សន្តព្យាការី ដានីយ៉ែល (DANIEL) និងកុមារទាំងបី៖ អាណានីយ៉ា (ANANIAS) អាហ្សារីយ៉ា (AZARIAS) និង មីសាអែល (MISAEL) ដ៏វិសុទ្ធ
THE HOLY PROPHET DANIEL AND THE THREE CHILDREN: ANANIAS, AZARIAS AND MISAEL

ឣ្នកទាំងបួនអង្គនេះសុទ្ធតែមកពីវង្សត្រកូលរាជវង្សយូដា (Judah)។ នៅពេលដែល នេបូកាតនេសារ (Nebuchadnezzar) បំផ្លាញ និងលួចប្លន់ទីក្រុងយេរូសាឡិម (Jerusalem) ដានីយ៉ែល ដែលនៅជាក្មេងត្រូវបានគេនាំយកទៅធ្វើជាទាសករជាមួយព្រះមហាក្សត្រយូដា យ៉ូយ៉ាគីម (Jehoiachim) និងអ៊ីស្រាអែលរាប់មិនអស់។ ការរាយការណ៍អំពីជីវិត ការឈឺចាប់ និងព្យាករណ៍របស់លោកអាចមើលឃើញដោយលម្អិតនៅក្នុងសៀវភៅរបស់លោក។
ដោយស្មោះត្រង់ចំពោះព្រះជាម្ចាស់ទាំងស្រុង សន្ត ដានីយ៉ែល តាំងពីវ័យក្មេងត្រូវបានទទួលពីព្រះនូវសមត្ថភាពក្នុងការវិនិច្ឆ័យដ៏អស្ចារ្យ។ កិត្តិនាមរបស់គាត់ក្នុងចំណោមពួកយូដានៅបាប៊ីឡូន (Babylon) បានចាប់ផ្ដើមនៅពេលដែលគាត់បានថ្កោលទោសមេដឹកនាំចាស់ពីរនាក់ដែលពុករលួយ និងមិនសុចរិត ដែលជាចៅក្រមជនជាតិយូដា ហើយបានសង្គ្រោះ ស៊ូសាន់ណា (Susanna) ដ៏បរិសុទ្ធពីការស្លាប់ដោយមិនស្របច្បាប់។ ប៉ុន្តែកិត្តិនាមរបស់គាត់ក្នុងចំណោមពួកបាប៊ីឡូនបានចាប់ផ្ដើមពីថ្ងៃដែលគាត់បានបកស្រាយ និងបកប្រែសុបិន្តរបស់ព្រះមហាក្សត្រ នេបូកាតនេសារ។ ដោយសាររឿងនេះ ព្រះមហាក្សត្របានតែងតាំងគាត់ជាមេដឹកនាំនៅព្រះបរមរាជវាំង។
នៅពេលព្រះមហាក្សត្របានធ្វើបដិមាព្រះក្លែងក្លាយមួយធ្វើពីមាសនៅលើវាលឌូរ៉ា (Dura) កុមារទាំងបីបានបដិសេធមិនគោរពវា ហើយដោយសាររឿងនេះពួកគេត្រូវបានគេចោលទៅក្នុងឡភ្លើង។ ប៉ុន្តែ ទេវទូត របស់ព្រះជាម្ចាស់បានបង្ហាញខ្លួនក្នុងឡភ្លើង ហើយបានធ្វើឱ្យភ្លើងនេាះត្រជាក់ ដូច្នេះកុមារទាំងនោះបានដើរជុំវិញឡភ្លើងដោយមិនរងរបួសដោយភ្លើងឡើយ ហើយច្រៀងថា៖ «អ្នកមានពរណាស់ ឱព្រះអម្ចាស់ ព្រះនៃបុព្វបុរសរបស់យើង» (ដានីយ៉ែល ៣:២៦)។ ព្រះមហាក្សត្របានឃើញ អព្ភូតហេតុឣស្ចារ្យ នេះ ហើយក៏ភ្ញាក់ផ្អើល។ ទ្រង់បាននាំកុមារទាំងនោះចេញពីឡភ្លើង ហើយបានផ្តល់កិត្តិយសដ៏ធំដល់ពួកគេ។
