សន្តបុគ្គលនៃ ថ្ងៃទី6 ខែធ្នូ

SAINT NICHOLAS THE WONDERWORKER, ARCHBISHOP OF MYRA IN LYCIA


សន្តដ៏រុងរឿងនេះ ដែលត្រូវបានគេប្រារព្ធធ្វើបុណ្យរំលឹកសព្វថ្ងៃនេះទូទាំងពិភពលោក គឺជាបុត្រតែមួយគត់របស់ឪពុកម្ដាយរបស់គាត់ដែលមានឋានៈខ្ពស់ និងមានទ្រព្យសម្បត្តិ ឈ្មោះ ទេអូផានេស (Theophanes) និង ណូណា (Nona) ដែលជាពលរដ្ឋនៃទីក្រុងប៉ាតារ៉ា (Patara) នៅតំបន់លីស៊ី។ ដោយសារគាត់ជាបុត្រាតែមួយគត់ដែលព្រះបានប្រទានឱ្យ នោះឪពុកម្ដាយគាត់ ក៏តបស្នងអំណោយនេះដល់ព្រះជាម្ចាស់វិញ ដោយថ្វាយបុត្រារបស់ពួកគាត់ដល់ព្រះអង្គ។ សន្ត នីកូឡាស បានរៀនអំពីជីវិតខាងវិញ្ញាណពីឪពុកខាងវិញ្ញាណរបស់គាត់ឈ្មោះ នីកូឡាស ដែលជាប៊ីស្សបនៃប៉ាតារ៉ា ហើយត្រូវបានបំបួសជាសង្ឃនៅក្នុងសង្ឃស្ថាន សុីយ៉ូនថ្មី (New Zion) ដែលបង្កើតឡើងដោយពូរបស់គាត់។

ក្រោយពីឪពុកម្ដាយរបស់គាត់ស្លាប់ នីកូឡាស បានចែកចាយទ្រព្យសម្បត្តិទាំងអស់ដែលបានទទួលពីមរតក ឱ្យដល់អ្នកក្រីក្រ ដោយមិនទុកអ្វីសម្រាប់ខ្លួនឯងឡើយ។ ក្នុងនាមជាបូជាចារ្យ នៅប៉ាតារ៉ា គាត់ល្បីល្បាញដោយសប្បុរសធម៌របស់គាត់ ទោះបីជាគាត់បានលាក់ការងារសប្បុរសធម៌របស់គាត់យ៉ាងប្រុងប្រយ័ត្នក៏ដោយ ដែលបំពេញតាមពាក្យព្រះអម្ចាស់ថា៖ «កុំឱ្យដៃឆេ្វងរបស់អ្នកដឹងពីអ្វីដែលដៃស្ដាំរបស់អ្នកកំពុងធ្វើ» (ម៉ាថាយ ៦:៣)។ នៅពេលដែលគាត់បានបូជាខ្លួនដល់ការរស់នៅក្នុងភាព ឯកោរ និងស្ងៀមស្ងាត់​ ដោយ គិតថានឹងរស់នៅតាមរបៀបនោះរហូតដល់ស្លាប់ សម្លេងមួយពីស្ថានលើបានមកដល់គាត់ថា៖ «នីកូឡាស ចំពោះការខំប្រឹងប្រែងរបស់អ្នក ចូរធ្វើការងារនៅក្នុងចំណោមប្រជាជន ប្រសិនបើអ្នកចង់បានការគ្រងមកុដពីយើង»។ ភ្លាមៗក្រោយពីនោះ តាមរយៈការគង្វាលផ្គត់ផ្គង់ ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គាត់ត្រូវបានគេជ្រើសរើសជា អគ្គប៊ីស្សប នៃទីក្រុងមីរ៉ា ក្នុងស្រុកលីស៊ី។

