សន្តមរណសាក្សីដ៏វិសុទ្ធ អេស្ត្រាទីយ៉ូស (EUSTRATIUS) អូកសេនទីយ៉ូស (AUXENTIUS) អេយេន (EUGENE) ម៉ារដារីយ៉ូស (MARDARIUS) និង អូរែស្តេស (ORESTES)
THE HOLY MARTYRS EUSTRATIUS, AUXENTIUS, EUGENE, MARDARIUS AND ORESTES

បុរសក្លាហានទាំងប្រាំនេះ បានភ្លឺដូចផ្កាយប្រាំដ៏ភ្លឺស្វាង នៅក្នុងវេលាដ៏ងងឹត នៃការធ្វើទារុណកម្មលើព្រះគ្រិស្តដោយ ព្រះចៅអធិរាជ ឌីអូក្លេសុីយ៉ាន (Diocletian) និង ម៉ាក់ស៊ីមៀន (Maximian)។ សន្ត អេស្ត្រាទីយ៉ូស ជាមេបញ្ជាការទ័ពរ៉ូមាំងនៅទីក្រុងសាតាលីអូនុស (Satalionus) លោក អេយេន ជាមិត្តរបស់គាត់ក្នុងជួរទ័ព លោក អូរែស្តេស ក៏ជាទាហានដ៏ថ្កុំថ្កើងដូចគ្នា ហើយអូកសេនទីយ៉ូស ជា បូជាចារ្យ និង ម៉ារដារីយ៉ូស ជាពលរដ្ឋសាមញ្ញដែលមកពីទីក្រុងអារ៉ាប់រ៉ាក់ (Arabrak) ដូចជា អេស្ត្រាទីយ៉ូសដែរ។
តំណាងរាជការ លីស៊ីយ៉ាស (Lysias) និង អាហ្គ្រីកូលុស (Agricolus) បានធ្វើទារុណកម្ម អូកសេនទីយ៉ូស មុនគេ ដោយសារគាត់ជា បូជាចារ្យ។ ដោយឃើញទារុណកម្មទាំងគ្មានទោសលើពួកគ្រីស្ទាន អេស្ត្រាទីយ៉ូស បានលេចមុខនៅចំពោះមុខ លីស៊ីយ៉ាស ហើយប្រកាសថាគាត់ក៏ជាគ្រីស្ទានដែរ។ ខណៈដែល អេស្ត្រាទីយ៉ូស កំពុងត្រូវបានគេធ្វើទារុណកម្ម អេយេន បានលេចមុខនៅចំពោះមុខចៅក្រម ហើយស្រែកឡើងថា៖ «លីស៊ីយ៉ាស ខ្ញុំក៏ជាគ្រីស្ទានដែរ»។ នៅពេល អេស្ត្រាទីយ៉ូស ត្រូវបានគេនាំតាមទីក្រុងអារ៉ាប់រ៉ាក់ជាមួយនឹងមរណសាក្សីផ្សេងទៀត ម៉ារដារីយ៉ូស បានឃើញពួកគាត់ពីដំបូលផ្ទះរបស់គាត់។ គាត់បានលាប្រពន្ធ និងកូនតូចពីរនាក់ ហើយប្រញាប់ទៅតាមពួកមរណសាក្សី ស្រែកទៅកាន់មុខពួកអ្នកធ្វើទារុណកម្មថា៖ «ខ្ញុំក៏ជាគ្រីស្ទានដែរ ដូចជាម្ចាស់របស់ខ្ញុំ អេស្ត្រាទីយ៉ូស»។
នៅពេលសន្ត អូរែស្តេស កំពុងហាត់បាញ់ធ្នូរនៅចំពោះមុខលីស៊ីយ៉ាស ឈើឆ្កាងនៃខ្សែក គាត់ បានដាច់ធ្លាក់ពីក របស់គាត់ ហើយ លីស៊ីយ៉ាស ក៏បានដឹងថាគាត់ជាគ្រីស្ទាន បន្ទាប់ពីនោះ អូរែស្តេស ក៏បានទទួលស្គាល់ជំនឿរបស់គាត់យ៉ាងចំហ។ អូរែស្តេស ជាទាហានវ័យក្មេង និងស្រស់សង្ហារ ហើយមានកំពស់ខ្ពស់ជាងទាហានផ្សេងទៀតទាំងអស់។
អូកសេនទីយ៉ូស ត្រូវបានគេកាត់ក្បាល អេយេន និង ម៉ារដារីយ៉ូស បានស្លាប់ខណៈពេល គេកំពុងធ្វើទារុណកម្ម អូរែស្តេស បានស្លាប់ នៅលើដែកដុតឣាំងដ៏ក្តៅ ហើយ អេស្ត្រាទីយ៉ូស បានស្លាប់នៅក្នុងឡភ្លើងដែលឆេះក្តៅខ្លាំង។ សន្ត ប្លេស (Blaise) (ថ្ងៃទី ១១ ខែកុម្ភៈ) បានធ្វើ ពិធីសម្ព័នភាពដ៏វិសុទ្ធ (Holy Communion) ដល់សន្ត អេស្ត្រាទីយ៉ូស នៅក្នុងគុកមុនពេលស្លាប់។
ក្រោយមក អដ្ឋិធាតុរបស់ពួកគាត់ត្រូវបានគេនាំទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ហើយត្រូវបានបញ្ចុះនៅក្នុងព្រះវិហារដែលបានសង់ឧទ្ទិសដល់ពួកគាត់ ហៅថាព្រះវិហារនៃ សន្តដែលជាសម្លាញ់ទាំងប្រាំរូបដ៏វិសុទ្ធ។ ពួកគាត់ត្រូវបានគេឃើញរស់នៅក្នុងព្រះវិហារនោះ ហើយសន្ត អូរែស្តេស បានបង្ហាញខ្លួនដល់សន្ត ឌីមីទ្រី (Dimitri) នៃរ៉ូស្តុវ (Rostov) (ថ្ងៃទី ២៨ ខែតុលា)។
ការអធិស្ឋានដ៏ស្រស់ស្អាតរបស់សន្ត អេស្ត្រាទីយ៉ូស នៅមានដល់សព្វថ្ងៃ ដែលត្រូវបានអានក្នុងពិធីថ្វាយបង្គំពាក់កណ្តាលអធ្រាត្រ (Midnight Service) នៅថ្ងៃសៅរ៍៖ «ខ្ញុំលើកតម្កើងទ្រង់ខ្ពង់ខ្ពស់បំផុត ឱព្រះអម្ចាស់»”Most highly do I magnify Thee, O Lord.”។
