សន្តបុគ្គលនៃ ថ្ងៃទី12 ខែធ្នូ

 SAINT SPYRIDON THE WONDERWORKER, BISHOP OF TREMITHUS


កោះស៊ីប (Cyprus) គឺជាកន្លែងកំណើត ហើយក៏ជាកន្លែងដែលសន្តដ៏រុងរឿងនេះបានបម្រើព្រះសហគមន៍ផងដែរ។ ស្ពីរីដូន កើតពីឪពុកម្ដាយសាមញ្ញ ដែលជាកសិករ ហើយគាត់បានបន្តរស់នៅយ៉ាងសាមញ្ញ និងការឱនលំទោនរហូតដល់ស្លាប់។ គាត់រៀបការនៅវ័យក្មេង ហើយមានកូន ប៉ុន្តែនៅពេលប្រពន្ធរបស់គាត់ស្លាប់ គាត់បានបូជាខ្លួនទាំងស្រុងដល់ការបម្រើព្រះជាម្ចាស់។ ដោយសារភាពសក្ដិសមដ៏ពិសេសរបស់គាត់ គាត់ត្រូវបានជ្រើសរើសជាប៊ីស្សបនៃទីក្រុងត្រេមីថុស។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែក្នុងនាមជាប៊ីស្សប គាត់ក៏មិនបានផ្លាស់ប្តូររបៀបរស់នៅសាមញ្ញរបស់គាត់ឡើយ ដោយចិញ្ចឹមសត្វ និងដាំដុះដីរបស់គាត់ដោយខ្លួនឯង។ គាត់ប្រើប្រាស់លទ្ធផលពីដំណាំចំការ របស់គាត់តិចតួចណាស់សម្រាប់ខ្លួនឯង ផ្ទុយទៅវិញ គាត់បានចែកចាយយ៉ាងច្រើនដល់អ្នកក្រីក្រ។

គាត់បានបង្ហាញពី អព្ភូតហេតុឣស្ចារ្យ ដ៏ធំធេងដោយអានុភាពព្រះជាម្ចាស់៖ គាត់បានធ្វើឱ្យមានភ្លៀងក្នុងពេលរាំងស្ងួត ធ្វើឲទឹកទនេ្លឈប់ហូរ ធ្វើឱ្យមនុស្សជាច្រើនរស់ពីស្លាប់ឡើងវិញ ព្យាបាល ព្រះចៅអធិរាជ កុងស្តង់ទីយ៉ូស (Constantius) ពីជំងឺធ្ងន់ធ្ងរ បានឃើញ និង បានលឺពីទេវទូតរបស់ព្រះជាម្ចាស់ បានមើលឃើញព្រឹត្តិការណ៍នាពេលអនាគត បានដឹងពីអាថ៌កំបាំងនៃចិត្តមនុស្ស បានបំប្លែងមនុស្សជាច្រើនទៅកាន់ជំនឿពិត និងបានធ្វើអ្វីៗជាច្រើនទៀត។ 

គាត់បានចូលរួមក្នុងក្រុមប្រឹក្សាសាកលលើកទីមួយនៅទីក្រុងនីកេយ៉ា (Nicaea) [៣២៥ នៃគ.ស.] ហើយគាត់បាននាំពួកបង្រៀនខុសឆ្គងមកជំនឿឣ័រតូដុក្ស(Orthodoxy ជំនឿដើម) វិញដោយការពន្យល់សាមញ្ញ និងច្បាស់លាស់អំពីជំនឿ និងដោយសារ អព្ភូតហេតុឣស្ចារ្យ ដ៏ខ្លាំងក្លារបស់គាត់ដែរ។

គាត់ស្លៀកពាក់សាមញ្ញណាស់ រហូតមានពេលមួយ នៅពេលដែលគាត់ចង់ចូលទៅក្នុងព្រះបរមរាជវាំងតាមការអញ្ជើញរបស់ ព្រះចៅអធិរាជ ទាហានម្នាក់ដែលគិតថាគាត់ជាអ្នកសុំទាន បានវាយមុខគាត់។ ដោយភាពសុភាពរាបសា និងឥតមានល្បិច ស្ពីរីដូន បានបែរថ្ពាល់ម្ខាងទៀតទៅឱ្យគាត់។ គាត់បានតម្កើងព្រះជាម្ចាស់តាមរយៈ អព្ភូតហេតុឣស្ចារ្យ ជាច្រើន ហើយគាត់បានផ្តល់អត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែចំពោះបុគ្គលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះព្រះសហគមន៍នៃព្រះជាម្ចាស់ទាំងមូលផងដែរ។

គាត់បានទទួលមរណភាពក្នុងព្រះអម្ចាស់ក្នុងឆ្នាំ ៣៤៨ នៃគ.ស.។ អដ្ឋិធាតុដ៏មានអព្ភូតហេតុឣស្ចារ្យរបស់គាត់ស្ថិតនៅលើកោះករហ្វូ (Corfu) ហើយសូម្បីតែសព្វថ្ងៃនេះ វានៅតែតម្កើងព្រះជាម្ចាស់ដោយ អព្ភូតហេតុឣស្ចារ្យ ជាច្រើន។