ដោយមានសេចក្ដីមេត្តាករុណា មានប្រាជ្ញា និងមិនភ័យខ្លាច នីកូឡាស គឺជាឪពុក គង្វាលដ៏ពិតសម្រាប់ហ្វូងចៀមរបស់គាត់។ ក្នុងអំឡុងពេលការបៀតបៀនលើពួកគ្រីស្ទានក្រោមរជ្ជកាល ឌីអូក្លេស្យង់ (Diocletian) និង ម៉ាក់ស៊ីមៀន (Maximian) គាត់ត្រូវបានគេចាប់ដាក់គុក ប៉ុន្តែសូម្បីតែនៅទីនោះ គាត់ក៏បានបង្រៀនប្រជាជនអំពីច្បាប់របស់ព្រះជាម្ចាស់ដែរ។ គាត់បានចូលរួមក្នុងក្រុមប្រឹក្សាសាកលលើកទីមួយនៅទីក្រុង នីកេយ៉ា (Nicaea) [៣២៥] ហើយដោយមានភាពក្លាហានយ៉ាងខ្លាំងក្នុងការការពារសេចក្តីពិត គាត់បានវាយ អារីអ៊ុស (Arius) ដែលជាមេដឹកនាំសាសនាខុសឆ្គង ដោយដៃរបស់គាត់។ ដោយសារអំពើនេះ គាត់ត្រូវបានគេដកចេញពីក្រុមប្រឹក្សា និងពីតួនាទី អគ្គប៊ីស្សប របស់គាត់ រហូតដល់ព្រះអម្ចាស់យេស៊ូគ្រិស្តផ្ទាល់ និង ព្រះមាតា(ទេឣូតូកូស) បានបង្ហាញខ្លួនចំពោះមេដឹកនាំជាន់ខ្ពស់មួយចំនួន ហើយបង្ហាញពីការយល់ស្របរបស់ពួកគាត់ចំពោះ នីកូឡាស។ ជាអ្នកការពារនៃសេចក្ដីពិតរបស់ព្រះជាម្ចាស់ សន្តដ៏អស្ចារ្យនេះតែងតែ ការពារយុត្តិធម៌ យ៉ាងក្លាហាន នៅក្នុងចំណោមប្រជាជន ។

គាត់បានសង្គ្រោះមនុស្សបីនាក់ ពីការកាត់ទោសស្លាប់ដែលមិនសមហេតុផលពីរដង។ ដោយមានសេចក្ដីមេត្តា ពិតប្រាកដ និងស្រឡាញ់យុត្តិធម៌ គាត់រស់នៅក្នុងចំណោមប្រជាជនដូចជា ទេវទូត របស់ព្រះជាម្ចាស់។ សូម្បីតែនៅពេលគាត់នៅរស់ ប្រជាជនក៏ចាត់ទុកគាត់ថាជាសន្តដែរ ហើយបានសុំការជួយពីគាត់នៅពេលមានការលំបាក និងទុក្ខព្រួយ។ គាត់បានបង្ហាញខ្លួនទាំងក្នុងសុបិន្ត និងដោយផ្ទាល់ចំពោះអ្នកដែលសុំពីគាត់ ហើយគាត់បានជួយពួកគេយ៉ាងងាយស្រួល និងឆាប់រហ័ស ទោះបីជានៅជិត ឬនៅឆ្ងាយក៏ដោយ។ ពន្លឺភ្លឺចេញពីមុខរបស់គាត់ ដូចជាពីមុខរបស់លោកម៉ូសេដែរ ហើយគ្រាន់តែវត្តមានរបស់គាត់​ក្នុងចំណោមមនុស្សទាំងឡាយ ក៏អាចនាំមកនូវការលួងលោមចិត្ត សន្តិភាព និងចិត្តល្អរ ដល់មនុស្សទាំងនោះដែរ។

នៅពេលវ័យចំណាស់គាត់មានជំងឺមួយរយៈពេលខ្លី ហើយបានទទួលមរណភាពក្នុងព្រះអម្ចាស់ បន្ទាប់ពីរស់នៅ ជីវិតពោរពេញដោយការខិតខំ និងប្រឹងប្រែងដ៏មានផល ដើម្បីឣំណរដ៏និរន្តក្នុងព្រះរាជ្យស្ថានសួគ៌ និង បន្តជួយអ្នកដែលមានជំនឿនៅលើផែនដីតាមរយៈ អព្ភូតហេតុឣស្ចារ្យ របស់គាត់ ហើយនិងតម្កើងព្រះជាម្ចាស់របស់គាត់។ គាត់បានទទួលមរណភាពនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ៣៤៣ នៃគ.ស.។