សន្តបុគ្គលនៃ ថ្ងៃទី22 ខែធ្នូ

THE HOLY GREAT-MARTYR ANASTASIA THE DELIVERER FROM BONDS, AND OTHERS WITH HER


វីរនារី ដ៏ថ្កុំថ្កើងនៃជំនឿគ្រិស្តសាសនានេះ បានប្រសូតនៅក្រុងរ៉ូម ក្នុងគ្រួសារ សមាជិកព្រឹទ្ធសភាម្នាក់ ដែលសម្បូរទ្រព្យ ជាកូនស្រីរបស់ឪពុកដែលគោរពព្រះក្លែងក្លាយ និងម្ដាយដែលជាគ្រិស្ទាន។ ចាប់តាំងពីវ័យកុមារីមក នាងបានប្រកាន់ខ្ជាប់នូវសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់យេស៊ូ ដោយត្រូវបានដឹកនាំក្នុងការបង្រៀនរបស់ព្រះគ្រិស្តដោយគ្រូដ៏ស្មេាះស្មាក់នឹងជំនឿម្នាក់ឈ្មោះ គ្រីសូហ្គោណូស (Chrysogonus)។

អាណាស្តាស៊ីត្រូវបានឪពុករបស់នាងបង្ខំឱ្យរៀបការជាមួយអ្នកកាន់កាប់ដីធ្លីដែលគោរពព្រះក្លែងក្លាយម្នាក់ឈ្មោះ ពូបលីយ៉ូស (Publius)។ ដោយមានលេះថាមានជម្ងឺស្រីម្យ៉ាង នាងមិនបានព្រមចូលទៅក្នុងទំនាក់ទំនងផ្លូវកាយជាមួយគាត់ឡើយ។ ដោយសារហេតុនេះ ស្វាមីរបស់នាងបានធ្វើទារុណកម្មដល់នាងយ៉ាងឃោរឃៅ ដោយការឃុំឃាំង និងបង្អត់អាហារ។ គាត់បានធ្វើទារុណកម្មដល់នាងកាន់តែខ្លាំងទៀត នៅពេលដែលគាត់ដឹងពីការ ទៅមើលមរណសាក្សីគ្រិស្ទាន ដែលនៅក្នុងគុក ដោយសម្ងាត់របស់នាង៖ ដែល​នាងបាននាំយកសំភារៈប្រើប្រាស់ឱ្យពួកគេ ថែរក្សាពួកគេ សំអាតរបួសរបស់ពួកគេ និងដោះចំណងរបស់ពួកគេ។

ប៉ុន្តែដោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នាងត្រូវបានរំដោះពីស្វាមីដ៏អាក្រក់នោះ។ ពូបលីយ៉ូសត្រូវបានព្រះចៅអធិរាជបញ្ជូនទៅប្រទេសពែរ្សហើយខណៈកំពុងធ្វើដំណើរតាមសមុទ្រ គាត់បានលិចលង់ស្លាប់។ សន្តី អាណាស្តាស៊ី ក៏បានចាប់ផ្ដើមថែរក្សាពួកមរណសាក្សីគ្រិស្ទានដែលកំពុងទទួលទារុណកម្ម និងលួងលោមចិត្ដដល់អ្នកក្រីក្រ ដោយផ្ដល់ទានពីកេរមរតកដ៏ធំធេងរបស់នាង។

