សន្តបុគ្គលនៃ ថ្ងៃទី19 ខែធ្នូ

THE HOLY MARTYR BONIFACE


ការទទួលមរណភាពជាមរណសាក្សីដើម្បីព្រះគ្រិស្ត អាចប្រែក្លាយអ្នកមានបាប ឲក្លាយជាសន្តបុគ្គលបាន។ សន្ត បូនីហ្វេស គឺជាគំរូឧទាហរណ៍ដ៏ល្អមួយ សំរាប់បង្ហាញពីរឿង​នេះ។ ដំបូងឡើយ លោកធ្លាប់ជាខ្ញុំបម្រើរបស់ស្ត្រីម្នាក់ដែលសម្បូរទ្រព្យ និងអាក្រក់ឈ្មោះ អាហ្គ្លាយដា (Aglaida) នៅក្រុងរ៉ូម ហើយមានទំនាក់ទំនងសាហាយស្មន់ និងមិនស្របច្បាប់ជាមួយនាង។ ពួកគេទាំងពីរជាអ្នកគោរពព្រះក្លែងក្លាយ។

នៅពេលមួយ អាហ្គ្លាយដាចង់បានសពរបស់មរណសាក្សីម្នាក់ មកទុកនៅក្នុងផ្ទះរបស់នាង ដើម្បីធ្វើជាវត្ថុមន្តអាគមការពារពីអំពើអាក្រក់។ ហេតុនេះ នាងបានបញ្ជូនខ្ញុំបម្រើរបស់នាងទៅទ្វីបអាស៊ី ដើម្បីរក និងទិញអ្វីដែលនាងចង់បាន។ បូនីហ្វេសបាននាំខ្ញុំបម្រើពីរ បី នាក់ជាមួយលោក ព្រមទាំងប្រាក់ជាច្រើនដែរ។ មុននឹងចាកចេញពីអាហ្គ្លាយដា គាត់បាននិយាយទៅកាន់នាងថា៖ «ប្រសិនបើខ្ញុំរកមរណសាក្សីមិនឃើញ តែពួកគេនាំខ្លួនខ្ញុំដែលទទួលមរណភាពជាមរណសាក្សីដើម្បីព្រះគ្រិស្ត ត្រឡប់មកវិញ តើព្រះនាងនឹងទទួលយកវាដោយកិត្តិយសទេ ព្រះនាង?» នាង​អាហ្គ្លាយដា សើច ហើយហៅគាត់ថាជាអ្នកស្រវឹង និងជាអ្នកមានបាប បន្ទាប់មកពួកគេបានលាគ្នា។

ដល់ក្រុងតារស៊ូស (Tarsus) បូនីហ្វេសបានឃើញពួកគ្រិស្ទានជាច្រើនកំពុងទទួលទារុណកម្ម៖ អ្នកខ្លះត្រូវគេកាត់ជើង អ្នកខ្លះត្រូវគេកាត់ដៃ អ្នកខ្លះត្រូវបានគេខ្វះភ្នែក ហើយអ្នកខ្លះទៀតត្រូវបានគេព្យួរនៅជញ្ជាំងជាដើម។ បេះដូងរបស់បូនីហ្វេសត្រូវបានផ្លាស់ប្តូរ លោកបានសោកស្តាយចំពោះជីវិតបាបកម្មរបស់គាត់ ហើយយំសោក។ លោកបានស្រែកឡើងនៅក្នុងចំណោមពួកមរណសាក្សីគ្រិស្ទានថា៖ «ខ្ញុំក៏ជាគ្រិស្ទានដែរ!»

ចៅក្រមបានចាប់យកគាត់ទៅសួរចម្លើយ ហើយបញ្ជាឲ្យគេវាយគាត់យ៉ាងដំណំ បន្ទាប់មកបញ្ជាឲ្យចាក់ដែកដែលក្ដៅពុះទៅក្នុងមាត់របស់គាត់ ហើយ ដោយសារវាមិនបានបង្កគ្រោះថ្នាក់ដល់គាត់ទេនេាះ  ចៅក្រមក៏បញ្ជាឲ្យគេកាត់កគាត់។ ពួកខ្ញុំបម្រើបាននាំសពរបស់គាត់ និងយកទៅកាន់ក្រុងរ៉ូម។ ទេវទូតនៃព្រះបាន បង្ហាញខ្លួន ដល់អាហ្គ្លាយដា ហើយនិយាយថា៖ «សូមទទួលយកអ្នកដែលធ្លាប់ជាខ្ញុំបម្រើរបស់នាង ប៉ុន្តែឥឡូវនេះគឺជាបងប្អូន និងជាមិត្តរបស់យើងខ្ញុំ។ លោកគឺជាអ្នកថែរក្សាព្រលឹងវិញ្ញាណរបស់ព្រះនាង និងជាអ្នកការពារជីវិតរបស់ព្រះនាង។» អាហ្គ្លាយដាដែលភ្ញាក់ផ្អើលខ្លាំងបានចេញមកជួបពួកគេ ទទួលយកសពរបស់បូនីហ្វេស សង់ព្រះវិហារមួយសម្រាប់គាត់ ហើយដាក់សពរបស់មរណសាក្សីនៅក្នុងនោះ។ បន្ទាប់មក នាងបានកែប្រែពីបាប បរិច្ចាគទ្រព្យសម្បត្តិរបស់នាងដល់អ្នកក្រ និងដកខ្លួនចេញពីលោកិយ ហើយទៅរស់នៅក្នុងការកែប្រែពីបាបដ៏ឈឺចាប់បន្ថែមទៀតរយៈពេលដប់ប្រាំឆ្នាំ។ សន្ត បូនីហ្វេស បានទទួលមរណភាពក្នុងឆ្នាំ ២៩០ នៃគ្រិស្តសករាជ។