សន្ត មរណសាក្សី សេបាស្ទីយ៉ាន់ និង ឣ្នកដែលទទួលមរណភាពជាមួយគាត់
THE HOLY MARTYR SEBASTIANAND THOSE WITH HIM

សន្តដ៏វិសុទ្ធអង្គនេះប្រសូតនៅក្នុងប្រទេសអ៊ីតាលី និងត្រូវបានចិញ្ចឹមរស់នៅក្នុងទីក្រុងមីឡាន។ ខណៈដែលមានវ័យក្មេង លោកបានបូជាខ្លួនចំពោះការបម្រើយោធា។ ដោយសារតែបានទទួលការអប់រំ មានរូបរាងសង្ហា និងក្លាហាន លោកបានទទួលការពេញចិត្តពីព្រះចៅអធិរាជឌីអូក្លេសុីយ៉ាន ដែលបានតែងតាំងឲ្យលោកធ្វើជាមេកងរក្សាព្រះអង្គ។ ជាសម្ងាត់ លោកបានស្គាល់នូវជំនឿគ្រិស្តសាសនា និងឣធិស្ថានដល់ព្រះដ៏មានព្រះជន្មរស់។ ដោយសារគាត់ជាមនុស្សដែលគួរឲ្យគោរព យុត្តិធម៌ និងមានមេត្តាករុណា សេបាស្ទីយ៉ាន់ត្រូវបានគេស្រឡាញ់ខ្លាំងពីក្រុមទាហានរបស់គាត់។ រាល់ពេលណាដែលអាចធ្វើបាន លោកបានសង្គ្រោះពួកគ្រិស្ទានពីការធ្វើទារុណកម្ម និងសេចក្តីស្លាប់ ហើយនៅពេលដែលលោកមិនអាចធ្វើបាន លោកក៏បានលើកទឹកចិត្តពួកគេ ឲ្យស្លាប់ដើម្បីព្រះយេស៊ូគ្រិស្ត ព្រះដ៏មានព្រះជន្មរស់ ដោយមិនងៀករេឡើយ។
បងប្អូនពីរនាក់ឈ្មោះ ម៉ារគូស (Marcus) និង ម៉ាសែលលីណូស (Marcellinus) ដែលត្រូវបានឃុំខ្លួនដោយសារតែព្រះគ្រិស្ត ហើយស្ទើរតែនឹងប្រកាសបដិសេធព្រះអង្គ និងថ្វាយបង្គំពួកព្រះក្លែងក្លាយទៅហើយ តែពួកគេបានជឿជាក់មកវិញលើជំនឿពិតដោយសារ សេបាស្ទីយ៉ាន់ ដែលបានលើកទឹកចិត្ត ពួកគាត់ឲ្យទទួលមរណភាពជាមរណសាក្សី។ នៅពេលលោកសេបាស្ទីយ៉ាន់ និយាយជាមួយពួកគេ ដោយលើកទឹកចិត្តពួកគេ កំុឲខ្លាចសេចក្តីស្លាប់ក្នុងនាមព្រះគ្រិស្ត ព្រះភ័ក្ត្ររបស់លោកក៏បានភ្លឺចែងចាំង។ អ្នកទាំងអស់គ្នាបានឃើញព្រះភ័ក្ត្រដ៏ភ្លឺស្វាងរបស់លោក ដូចជាទេវទូតនៃព្រះ។ សេបាស្ទីយ៉ាន់ក៏បានបញ្ជាក់ពាក្យសំដីរបស់គាត់តាមរយៈ ឣព្ភូតហេតុផ្សេងៗដែរ៖ លោកបានព្យាបាល ហ្សូអេ (Zoe) ភរិយារបស់មេគុកឈ្មោះ នីកូស្ត្រាតុស (Nicostratus) ដែលជាមនុស្សគអស់រយៈពេលប្រាំមួយឆ្នាំមកហើយ។ លោកបាននាំនាង នីកូស្ត្រាតុស និងគ្រួសារទាំងមូលទៅធ្វើពិធីជ្រមុជទឹក។ លោកបានព្យាបាលកូនប្រុសពីរនាក់ដែលឈឺ របស់មេបញ្ជាការ ក្លូឌ្យុស (Claudius) ហើយនាំគាត់និងគ្រួសារទៅធ្វើពិធីជ្រមុជទឹក។ លោកបានព្យាបាល ត្រាង់គ្វីលលីណុស (Tranquillinus) ឪពុករបស់ ម៉ារគូស និង ម៉ាសែលលីណូស ពីជម្ងឺទ្រុតទ្រោម និងឈឺជើងដែលធ្វើបានឲ្យគាត់វេទនាអស់រយៈពេលដប់មួយឆ្នាំ ហើយបាននាំគាត់ទៅធ្វើពិធីជ្រមុជទឹកជាមួយគ្រួសារទាំងមូល។ លោកបានព្យាបាល ក្រូ ម៉ាទីយ៉ូស (Chromatius) ដែលជាមេដឹកនាំរ៉ូមាំងម្នាក់ពីជម្ងឺដដែល ហើយបាននាំគាត់និងកូនប្រុស ធីបួទីយ៉ូស (Tiburtius) ទៅធ្វើពិធីជ្រមុជទឹក។
