សត្ត មរណសាក្សីបូជាចារ្យ អ៊ីកណាទីយ៉ូស អ្នកកាន់ព្រះជាម្ចាស់
THE HIEROMARTYR IGNATIUS THE GOD-BEARER

សន្តបុគ្គលនេះត្រូវបានគេហៅថា «អ្នកកាន់ព្រះជាម្ចាស់» ពីព្រោះលោកបានប្រកាន់ខ្ជាប់នូវ ឈ្មោះរបស់ព្រះដ៏មានព្រះជន្មរស់នៅក្នុងចិត្ត និងលើបបូរមាត់របស់គាត់ជានិច្ច។ តាមរយៈប្រពៃណីព្រះសហគមន៍ លោកត្រូវបានគេដាក់ឈ្មោះដូច្នេះពីព្រោះលោកត្រូវបានព្រះយេស៊ូគ្រិស្តដែលជាព្រះជាម្ចាស់ចាប់កំណើត ឣោបគាត់នៅក្នុងដៃរបស់ព្រះអង្គ។ នៅថ្ងៃមួយពេលដែលព្រះអម្ចាស់កំពុងបង្រៀនគ្រិស្តទូត របស់ទ្រង់អំពីការបន្ទាបខ្លួន ទ្រង់បានយកក្មេងតូចម្នាក់ឱ្យមកអង្គុយនៅកណ្ដាលពួកគេ ហើយមានព្រះបន្ទូលថា៖ «ដូចេ្នះ អ្នកណាបន្ទាបខ្លួនដូចក្មេងតូចនេះ អ្នកនោះជាអ្នកធំជាងគេបំផុតនៅក្នុងនគរឋានសួគ៌» (ម៉ាថាយ ១៨:៤)។ ក្មេងតូចនោះគឺ អ៊ីកណាទីយ៉ូស។ ក្រោយមក អ៊ីកណាទីយ៉ូស បានក្លាយជាសិស្សរបស់សន្ត យ៉ូហាន ទេវវិទូរ រួមគ្នាជាមួយ ប៉ូលីខាប (Polycarp) ដែលក្រោយមកធ្វើជា ប៊ីស្សប នៃទីក្រុងស្មៀរ (Smyrna)។
កាលជា ប៊ីស្សប នៃអង់ទីយ៉ុក (Antioch) អ៊ីកណាទីយ៉ូស បានគ្រប់គ្រង ព្រះសហគមន៍ របស់ព្រះជាគ្រូគង្វាលដ៏ល្អ ហើយជាអ្នកដំបូងគេដែលបានណែនាំការច្រៀងឣធិស្ថានឆ្លើយឆ្លង (antiphonal chanting) នៅក្នុងព្រះសហគមន៍ ដែលក្រុមចម្រៀងពីរ ច្រៀងផ្លាស់ប្ដូរគ្នា។ របៀបច្រៀងនេះត្រូវបានណែនាំពី ទេវទូត នៅលើឋានសួគ៌មកដល់សន្ត អ៊ីកណាទីយ៉ូស។
នៅពេលដែលព្រះចៅអធិរាជត្រាយ៉ាន់ (Trajan) កំពុងឆ្លងកាត់ទីក្រុងអង់ទីយ៉ុកក្នុងដំណើរទៅប្រយុទ្ធជាមួយពួកពែរ្ស (Persians) ទ្រង់បានឮអំពីអ៊ីកណាទីយ៉ូស ហើយបានហៅគាត់មក ហើយ ទូន្មានគាត់ឲ បូជាដល់ព្រះក្លែងក្លាយ។ ប្រសិនបើអ៊ីកណាទីយ៉ូស ព្រមធ្វើដូច្នេះ ត្រាយ៉ាន់ នឹងផ្ដល់តំណែងជាព្រឹទ្ធសភា (senator) ឱ្យគាត់។ ដោយសារដំបូន្មាន និងការគំរាមកំហែងរបស់ព្រះចៅអធិរាជគ្មានប្រសិទ្ធភាព សន្ត អ៊ីកណាទីយ៉ូស ត្រូវបានចងដៃ ដោយខ្នេាះដែក ហើយបញ្ជូនទៅក្រុងរ៉ូមជាមួយពួកទាហានដប់នាក់ដែលគ្មានមេត្តា ដើម្បីឲ្យគេចាប់គាត់បោះទៅឱ្យសត្វព្រៃ។ អ៊ីកណាទីយ៉ូស បានសប្បាយរីករាយក្នុងការទទួលទារុណកម្មដើម្បីព្រះអម្ចាស់របស់គាត់ ដោយគ្រាន់តែបួងសួងសុំពីព្រះឱ្យសត្វព្រៃក្លាយជាផ្នូរសម្រាប់រាងកាយរបស់គាត់ ហើយមិនឱ្យនរណាម្នាក់រារាំងគាត់ពីសេចក្ដីស្លាប់នេះឡើយ។
បន្ទាប់ពីដំណើរឆ្លងកាត់ដ៏យូរអង្វែង និងការពិបាកនៃការធ្វើដំណើរពីទ្វីបអាស៊ីតាម តំបន់ត្រេស (Thrace) ម៉ាសេដូនី (Macedonia) និងអេពីរុស (Epirus) អ៊ីកណាទីយ៉ូស បានមកដល់ទីក្រុងរ៉ូម ដែលគេបានចាប់គាត់បោះទៅឱ្យសឹង្ហនៅក្នុងរោងសៀក (circus)។ សឹង្ហទាំងនោះបានហែកគាត់ជាដុំៗ ហើយស៊ីសាច់គាត់ នៅសល់តែឆ្អឹងធំៗរបស់គាត់មួយចំនួន និងបេះដូងរបស់គាត់ប៉ុណ្ណោះ។ ស្នេហាជនដ៏ថ្កុំថ្កើងនៃព្រះអម្ចាស់គ្រិស្តម្នាក់នេះ បានទទួលមរណភាពក្នុងឆ្នាំ ១០៦ នៃគ្រិស្តសករាជ នៅទីក្រុងរ៉ូម ក្នុងរាជ្យព្រះចៅអធិរាជត្រាយ៉ាន់ ដែលស្អប់ព្រះគ្រិស្ត។ អ៊ីកណាទីយ៉ូស បាន បង្ហាញខ្លួន ជាច្រើនដងពីលោកខាងមុខ និងបានបង្កើត ឣព្ភូតហេតុឣស្ចារ្យ រហូតដល់បច្ចុប្បន្ននេះ ជួយដល់អស់អ្នកដែលអធិស្ឋានសុំជំនួយពីលោក។
