សន្តបុគ្គលនៃ ថ្ងៃទី8 ខែធ្នូ

THE VENERABLE PATAPIUS


ប៉ាតាពីយ៉ូស បានកើត និងត្រូវបានចិញ្ចឹមលូតលាស់ក្នុងជំនឿគ្រិស្ទាន និងក្នុងការគោរពកោតខ្លាចព្រះជាម្ចាស់ ដោយឪពុកម្ដាយដ៏សក្ដិសម នៅក្នុងទីក្រុងទេបេស (Thebes) នៃប្រទេសអេហ្ស៊ីប។ តាំងពីវ័យកុមារ គាត់បានយល់ និងស្អប់ខ្ពើមភាពឥតប្រយោជន៍នៃលោកិយនេះ ហើយបានដកខ្លួនទៅកាន់ទីវាលរហោស្ថាននៃប្រទេសអេហ្ស៊ីប។ នៅទីនោះ គាត់បានបូជាខ្លួនដល់ជីវិតជាឣ្នកបួស សម្អាតចិត្តរបស់គាត់ពីបំណងប្រាថ្នា និងគំនិតលោកិយទាំងអស់ ដើម្បីសេចក្ដីស្រឡាញ់ព្រះជាម្ចាស់។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគុណសម្បត្តិរបស់គាត់ បានល្បីល្បាញដល់ប្រជាជន ពួកគេបានចាប់ផ្ដើមមករកគាត់ និងស្វែងរកការលួងលោមចិត្តពីគាត់ក្នុងភាពឈឺចាប់របស់ពួកគេ។ ដោយខ្លាចការលើកតម្កើងរបស់មនុស្ស ដែលធ្វើឱ្យគំនិតមនុស្សងងឹតងងល់ និងបំបែកពួកគេពីព្រះជាម្ចាស់ ប៉ាតាពីយ៉ូស បានរត់គេចពីទីវាលរហោស្ថាននេះទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ពីព្រោះសន្តដ៏អស្ចារ្យនេះគិតថា គាត់អាចលាក់ខ្លួនបានកាន់តែងាយស្រួលពីមនុស្សនៅក្នុងទីក្រុង ជាងនៅក្នុងទីវាលរហោស្ថាន។

ប៉ាតាពីយ៉ូស បានសង់ផ្ទះតូចមួយសម្រាប់ខ្លួនឯងនៅក្បែរព្រះវិហារប្លាឃើណាយ (Blachernae) នៅទីក្រុងកុងស្តង់ទីនូប៉ូល។ នៅទីនោះ ដោយលាក់ខ្លួនជិត និងមិនមានឣ្នកណាស្គាល់ គាត់បានបន្តជីវិតជាឣ្នកបួសដោយមិនមានការរារាំង។ ទោះជាយ៉ាងណាក៏ដោយ ពន្លឺមិនអាចលាក់ទុកបានឡើយ។ មានក្មេងម្នាក់ដែលខ្វាក់ភ្នែកពីកំណើត ដោយសារការប្រទានផ្គត់ផ្គង់ពីព្រះជាម្ចាស់ ត្រូវបាននាំទៅកាន់សន្ត ប៉ាតាពីយ៉ូស។ គាត់បានសុំសន្តឱ្យអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឱ្យគាត់ទទួលបានចក្ខុវិស្ស័យវិញ និងអាចមើលឃើញពិភលោកនេះដែលព្រះជាម្ចាស់បានបង្កើតឡើង — ដូច្នេះអនុញ្ញាតឱ្យគាត់សរសើរព្រះជាម្ចាស់កាន់តែច្រើនឡើង។ ប៉ាតាពីយ៉ូស ដែលមានសេចក្ដីអាណិតស្រឡាញ់ចំពោះកុមារដែលឈឺចាប់នេះ បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយភ្នែករបស់ក្មេងនោះក៏ត្រូវបានព្យាបាលវិញ។ អព្ភូតហេតុ នេះបានដឹងលឺដល់ប្រជាជន ទូទាំងទីក្រុង ហើយប្រជាជនទាំងនោះបានប្រញាប់ទៅរកគាត់ ដើម្បីសំុការព្យាបាល ការលួងលោមចិត្ត និងការណែនាំ។

ប៉ាតាពីយ៉ូស បានព្យាបាលបុរសឋានៈខ្ពស់ម្នាក់ដែលមានជំងឺហើម (dropsy) ដោយគូរសញ្ញាឈើឆ្កាងលើគាត់ ហើយលាបប្រេងលើថ្ងាស់គាត់។ ដោយធ្វើសញ្ញាឈើឆ្កាងលើខ្យល់ដោយដៃរបស់គាត់ គាត់បានរំដោះក្មេងប្រុសម្នាក់ពីវិញ្ញាណមិនស្អាតដែលបានបំពានលើគេយ៉ាងឃោរឃៅ។ វិញ្ញាណអាក្រក់ ដោយស្រែកយ៉ាងខ្លាំង បានចាកចេញពីមនុស្សរបស់ព្រះជាម្ចាស់ដូចជាផ្សែង។ គាត់បានធ្វើសញ្ញាឈើឆ្កាងលើស្ត្រីម្នាក់ដែលមានដំបៅនៅលើទ្រូងដែលពោរពេញដោយដង្កូវ ហើយធ្វើឱ្យនាងជាសះស្បើយ។ អព្ភូតហេតុជាច្រើនផ្សេងទៀតសន្ត ប៉ាតាពីយ៉ូស បានធ្វើ ទាំងអស់តាមរយៈការអធិស្ឋានក្នុងនាមព្រះគ្រិស្ត និងដោយសញ្ញាឈើឆ្កាង។

គាត់បានទទួលមរណភាពដោយសន្តិភាពក្នុងវ័យចាស់ជរាខ្លាំង ហើយបានទៅទីលំនៅរបស់គាត់នៅក្នុងព្រះរាជ្យស្ថានសួគ៌នៅសតវត្សរ៍ទី ៧។