នៅពេលមួយ ព្រះចៅអធិរាជឌីអូក្លេសុីយ៉ាន ស្ថិតនៅក្នុងទីក្រុងអាគីលេ (Aquileia) ហើយបានបញ្ជាឱ្យនាំយក គ្រីសូហ្គោណូស ដែលជា សាក្សីនៃជំនឿរបស់ព្រះគ្រិស្ត មកគាល់ព្រះអង្គ។ សន្តី អាណាស្តាស៊ី បានធ្វើដំណើរជាមួយគាត់។ សន្ត គ្រីសូហ្គោណូស ត្រូវបានគេកាត់កតាមបទបញ្ជារបស់ព្រះចៅអធិរាជ ហើយបន្ទាប់មកបងប្អូនស្រីបីនាក់ទៀតក៏បានទទួលទារុណកម្មដែរ (ថ្ងៃទី១៦ ខែមេសា) គឺ អាហ្គាពេ (Agape), គីឣូនីយ៉ា (Chionia) និង អ៊ីរេនេ (Irene)៖ ពីរនាក់ដំបូងត្រូវបានគេបោះទៅក្នុងភ្លើង ហើយនាក់ទីបីត្រូវបានគេបាញ់ព្រួញដាក់។ សន្តី អាណាស្តាស៊ី បានយកសពរបស់ពួកនាង ហើយរុំពួកនាងដោយក្រណាត់ស លាបពួកនាងដោយគ្រឿងក្រអូបជាច្រើន ហើយបញ្ចុះពួកនាងដោយកិត្តិយស។

បន្ទាប់ពីនេះ អាណាស្តាស៊ីបានធ្វើដំណើរទៅកាន់ម៉ាសេដូនី (Macedonia) ដែលនៅទីនោះនាងបានជួយអ្នកដែលកំពុងទទួលទារុណកម្មដើម្បីព្រះគ្រិស្ត។ នៅទីនោះ នាងបានក្លាយជាអ្នកដែលគេស្គាល់ថាជាគ្រិស្ទាន ដែលធ្វើឱ្យនាងត្រូវបានចាប់ខ្លួន និងនាំមកចំពោះមុខចៅក្រមផ្សេងៗគ្នាសម្រាប់ការសួរចម្លើយ និងទារុណកម្ម។ ដោយមានបំណងចង់ស្លាប់ជាមរណសាក្សីដើម្បីព្រះគ្រិស្តជាទីស្រឡាញ់របស់នាង អាណាស្តាស៊ីតែងតែនឹកគិតដល់ទ្រង់ ជានិច្ចក្នុងបេះដូងរបស់នាង។

មេដឹកនាំពួកដែលគោរពព្រះក្លែងក្លាយម្នាក់ឈ្មោះ អ៊ូលពីយ៉ានូស (Ulpianus) បានព្យាយាមប៉ះពាល់រាងកាយរបស់សន្តី អាណាស្តាស៊ី ដោយចិត្ដកាមតណ្ហា ប៉ុន្តែគេបានងងឹតភ្នែកភ្លាមៗ ហើយបានផុតដង្ហើម។ ដោយត្រូវបានកាត់ទោសឱ្យស្លាប់ដោយការបង្អត់អាហារ សន្តី អាណាស្តាស៊ី បានរស់នៅក្នុងគុករយៈពេលសាមសិបថ្ងៃដោយគ្មានអាហារ ដោយចិញ្ចឹមខ្លួនដោយទឹកភ្នែក និងការអធិស្ឋានប៉ុណ្ណោះ។

បន្ទាប់មក នាងត្រូវបានគេដាក់ក្នុងទូកជាមួយគ្រិស្ទានផ្សេងៗទៀតដើម្បីពន្លិចទឹក ប៉ុន្តែព្រះជាម្ចាស់បានរំដោះនាងឱ្យរួចពីសេចក្ដីស្លាប់នេះផងដែរ។ ចុងក្រោយ នាងត្រូវបានគេចងជើងនិងដៃទៅនឹងកង់ដែកដែលលើកឡើងពីលើភ្លើង ហើយនាងបានប្រគល់ព្រលឹងវិញ្ញាណដ៏វិសុទ្ធរបស់នាងទៅដល់ ព្រះជាម្ចាស់។ នាងបានទទួលមរណភាព ហើយបានយកទីជំរកនៅក្នុងព្រះអណាចក្រ របស់ព្រះគ្រិស្តក្នុងឆ្នាំ ៣០៤ នៃគ្រិស្តសករាជ។