ក្នុងរជ្ជកាលព្រះមហាក្សត្រ បែលស្យាសារ (Belshazzar) នៅពេលដែលព្រះមហាក្សត្រកំពុងស៊ីផឹកជាមួយភ្ញៀវនៅក្នុងពិធីជប់លៀងពីធុងសក្ការៈដែលយកពីព្រះវិហារនៅយេរូសាឡិម ដៃមួយដែលមើលមិនឃើញបានសរសេរពាក្យបីនៅលើជញ្ជាំង៖ មេណេ តេកេល ឧផាស៊ីន (ដានីយ៉ែល ៥:២៥-២៨)។ គ្មាននរណាអាចបកស្រាយពាក្យទាំងនេះក្រៅពី ដានីយ៉ែល។ នៅរាត្រីនោះ ព្រះមហាក្សត្រ បែលស្យាសារ ត្រូវបានគេសម្លាប់។ ដានីយ៉ែល ត្រូវបានគេចោលទៅក្នុងរូងសិង្ហពីរដងដោយសារតែជំនឿរបស់គាត់លើព្រះតែមួយគត់ដែលមានព្រះជន្ម ហើយទាំងពីរដងនេះព្រះអម្ចាស់បានសង្គ្រោះគាត់ ហើយគាត់នៅតែរស់។
ដានីយ៉ែល បានទតឃើញព្រះជាម្ចាស់លើរាជបល្ល័ង្កជាមួយនឹងកងទ័ពស្ថានសួគ៌ បានឃើញ ទេវទូត និងបានយល់ពីអនាគតនៃមនុស្សជាក់លាក់ នៃរាជាណាចក្រ និងនៃមនុស្សជាតិទាំងមូល ហើយបានព្យាករណ៍ពីពេលវេលានៃការយាងមករបស់ព្រះអង្គសង្គ្រោះនៅលើផែនដី។
តាមសន្ត គីរីល (Cyril) នៃអាឡិចសង់ឌ្រី (Alexandria) ដានីយ៉ែល និងកុមារទាំងបីបានរស់នៅដល់វ័យចំណាស់នៅបាប៊ីឡូន ហើយត្រូវបានគេកាត់ក្បាលដោយសារជំនឿពិត។ នៅពេលគេកាត់ក្បាល អាណានីយ៉ា លោក អាហ្សារីយ៉ា បានលាតកន្សែងរបស់គាត់ យកទៅចាប់ក្បាលរបស់អាណានីយ៉ា បន្ទាប់ពីនេះ មីសាអែល ទៅចាប់ក្បាលរបស់ អាហ្សារីយ៉ា ហើយ ដានីយ៉ែល ទៅចាប់ក្បាលរបស់ មីសាអែល។ ទេវទូត របស់ព្រះជាម្ចាស់បានផ្ទេររាងកាយរបស់ពួកគេទៅកាន់ស្រុកយូដា (Judea) ទៅភ្នំហ្គេបាល់ (Gebal) ហើយដាក់ពួកគេនៅក្រោមថ្ម។ តាមបែបបទប្រពៃណៃ អ្នកដែលបានបំពេញព្រះទ័យព្រះទាំងបួននេះបានរស់ឡើងវិញនៅពេលព្រះអម្ចាស់គ្រិស្តស្លាប់ និងបានបង្ហាញខ្លួនចំពោះមនុស្សជាច្រើន ហើយបានដេកលក់វិញ។
ដានីយ៉ែល ត្រូវបានរាប់បញ្ចូលក្នុងចំណោមព្យាការីដ៏ធំទាំងបួន (អេសាយ យេរេមា អេសេគាល និងដានីយ៉ែល)។ លោករស់នៅ និងព្យាករណ៍ប្រាំរយឆ្នាំមុនព្រះគ្រិស្ត។
