សន្តមរណសាក្សី ធីរសុស (THYRSUS) លេគីយ៉ូស (LEUCIUS) និង កាល់លីនីកុស (CALLINICUS) ដ៏វិសុទ្ធ
THE HOLY MARTYRS THYRSUS, LEUCIUS AND CALLINICUS

សន្ត ធីរសុស និង លេគីយ៉ូស ជាពលរដ្ឋដ៏គួរឣោយគោរពរបស់ទីក្រុងកេសារ៉េ (Caesarea) នៃខេត្តប៊ីធីនី (Bithynia)។ ធីរសុសបានទទួល ពិធីជ្រមុជទឹក ហើយ លេគីយ៉ូស ជាអ្នកកំពុងរៀនអំពី ជំនឿគ្រិសា្ទន (catechumen)។ កាល់លីនីកុស វិញ ជា បូជាចារ្យ គោរពសក្ការៈរូបសំណាកព្រះក្លែងក្លាយ។ នៅពេលដែលអ្នកស្នងរាជ្យរបស់ ព្រះចៅអធិរាជ ដេគីយ៉ុស (Decius) ឈ្មោះ គុមប្រិគី (Cumbricius) ចាប់ផ្តើមធ្វើទារុណកម្ម និងសម្លាប់ពួកគ្រីស្ទានដោយគ្មានក្តីអាណិត លេគីយ៉ូស ដែលមិនខ្លាចរឣាបានលេចមុខនៅចំពោះមុខគាត់ ហើយស្តីបន្ទោសដោយពោលថា៖ «ហេតុអ្វីបានជាអ្នកប្រយុទ្ធទាស់នឹងព្រលឹងរបស់ខ្លួនឯង ឱ គុមប្រិគី ឣើយ?» ចៅក្រមដែលក្រោធខឹងបានបញ្ជាឱ្យគេវាយដំ ធ្វើទារុណកម្ម ហើយទីបំផុតកាត់ក្បាលគាត់។ លេគីយ៉ូស ដែលកំពុងត្រូវបានគេធ្វើទារុណកម្មបានទៅកាន់ ទីកាត់ក្បាលដោយរីករាយ ដូចជាកំពុងទៅកាន់ពិធីរៀបការ។
ឃើញការស្លាប់របស់ លេគីយ៉ូស ដ៏ក្លាហាន ធីរសុស ដ៏មានពរបានឆេះឆួលដោយការស្រឡាញ់ព្រះដូចជា លេគីយ៉ូសដែរ ក៏បានលេចមុខនៅចំពោះមុខចៅក្រម ហើយស្តីបន្ទោសគាត់ចំពោះបទឧក្រិដ្ឋអាក្រក់របស់គាត់ និងការមិនជឿលើព្រះដ៏ពិតតែមួយគត់។ គាត់ក៏ត្រូវបានគេវាយដំ និងចាប់ដាក់គុកដែរ។ ដៃរបស់ព្រះជាម្ចាស់ ដែលមិនឣាចមើលឃើញបាន បានព្យាបាលរបួសរបស់គាត់ បើកទ្វារគុក ហើយនាំគាត់ចេញទៅ។ ធីរសុស ភ្លាមៗនោះ បានទៅរក ភីលាស (Phileas) ដែលជា ប៊ីស្សប នៃកេសារ៉េ ដើម្បីឱ្យគាត់ធ្វើពិធីជ្រមុជទឹកឣោយ។ ក្រោយពីពិធីជ្រមុជទឹក គាត់ត្រូវបានគេចាប់ម្តងទៀត ហើយធ្វើទារុណកម្ម ប៉ុន្តែគាត់បានអត់ធ្មត់ទារុណកម្មទាំងនោះ ដោយទទួលយកវាដូចជានៅក្នុងសុបិន្ត ហើយមិនមែននៅក្នុងការពិតទេ។ ដោយអានុភាពនៃការអធិស្ឋានរបស់គាត់ រូបសំណាកព្រះក្លែងក្លាយនានាជាច្រើនបានធ្លាក់ចុះបាក់បែក។ បូជាចារ្យ គោរពសក្ការៈរូបសំណាក កាល់លីនីកុស ឃើញរឿងនេះ ក៏បានប្រែជំនឿមកជាគ្រីស្ទាន ហើយទាំងគាត់ និង ធីរសុស ត្រូវបានគេកាត់ទោសឱ្យស្លាប់។ កាល់លីនីកុស ត្រូវបានគេកាត់ក្បាល ហើយពួកគេដាក់ ធីរសុស នៅក្នុងម្ឈូសឈើដើម្បីកាត់ជាពីរ។ ទោះជាយ៉ាងណាក៏ដោយ អានុភាពរបស់ព្រះជាម្ចាស់មិនបានអនុញ្ញាតឱ្យធ្វើបែបនេះទេ ហើយរណាមិនអាចកាត់ឈើនោះបានឡើយ។ បន្ទាប់មក សន្ត ធីរសុស បានក្រោកឡើងពីម្ឈូស ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ថ្លែងអំណរគុណចំពោះទារុណកម្មទាំងនោះ ហើយគាត់បានបញ្ជូនព្រលឹងរបស់គាត់ដល់ព្រះអម្ចាស់របស់គាត់ដោយសន្តិភាព។
នៅចុងសតវត្សរ៍ទី ៤ ព្រះចៅអធិរាជ ហ្វ្លាវៀន (Flavian) បានសង់ព្រះវិហារមួយឧទ្ទិសដល់សន្ត ធីរសុស ជិតទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ហើយដាក់អដ្ឋិធាតុដ៏វិសុទ្ធរបស់គាត់នៅក្នុងនោះ។ សន្តបានបង្ហាញខ្លួនដល់ព្រះនាង ពូលខេរីយ៉ា (Pulcheria) ក្នុងសុបិន្ត ហើយបានផ្ដល់ប្រឹក្សាឱ្យនាងបញ្ចុះអដ្ឋិធាតុរបស់មរណសាក្សី ៤០ អង្គ (Forty Martyrs) នៅជាប់នឹងអដ្ឋិធាតុរបស់គាត់។
