បុណ្យប្រសូត្រ នៃព្រះអម្ចាស់ ព្រះជាម្ចាស់ និងព្រះអង្គសង្គ្រោះ យេស៊ូគ្រិស្ត
(THE NATIVITY OF OUR LORD, GOD AND SAVIOR JESUS CHRIST)

ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គ ឲ្យមក (កាឡាទី ៤:៤) ដើម្បីសង្គ្រោះមនុស្សជាតិ។ ហើយនៅពេលដែលកន្លងផុតទៅប្រាំបួនខែគត់ បន្ទាប់ពី ពិធីប្រកាសដំណឹងល្អ (the Annunciation) ដែលជាពេលដែល អគ្គទេវទូត កាព្រីយ៉ែល (Archangel Gabriel) បាន បង្ហាញខ្លួន ដល់ស្រ្តីព្រហ្មចារី ដ៏វិសុទ្ធបំផុត នៅក្រុងណាសារ៉ែត ដោយមានបន្ទូលថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង» (លូកា ១:២៨, ៣១)។ នៅពេលនោះដែរ បទបញ្ជាពីឣធិរាជ អូហ្គុស្តូស (Caesar Augustus) បានចេញមក ដែលរាល់ប្រជាជននៃចក្រភពរ៉ូមត្រូវតែបង់ពន្ធ។ ស្របតាមបទបញ្ជានេះ មនុស្សគ្រប់គ្នាត្រូវតែទៅកាន់ទីក្រុងរបស់ខ្លួន ដើម្បីចុះឈ្មោះ។ ហេតុនេះហើយបានជា យ៉ូសែបដ៏សុចរិត បាននាំស្ត្រីព្រហ្មចារីដ៏វិសុទ្ធបំផុតមកកាន់ក្រុងបេថ្លេហិម (Bethlehem) ជាទីក្រុងរបស់ព្រះបាទដាវីឌ ព្រោះពួកគេទាំងពីរជាប់ខ្សែស្រឡាយរាជវង្សពីព្រះបាទដាវីឌទាំងអស់។
ដោយសារមានមនុស្សជាច្រើនបានមកពាសពេញក្នុងទីក្រុងតូចនេះ ដើម្បីធ្វើការចុះឈ្មេាះ យ៉ូសែប និងម៉ារី មិនអាចរកទីសំរាក់នៅក្នុងផ្ទះសំណាក់ណាមួយបានឡើយ ហើយពួកគេបានស្វែងរកកន្លែងជ្រកកោនក្នុងរូងល្អាងមួយ ដែលពួកឣ្នកគង្វាលចៀមប្រើធ្វើជាជំរកសត្វ។ នៅក្នុងរូងល្អាងនេះហើយ — នៅនារាត្រីរវាងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺថ្ងៃទី២៥ ខែធ្នូ — ព្រហ្មចារីដ៏វិសុទ្ធបំផុតបានសម្រាលព្រះអង្គសង្គ្រោះលោក គឺព្រះអម្ចាស់យេស៊ូគ្រិស្ត។ នាងបានសម្រាលទ្រង់ដោយមិនមានការឈឺចាប់ និងដោយមិនមានបាប ដោយទ្រង់ត្រូវបានបំពេញកំណើតដោយព្រះវិញ្ញាណដ៏វិសុទ្ធ មិនមែនដោយមនុស្សឡើយ ហើយនាងបានរុំទ្រង់ដោយក្រណាត់ស្រាល ថ្វាយបង្គំទ្រង់ជាព្រះ ហើយដាក់ទ្រង់នៅក្នុងធុងចំណីសត្វមួយ។ បន្ទាប់មក យ៉ូសែបដ៏សុចរិតបានចូលមកជិត ហើយថ្វាយបង្គំទ្រង់ជាផលផ្លែដ៏ទេវភាពចេញពីផ្ទៃរបស់ស្ត្រីព្រហ្មចារី។ ក្រោយមក ពួកឣ្នកគង្វាលសត្វចៀមបានមកពីទីវាល ដែលត្រូវបានដឹកនាំដោយទេវទូតនៃព្រះ ហើយថ្វាយបង្គំទ្រង់ជាព្រះមេស្ស៊ី និងព្រះអង្គសង្គ្រោះ។ ពួកឣ្នកគង្វាលចៀមបានឮសំឡេងទេវទូតរបស់ព្រះជាច្រើនច្រៀងថា៖ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្តនៅលើផែនដី!» (លូកា ២:១៤)។
នៅពេលនោះដែរ មានឣ្នកប្រាជ្ញបីនាក់បានមកពីទិសខាងកើត ដែលត្រូវបានដឹកនាំដោយផ្កាយអស្ចារ្យមួយ ហើយបាននាំមកនូវដង្វាយរបស់ពួកគេដូចជា៖ មាស គ្រឿងក្រអូប និងជ័រក្រអូប។ ពួកគេបានថ្វាយបង្គំទ្រង់ជាស្តេចនៃស្តេចទាំងឡាយ ហើយបាននាំដង្វាយរបស់ពួកគេមកថ្វាយទ្រង់ (ម៉ាថាយ ២)។
ដូច្នេះហើយ ទ្រង់ដែលការយាងមកត្រូវបានព្យាករណ៍ដោយពួកព្យាការីទាំងឡាយនេាះ បានយាងចូលមកក្នុងលោកិយនេះ។ ទ្រង់បានប្រសូត្រឡើងតាមរបៀបដូចដែលត្រូវបានព្យាករណ៍ទុកមកគឺ៖ ពីព្រហ្មចារីដ៏វិសុទ្ធបំផុត នៅក្រុងបេថ្លេហិម ពីខ្សែស្រឡាយរបស់ដាវីឌតាមផ្លូវសាច់ឈាម នៅក្នុងសម័យដែលគ្មានស្តេចពីខ្សែស្រឡាយយូដា គ្រងរាជ្យនៅក្រុងយេរូសាឡឹម ដែលផ្ទុយទៅវិញបែរជាមាន ស្តេចហេរ៉ូដ ដែលជាជនបរទេស កំពុងសោយរាជ្យ។
បន្ទាប់ពីគំរូ និងព្រះរាជហេតុនានា អ្នកនាំសារ និងអ្នកប្រកាស ព្យាការី និងមនុស្សសុចរិត អ្នកប្រាជ្ញ និងស្តេចទាំងឡាយ ទីបំផុត ទ្រង់ដែលជាព្រះអម្ចាស់នៃលោកិយ និងស្តេចនៃស្តេចទាំងឡាយ បាន បង្ហាញខ្លួន ដើម្បីបំពេញកិច្ចការសង្គ្រោះមនុស្សជាតិ ដែលពុំអាចធ្វើឡើងដោយខ្ញុំបម្រើរបស់ទ្រង់បានឡើយ។ សូមឱ្យទ្រង់បានទទួលនូវសិរីរុងរឿង និងការសរសើរជាអមតៈ! អាម៉ែន។
