សន្តបុគ្គលនៃ ថ្ងៃទី15 ខែធ្នូ

THE HOLY HIEROMARTYR ELEUTHERIUS


ចេញពីដើមឈើល្អ គឺផលផ្លែល្អកើតមក។ សន្តដ៏អស្ចារ្យនេះមានឪពុកម្ដាយដ៏មានឋានៈខ្ពង់ខ្ពស់ និងថ្កុំថ្កើងយ៉ាងខ្លាំង។ អេលេថេរីយ៉ូស កើតនៅក្រុងរ៉ូម (Rome) ដែលជាកន្លែងដែលឪពុករបស់គាត់ជាអ្នកគ្រប់គ្រងរាជការ (proconsul) ដល់ ព្រះចៅអធិរាជ។ ម្ដាយរបស់គាត់ឈ្មោះ អាន់ធីយ៉ា (Anthia) បានស្ដាប់ដំណឹងល្អពីសន្តគ្រីស្ទទូតដ៏អស្ចារ្យ ប៉ូល (Paul) ហើយត្រូវបានគាត់ធ្វើពិធីជ្រមុជទឹក។ ដោយត្រូវបានក្លាយជាស្ត្រីមេម៉ាយក្នុងវ័យក្មេង នាងបានទុកចិត្ត បុត្រតែមួយគត់របស់នាងដល់ អានីគេទុស (Anicetus) ដែលជា ប៊ីស្សប នៃរ៉ូម សម្រាប់ការសិក្សា និងបម្រើ។

ឃើញថា អេលេថេរីយ៉ូស ត្រូវបានព្រះជាម្ចាស់ប្រទានឱ្យ និងត្រូវបានបំភ្លឺដោយក្ដីមេត្តាករុណារបស់ព្រះ ប៊ីស្សបបានតែងតាំងគាត់ជាអ្នកបម្រើព្រះវិហារ (deacon) នៅអាយុ ១៥ ឆ្នាំ ជា បូជាចារ្យ នៅអាយុ ១៨ ឆ្នាំ ហើយជា ប៊ីស្សប នៅអាយុ ២០ ឆ្នាំ។ ប្រាជ្ញាដែលព្រះប្រទានដល់ អេលេថេរីយ៉ូស បានផ្ដល់ភាពគ្រប់គ្រាន់សម្រាប់អ្វីដែលគាត់ខ្វះខាតនៅក្នុងវ័យក្មេងរបស់គាត់ ហើយអ្នកដែលព្រះទ្រង់ជ្រើសរើសនេះត្រូវបានតែងតាំងជា ប៊ីស្សប នៃស្រុកអ៊ីលលីរី (Illyria) ដោយមានទីបញ្ជាការនៅវ៉ាឡូណា (Valona) (អាវ្លូណា Avlona) ប្រទេសអាល់បានី (Albania)។

ឪពុកគង្វាលដ៏ល្អនេះបានថែរក្សាហ្វូងចៀមរបស់គាត់យ៉ាងល្អ ហើយបានពង្រីកចំនួនរបស់ពួកគេមួយថ្ងៃទៅមួយថ្ងៃ។ ព្រះចៅអធិរាជ ហាដ្រីយ៉ាន់ (Hadrian) ដែលជាអ្នកធ្វើទារុណកម្មលើពួកគ្រីស្ទាន បានបញ្ជូនមេបញ្ជាការ ហ្វេលីច (Felix) ជាមួយទាហានទៅចាប់ អេលេថេរីយ៉ូស និងនាំគាត់ទៅក្រុងរ៉ូម។ នៅពេល ហ្វេលីច ដែលកំពុងក្រោធខឹងបានមកដល់វ៉ាឡូណា ហើយចូលទៅក្នុងព្រះវិហារ គាត់បានឃើញ និងស្ដាប់អ្នកដឹកនាំសាសនាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយ ចិត្តរបស់គាត់បានផ្លាស់ប្តូរភ្លាមៗ ហើយគាត់ក្លាយជាគ្រីស្ទាន។ អេលេថេរីយ៉ូស បានធ្វើពិធីជ្រមុជទឹកដល់ ហ្វេលីច ហើយបានចាកចេញទៅក្រុងរ៉ូមជាមួយគាត់ ដោយត្រឡប់មកវិញដោយរីករាយដូចជាកំពុងទៅកាន់ពិធីជប់លៀង ហើយមិនមែនទៅទទួលការកាត់ក្ដី និងទារុណកម្មឡើយ។

ព្រះចៅអធិរាជ បានធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរដល់ អេលេថេរីយ៉ូស ដ៏មានកិត្តិយសនេះដោយ៖ វាយដំ ដុតលើដែកក្ដៅ ស្ងោនៅក្នុងជ័រពុល និងដុតនៅក្នុងឡភ្លើង។ ប៉ុន្តែ អេលេថេរីយ៉ូស ត្រូវបានរំដោះពីទារុណកម្មស្លាប់ទាំងអស់នេះដោយអានុភាពព្រះជាម្ចាស់។ ឃើញរឿងទាំងអស់នេះ ការីបុស (Caribus) ដែលជាអភិបាល (eparch) ក្រុងរ៉ូមបានប្រកាសថាគាត់ក៏ជាគ្រីស្ទានដែរ។ ការីបុស ត្រូវបានគេធ្វើទារុណកម្ម បន្ទាប់មកកាត់ក្បាល ហើយ ហ្វេលីច ដ៏មានពរក៏ដូច្នោះដែរ។ ទីបំផុត អ្នកដំណើរការកាត់ទោសរបស់ ព្រះចៅអធិរាជ បានកាត់ក្បាលដ៏គួឣោយគោរពរបស់សន្ត អេលេថេរីយ៉ូស។ នៅពេលដែលម្ដាយរបស់គាត់ គឺសន្តី អាន់ធីយ៉ា បានមក ហើយឈរនៅចំពេាះសាកសពកូនរបស់នាង នាងក៏ត្រូវបានគេកាត់ក្បាលដែរ។

រាងកាយរបស់ពួកគាត់ត្រូវបានផ្ទេរទៅកាន់វ៉ាឡូណា ដែលសូម្បីតែសព្វថ្ងៃនេះ សន្ត អេលេថេរីយ៉ូស នៅតែបន្តតម្កើងព្រះនាមព្រះគ្រិស្តដោយ អព្ភូតហេតុឣស្ចារ្យ ជាច្រើនរបស់គាត់។ គាត់បានទទួលមរណភាពក្នុងរជ្ជកាលរបស់ហាដ្រីយ៉ាន់ក្នុងឆ្នាំ ១២០ នៃគ.ស.។