាង។ ក្រោយមកគាត់បានឡើងទៅលើសសរមួយ។ នៅទីនោះ គាត់បាននៅរហូតដល់ស្លាប់ ដោយអត់ធ្មត់ទាំងកំដៅ និងរងារ និងការវាយប្រហារទាំងពីមនុស្ស និងវិញ្ញាណអាក្រក់។

សិស្សជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញសសររបស់គាត់ ហើយគាត់បានដឹកនាំពួកគេទៅកាន់ជីវិតនិរន្តរ៍ដោយគំរូ និងពាក្យសំដីរបស់គាត់។ ព្រះជាម្ចាស់បានប្រទានផលបុណ្យដល់អ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ដោយក្ដីមេត្តាករុណាច្រើន នៅក្នុងជីវិតគាត់ មួយនេះ ហើយគាត់បានធ្វើ អព្ភូតហេតុឣស្ចារ្យ ជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាច្រើន និងបានព្យាករណ៍ពីហេតុការណ៍នាពេលអនាគត។ មនុស្សពីគ្រប់ទិសទីបានមក ផ្តំុគ្នានៅក្រោមសសររបស់គាត់ ដើម្បីស្វែងរកជំនួយ និងការប្រឹក្សាពីសន្តរបស់ព្រះជាម្ចាស់ម្នាក់នេះ។ ព្រះចៅអធិរាជ និងសម្ដេចប៉ាទ្រីអាក្ខ ហើយនិងប្រជាជនសាមញ្ញបានមករកគាត់។ ព្រះចៅអធិរាជ លេអូ (Leo) ដ៏មហាសាល បាននាំភ្ញៀវបរទេស ពួកអង្គម្ចាស់ និងអ្នកមានឋានៈរបស់ទ្រង់មក ហើយបង្ហាញពួកគាត់នូវសន្ត ដានីយ៉ែល នៅលើសសរ ដោយមានបន្ទូលទៅកាន់ពួកគាត់ថា៖ «មើលនែ ឣ្វីដែលអស្ចារ្យបំផុតនៅក្នុងព្រះរាជាណាចក្ររបស់យើង!»

ដានីយ៉ែល បានព្យាករណ៍ពីថ្ងៃស្លាប់របស់គាត់ផ្ទាល់ បានបង្រៀនសិស្សរបស់គាត់ដូចជា ឪពុកបង្រៀនកូនៗ ហើយបាននិយាយលាពួកគេ។ នៅពេលគាត់ស្លាប់ សិស្សរបស់គាត់បានឃើញពួក ទេវទូត ហោរា គ្រីស្ទទូត និងមរណសាក្សីនៅពីលើសសររបស់គាត់។ ដោយបានរស់នៅអស់រយៈពេល ៨០ ឆ្នាំ បុរសដ៏វិសុទ្ធដូចទេវទូតនេះបានទទួលមរណភាព ហើយបានទៅទីលំនៅរបស់គាត់នៅក្នុងព្រះរាជ្យព្រះគ្រិស្តក្នុងឆ្នាំ ៤៨៩ នៃគ.ស.។