សន្តបុគ្គលនៃ ថ្ងៃទី21 ខែធ្នូ

THE HOLY MARTYR JULIANA​ AND THE 630 MARTYRS WITH HER


សន្តីព្រហ្មចារី និងជាមរណសាក្សីដ៏ថ្កុំថ្កើងនេះ ប្រសូតនៅក្រុងនីកូមេឌីយ៉ា (Nicomedia) ពីឪពុកម្ដាយដែលគោរពព្រះក្លែងក្លាយ។ ដោយបានស្ដាប់ពីដំណឹងល្អដែលត្រូវបានប្រកាស នាងបានងាកទៅរកព្រះគ្រិស្តដោយបេះដូងទាំងមូល ហើយបានចាប់ផ្ដើមរស់នៅតាមការប្រតិបត្ដិព្រះបន្ទូលរបស់ព្រះអម្ចាស់ដោយពិតប្រាកដ។

អេលេវសុីយ៉ូស (Eleusius) ដែលជារដ្ធសភាម្នាក់ (senator) គឺជាបុរសដែលបានភ្ជាប់ពាក្យជាមួយនាង។ ដើម្បីបដិសេធគាត់ យូលីយ៉ាណាបានប្រាប់គាត់ថា នាងនឹងរៀបការជាមួយគាត់តែក្នុងករណីដែលគាត់ក្លាយជា អេប៉ាក (Eparch) នៃទីក្រុងនោះប៉ុណ្ណោះ។ នាងបានផ្ដល់យោបល់នេះដោយគិតថាបុរសក្មេងនេះមិនអាចទៅដល់តំណែងខ្ពស់បែបនេះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ អេលេវសុីយ៉ូសបានខំព្យាយាម ហើយតាមរយៈការលួងលោម និងការឣោយសំណូក គេក៏ទទួលបានតំណែងជាអេប៉ាក នៃនីកូមេឌីយ៉ា។

យូលីយ៉ាណាក៏បានបង្ហាញពីការពិតទៅកាន់គាត់ថា នាងជាគ្រិស្ទាន ហើយមិនអាចចូលក្នុងអាពាហ៍ពិពាហ៍ជាមួយគាត់បាន លុះត្រាតែគាត់ទទួលយកជំនឿរបស់នាង ដោយមានបន្ទូលថា៖ «តើវានឹងផ្ដល់ផលប្រយោជន៍អ្វីដល់ពួកយើង បើយើងបានបង្រួបបង្រួមតែផ្លូវកាយ តែវិញ្ញាណវិញបែកខ្ញែកពីគ្នា?»

ដោយមានចិត្ដជូរចត់ចំពោះរឿងនេះ អេលេវសុីយ៉ូសបានបរិហារកេរ្ដិ៍នាងទៅកាន់ឪពុករបស់នាង។ ឪពុកដែលកំហឹងខ្លាំងបានស្ដីបន្ទោស វាយដំ បន្ទាប់មកបានប្រគល់នាងទៅឱ្យអេប៉ាកធ្វើទារុណកម្ម។ អេប៉ាកបានបញ្ជាឱ្យគេវាយនាងយ៉ាងដំណំ បន្ទាប់មកនាងត្រូវបានគេចាប់ដាក់គុក ដោយមានរបួសពេញខ្លួន និងហូរឈាម។ ទោះយ៉ាងណា ព្រះអម្ចាស់បានប្រោសព្យាបាលនាងនៅក្នុងគុក ហើយនាងបានបង្ហាញខ្លួន នៅចំពោះមុខអេប៉ាកដោយជាសះស្បើយទាំងស្រុង។

បន្ទាប់មកគេបានបោះនាងទៅក្នុងឡដែកកំពុងឆេះ ប៉ុន្ដែអណ្ដាតភ្លើងមិនអាចឆាបឆេះនាងបានឡើយ។ ដោយការឃើញ ឣព្ភូតហេតុ នេះ មនុស្សជាច្រើនបានជឿលើព្រះគ្រិស្ត។ បុរសចំនួន ៥០០ នាក់ និងស្ដ្រីចំនួន ១៣០ នាក់បានប្ដូរជំនឿ។ អេប៉ាកបានកាត់ទោសពួកគេទាំងអស់ឱ្យទទួលទណ្ឌកម្មស្លាប់ ហើយបញ្ជាឱ្យកាត់ក ពួកគេទាំងអស់។ ដូច្នេះ ព្រលឹងវិញ្ញាណរបស់ពួកគេបានចូលទៅក្នុងឋានសួគ៌។

បន្ទាប់មក ចៅក្រមដ៏អាក្រក់បានកាត់ទោសសន្តី យូលីយ៉ាណា ឱ្យទទួលការកាត់ក។  យូលីយ៉ាណាបានចេញទៅកាន់ទីកន្លែងប្រហារជីវិតដោយមានឣំណរក្នុងវិញ្ញាណ ហើយឣធិស្ថានដល់ព្រះដោយលុតជង្គុង ហើយដាក់ក្បាលរបស់នាងលើទីកាត់ក្បាល។ ក្បាលរបស់នាងត្រូវបានកាត់ផ្ដាច់ ហើយព្រលឹងវិញ្ញាណរបស់នាងបានទៅកាន់ព្រះរាជ្យនៃពន្លឺអមតៈរបស់ព្រះគ្រិស្ត ក្នុងឆ្នាំ ៣០៤ នៃគ្រិស្តសករាជ។

ទណ្ឌកម្មពីព្រះបានធ្លាក់មកលើអេលេវសុីយ៉ូសយ៉ាងឆាប់រហ័ស៖ ខណៈដែលគាត់កំពុងធ្វើដំណើរតាមសមុទ្រ សំពៅរបស់គាត់បានបាក់បែក ហើយគាត់ធ្លាក់ទៅក្នុងទឹក។ គាត់មិនបានស្លាប់នៅក្នុងទឹកទេ ប៉ុន្ដែហែលទឹកទៅដល់កោះមួយ ដែលនៅទីនោះហ្វូងសត្វឆ្កែបានហែកគាត់ជាដុំៗ ហើយស៊ីគាត់។