អ្នកដំបូងគេដែលទទួលទារុណកម្មគឺ សន្តី ហ្សូអេ ដែលត្រូវបានគេចាប់ខ្លួននៅកន្លែងផ្នូររបស់គ្រីស្ទទូត ពេត្រុស (the Apostle Peter) ដែលនាងកំពុងឣធិស្ថានដល់ព្រះ។ ក្រោយពីធ្វើទារុណកម្មនាង ពួកគេបានបោះនាងទៅក្នុងទនេ្លទីបេរ។ ក្រោយមក ពួកគេបានចាប់ខ្លួន ធីបួទីយ៉ូស ហើយចៅក្រមបានដាក់ធ្យូងកំពុងឆេះនៅចំពោះមុខគាត់ ដោយប្រាប់គាត់ឲ្យជ្រើសរើសរវាងជីវិត និងសេចក្តីស្លាប់ គឺ គាត់ត្រូវចាក់គ្រឿងក្រអូបលើធ្យូងហើយថ្វាយវាដល់ព្រះក្លែងក្លាយ ឬក៏ត្រូវឈរជើងទទេលើធ្យូងកំពុងឆេះនេះ។ សន្ត ធីបួទីយ៉ូស បានធ្វើសញ្ញាឈើឆ្កាង ហើយឈរជាន់លើធ្យូងនេាះ ហើយនៅតែមិនរងរបួស។ បន្ទាប់ពីនេះ គាត់ត្រូវបានគេកាត់ក។ នីកូស្ត្រាតុស ត្រូវបានគេសម្លាប់ដោយឈើដោត រីឯ ត្រាង់គ្វីលលីណុស ត្រូវបានគេពន្លិចទឹក ហើយ ម៉ារគូស និង ម៉ាសែលលីណូស ត្រូវបានធ្វើទារុណកម្ម និងចាក់ដោយលំពែង។
បន្ទាប់មក សេបាស្ទីយ៉ាន់ត្រូវបានគេនាំមកមុខ ព្រះចៅអធិរាជ ឌីអូក្លេសុីយ៉ាន។ ព្រះចៅអធិរាជបានរិះគន់គាត់ចំពោះការក្បត់ ប៉ុន្តែសេបាស្ទីយ៉ាន់បានតបវិញថា៖ «ខ្ញុំបានបួងសួងសុំដល់ព្រះគ្រិស្តរបស់ខ្ញុំជានិច្ចចំពោះសុខភាពរបស់ព្រះអង្គ និងចំពោះសន្តិភាពនៃចក្រភពរ៉ូម។» ព្រះចៅអធិរាជបានបញ្ជាឲ្យដោះសំលៀកបំពាក់គាត់ ហើយចាប់គាត់យកទៅបាញ់ព្រួញលើគាត់។ ទាហានបានបាញ់ព្រួញទៅលើគាត់រហូតដល់មរណសាក្សីត្រូវបានគ្របដោយព្រួញយ៉ាងសន្ធឹកសន្ធាប់ រហូតរាងកាយរបស់គាត់មើលមិនឃើញដោយសារព្រួញទាំងនោះ។ នៅពេលអ្នកទាំងអស់គិតថាគាត់ស្លាប់ហើយ គាត់បាន បង្ហាញខ្លួន ឡើងវិញដោយមានជីវិត និងជាសះស្បើយទាំងស្រុង។ បន្ទាប់មក ពួកដែលគោរពព្រះក្លែងក្លាយបានសម្លាប់គាត់ដោយដំបង។ លោកបានទទួលមរណភាពដ៏ថ្កុំថ្កើងក្នុងនាមព្រះគ្រិស្ត ព្រះអម្ចាស់របស់គាត់ ហើយបានឡើងទៅគង់នៅក្នុងព្រះរាជ្យរបស់ព្រះគ្រិស្តក្នុងឆ្នាំ ២៨៧ នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះចៅអធិរាជ ឌីអូក្លេសុីយ៉ាន និងក្នុងពេលដែល ហ្គែអុស (Gaius) ជា ប៊ីស្សប នៃទីក្រុងរ៉ូម។
