សន្តបុគ្គលនៃ ថ្ងៃទី24 ខែធ្នូ

THE VENERABLE MARTYR EUGENIA AND OTHERS WITH HER


អេវហ្គេនីយ៉ា គឺជាកូនស្រីរបស់ភីលីព (Philip) ដែលជា អេប៉ាក (Eparch) នៃទឹកដីអេហ្ស៊ីបទាំងមូល ហើយនាងបានប្រសូតនៅក្រុងរ៉ូម។ នៅពេលនោះ ពួកគ្រិស្ទានត្រូវបានគេបណេ្ដញចេញពីទីក្រុងអាឡិចសង់ឌ្រី (Alexandria) ហើយបានទៅរស់នៅក្រៅទីក្រុង។ កុមារី អេវហ្គេនីយ៉ា បានទៅលេងពួកគ្រិស្ទាន និងទទួលយកជំនឿរបស់ពួកគេ យ៉ាងពេញក្នុងបេះដូង។ ដោយរត់គេចពីឪពុកម្ដាយជាមួយនឹងអ្នកបម្រើដ៏ស្មោះត្រង់ពីរនាក់របស់នាង នាងត្រូវបានធ្វើពិធីជ្រមុជទឹកដោយ សម្ដេចប៉ាទ្រីអាក្ខ អេលីយ៉ាស (Bishop Elias)។

ដោយពាក់សំលៀកបំពាក់បុរសដើម្បីលាក់ខ្លួន នាងបានចូលទៅក្នុង សង្ឃស្ថាន បុរសមួយ ដែលនៅទីនោះនាងបានទទួលឯកសណ្ធានជាសង្ឈនិងបានបំបួស។ នាងបានសម្អាតបេះដូងរបស់នាងតាមរយៈការកាន់ជិវិតជាឣ្នកបួសដោយស្ម័គ្រចិត្ដ ដោយបានទទួលពីព្រះនូវព្រះគុណដើម្បីព្យាបាលអ្នកមានជំងឺ។ ដូច្នេះ នាងបានព្យាបាលស្ដ្រីម្នាក់ដែលសម្បូរទ្រព្យឈ្មោះ មេឡាន់ទីយ៉ា (Melanthia)។ ក្រោយពីនេះ ទោះយ៉ាងណា មេឡាន់ទីយ៉ាចង់ទាក់ទាញអេវហ្គេនីយ៉ាឱ្យធ្លាក់ក្នុងបាបកម្មផ្លូវកាយ ដោយមិនសង្ស័យថាអេវហ្គេនីយ៉ាជាស្ដ្រីទេ។ ដោយសារត្រូវបានអេវហ្គេនីយ៉ាបដិសេធយ៉ាងរឹងមាំ នាងក៏ចង់សងសឹក ហើយស្ដ្រីអាក្រក់នេះបានទៅរកអេប៉ាក ហើយបានចោទប្រកាន់អេវហ្គេនីយ៉ាដូចគ្នានឹងភរិយារបស់ ប៉ូទី‌ផារ (Potiphar) ដែលធ្លាប់បានចោទប្រកាន់លើ យ៉ូសែបដ៏ស្អាតស្អំកន្លងមកដែរ។

អេប៉ាកបានបញ្ជាឱ្យចងព្រះសង្ឃទាំងអស់ ហើយបោះចូលគុកជាមួយអេវហ្គេនីយ៉ា។ ប៉ុន្ដែនៅពេលសន្តី អេវហ្គេនីយ៉ា ត្រូវបាននាំមកចំពោះមុខតុលាការ នាងបានបង្ហាញអត្តសញ្ញាណរបស់នាងទៅកាន់ឪពុកថាជាកូនស្រីរបស់គាត់។ ភីលីពដែលមានចិត្ដសោមនស្សយ៉ាងខ្លាំង ក៏ត្រូវបានធ្វើពិធីជ្រមុជទឹកជាមួយគ្រួសារទាំងមូល ហើយគាត់ត្រូវបានជ្រើសរើសជា សម្ដេចប៉ាទ្រីអាក្ខ នៃទីក្រុងអាឡិចសង់ឌ្រី។

ដោយឮពីរឿងនេះ ព្រះចៅអធិរាជរ៉ូមបានបញ្ជូនមេបញ្ជាការអាក្រក់ម្នាក់ឈ្មោះ តេរេនទីយ៉ូស (Terentius) ដែលបានមកដល់ទីក្រុងអាឡិចសង់ឌ្រី ហើយបានសម្លាប់ភីលីពដោយសម្ងាត់។ សន្តី អេវហ្គេនីយ៉ា បានផ្លាស់ទៅរស់នៅក្រុងរ៉ូមជាមួយម្ដាយ និងបងប្អូនប្រុសរបស់នាង។ នៅក្រុងរ៉ូម នាងបាននាំអ្នកគោរពព្រះក្លែងក្លាយឱ្យមកកាន់ជំនឿពិតដោយមិនខ្លាចអ្វីឡើយ ជាពិសេសស្ត្រីៗទាំងឡាយ ដោយដូច្នេះនាងបានដឹកនាំស្ត្រីដ៏ស្អាតម្នាក់ឈ្មោះ បាស៊ីលឡា (Basilla) ឱ្យមកកាន់ជំនឿ។ មិនយូរប៉ុន្មានក្រោយមក បាស៊ីលឡាត្រូវបានគេកាត់កដើម្បីព្រះគ្រិស្ត ដូចដែលអេវហ្គេនីយ៉ាបានប្រាប់នាងទុកជាមុន។ បន្ទាប់មក អ្នកសេនាទាំងពីរនាក់ គឺប្រ៉ូតុស (Protus) និង អុីយ៉ាគិន (Hyacinth) ក៏ត្រូវបានគេកាត់កដែរ។

ទីបំផុត វេនជាមរណសាក្សីបានមកដល់សន្តី អេវហ្គេនីយ៉ា ដែលវត្តមានរបស់នាងបានធ្វើឱ្យ ព្រះវិហារ របស់ឣទិទេពឌីយ៉ាណា (Temple of Diana) រលំបាក់បែក។ ពួកដែលធ្វើទារុណកម្មបានបោះនាងទៅក្នុងទឹកមុន បន្ទាប់មកទៅក្នុងភ្លើង ប៉ុន្ដែព្រះបានសង្គ្រោះនាងរហូត។ ព្រះអម្ចាស់យេស៊ូផ្ទាល់បាន បង្ហាញខ្លួន ដល់នាងនៅក្នុងគុក ហើយប្រាប់នាងថានាងនឹងទទួលទារុណកម្មនៅថ្ងៃបុណ្យប្រសូត្រ (Nativity) របស់ទ្រង់។ ហើយវាក៏បានកើតឡើងមែន។ នាងត្រូវបានគេកាត់កដោយដាវនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២៦២ នៃគ្រិស្តសករាជ នៅក្រុងរ៉ូម។ ក្រោយពីសេចក្ដីស្លាប់របស់នាង សន្តី អេវហ្គេនីយ៉ា បាន បង្ហាញខ្លួន ជាមួយនឹងពន្លឺដ៏ថ្កុំថ្កើងដល់ម្ដាយរបស់នាង ហើយបានលួងលោមចិត្ដនាង។